Ad Code

ជនអន្តោប្រវេសន៍​អ៊ីរ៉ាក់ ​ត្រូវ​ឃុំខ្លួន​នៅ​ប្រទេស​បារាំង​ពីបទ​សង្ស័យ “​ឧក្រិដ្ឋកម្ម​សង្គ្រាម​” របស់​ក្រុម IS



ជនភៀសខ្លួន​អ៊ីរ៉ាក់​ម្នា​ក់​នៅ​ប្រទេស​បារាំង​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អតីត​សមាជិក​ជាន់ខ្ពស់​នៃ​ក្រុម​រដ្ឋ​ឥស្លាម​ គឺ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ទីក្រុង​ប៉ារីស​ និង​ត្រូវបាន​ចោទប្រកាន់​ពី​បទ​សង្ស័យ “​ឧក្រិដ្ឋកម្ម​សង្គ្រាម​” អំពី​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រទេស​របស់​គាត់។

បុរស​វ័យ​៣៣​ឆ្នាំ ​ដែល​គេ​ហៅថា Ahmed H គឺ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់ថា ​បាន​ចូលរួម​ក្នុង​ការ​ចាប់ខ្លួន​និង​សម្លាប់​យុវជន​ប្រមាណ​១,៧០០​នាក់​ ដែល​ភាគច្រើន​ជា​កងទ័ព​និកាយ​ស៊ី​អ៊ី​ត​ ដែល​ត្រូវ​បាន​កេណ្ឌ​ពី​មូលដ្ឋាន​យោធា Speicher ទៅកាន់​ភាគ​ខាងជើង​ទីក្រុង Tikrit កាលពី​ឆ្នាំ​២០១៤។

រដ្ឋអាជ្ញា​ក្រុងប៉ារីស​បាន​និយាយ​ថា លោក Ahmed H ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែ​មីនា​ ហើយ​ត្រូវ​បាន​ចោទប្រកាន់​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​មក​លើ​បទចោទប្រកាន់​ជាច្រើន​រួម​ទាំង “​ការ​សម្លាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវករ​” និង “​បទឧក្រិដ្ឋ​សង្គ្រាម​” ផងដែរ​ហើយ​ត្រូវបាន​ឃុំខ្លួន​មុន​ការជំនុំជម្រះ​។​

ករណីនេះ​បាន​គូសបញ្ជាក់​អំពី​ការភ័យខ្លាច​របស់​ទីភ្នាក់ងារ​ចារកម្ម​លោកខាងលិច​ដែលថា ពួក​ជី​ហាដ​អាច​ទាញយក​ផលប្រយោជន៍​ពី​វិបត្តិ​អន្តោប្រវេសន៍​ដើម្បី​ចូលខ្លួន​ទៅកាន់​ទ្វីបអឺរ៉ុប​។​

ប្រភព​មួយ​ដែល​ជិតស្និទ្ធ​នឹង​ការស៊ើបអង្កេត​បាន​ប្រាប់ AFP កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក Ahmed H បាន​ទៅដល់​ប្រទេស​បារាំង​នៅ​រដូវក្តៅ​ឆ្នាំ​២០១៦​ហើយ​បានទទួល​ឋានៈ​ជា​ជនភៀសខ្លួន​នៅ​មួយឆ្នាំ​ក្រោយ​និង​ត្រូវបាន​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​រយៈពេល​១០​ឆ្នាំ​។​

មិនយូរប៉ុន្មាន​បន្ទាប់​ពី​ទទួលបាន​ឋានៈ​ជា​ជនភៀសខ្លួន លោក Ahmed H ត្រូវ​បានកំណត់​អត្តសញ្ញាណ​និង​តាមដាន​ដោយ​សេវា​ស៊ើបការណ៍​សម្ងាត់​ដែល​បន្ទាប់មក​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​តុលាការ​។​

អាជ្ញាធរ​បារាំង​បាន​ដកហូត​ឋានៈ​ការពារ​ខ្លួន​របស់គាត់​ចាប់តាំងពី​ការជាប់​ឃុំឃាំង​របស់គាត់​។​
​មេធាវី​របស់គាត់​ឈ្មោះ Mohamed El Monsaf Hamdi មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​ទេ​នៅពេល​ទាក់ទង​ដោយ AFP ។​

គួរ​បញ្ជាក់ថា ការសម្លាប់​រង្គាល Camp Speicher ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​បំផុត​មួយ​របស់​ក្រុម IS បន្ទាប់ពី​វា​បាន​ដណ្តើមយក​ផ្នែក​ធំៗ​នៃ​ប្រទេស​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ​២០១៤​។​
​កន្លែង​មួយ​ក្នុងចំណោម​កន្លែង​សម្លាប់​រង្គាល​គឺជា​អតីត​អគារ​របស់​ប៉ូលិស​នៅក្នុង​បរិវេណ​វិមាន​របស់​អតីត​ប្រធានាធិបតី​សា​ដាម​ហ៊ូ​សេន​ក្នុង​ទីក្រុង Tikrit៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu