Ad Code

លោក​ ហ៊ុន ម៉ា​ណែ​ត ​៖ ​កន្លងមក ​ដោយសារតែ​ការ​លូកដៃ​របស់​បរទេស ​បាន​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ទៅ​ក្នុង​ភ្នក់ភ្លើងសង្គ្រាម



ពោធិ៍សាត់ ​៖ ​លោក ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបន្ទុក​ការងារ​យុវជន ថ្លែង​បែបនេះ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន និង​បញ្ចូល​សមាជិក​សមាជិកា​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨។

លោក ហ៊ុន ម៉ា​ណែ​ត លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៥១ ដោយ​អ្នកស្នេហាជាតិ​រួមគ្នា ដើម្បី​កសាង​ប្រទេស​យើង រំដោះ​ប្រទេស​ជាតិ​យើង​ពី​សង្គ្រាម​ចក្រពត្តិ ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត រំដោះ​ការ​កាប់សម្លាប់​គ្នា ដោយសារ​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​យើង​បាន​រំដោះ​ប្រជាពលរដ្ឋ​យើង​តាំងពី​បាត​ដៃទទេ​រហូតមកដល់​មានការ​រីកចម្រើន​បាន​ប៉ុណ្ណោះ។ លោក​បន្ត​ថា បក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​តែមួយគត់ ដែល​ដឹកនាំ​ប្រទេស​យូរ​ជាងគេ មាន​បទពិសោធន៍​ច្រើន​ជាង​គេ និង​ជា​គណបក្ស​ ដែល​ធំ​ជាង​គេ។ ដូច្នេះ​ការចូលរួម​របស់​យុវជន​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​ជា​ការ​ចៃដន្យ​ទេ គឺ​ឆ្លងកាត់​ការវាយតម្លៃ​របស់​គណៈ​កម្ម​ការ​បក្ស​ព្រោះ​សកម្មជន​យុវជន គឺជា​តំណាង​របស់​បក្ស ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ មាន​សីលធម៌ គុណធម៌ មានការ​ទទួលខុសត្រូវ​ចំពោះ​ភារកិច្ច​ ដែល​បក្ស​ប្រគល់​ឲ្យ ដើម្បី​បម្រើ​បក្ស​និង​បម្រើប្រជាជន​។​

តាម​លោក ហ៊ុន ម៉ា​ណែ​ត “​ប្រទេស​កម្ពុជា​ប្រកាន់​របប​លទ្ធិ​ប្រជាធិបតេយ្យសេរី​ពហុបក្ស ដែល​ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​កាន់អំណាច ប៉ុន្តែ​មិនមែន​មានតែ​គណបក្ស​មួយ​ទេ ហើយ​ប្រជាជន​មាន​សិទ្ធិសេរីភាព នៅក្នុង​ការជ្រើសរើស​ជាមួយ​គណបក្ស​នយោបាយ​ណា​ដែល​ខ្លួន​ពេញចិត្ត​។ ជាក់ស្ដែង​ការចូលរួម​របស់​យុវជន​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គ្មាន​ការបង្ខិតបង្ខំ​ណាមួយ​ឡើយ​។ យើង​ស្រលាញ់​បក្ស យើង​ជួយ​បក្ស នៅពេលដែល​បក្ស​ឈ្នះ គឺ​បក្ស​ជួយ​ប្រជាជន​យើង ជួយ​ដល់​គ្រួសារ​យើង ជួយផ្ដល់​ឱកាស​គ្រប់បែបយ៉ាង​ដល់​យុវជន​បន្តទៀត​។ នេះ​គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​បងប្អូន​យុវជន​។ នេះ​គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ និង​ជា​កិត្តិយស​របស់​បងប្អូន​យុវជន ហើយ​ខ្ញុំ​សូម​អរគុណ​ចំពោះ​ការសម្រេចចិត្ត​នេះ​”​។​

ជាមួយគ្នា​នោះ លោក ហ៊ុន ម៉ា​ណែ​ត បាន​ស្នើ​ឲ្យ​យុវជន​យល់​អំពី​តម្លៃ និង​អ្វី​ ដែល​ជា​មោទនភាព​របស់​យើង ជា​កិត្តិយស​របស់​យើង​ជា​យុវជន​គណបក្ស ជា​អ្នក​បន្តវេន​ពី​ជំនាន់​ឪពុកម្ដាយ​យើង ហើយ​យើង​បន្ត​កសាង​អោយ​កាន់តែ​ល្អ ដើម្បី​ផ្ទេរ​ទៅ​អោយ​ជំនាន់​កូន​យើង ជំនាន់​ចៅ​យើង​ជា​បន្តបន្ទាប់​ទៀត​។ សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ក្រុមការងារ​គណបក្ស​ខេត្តពោធិ៍សាត់ ដែល​បាន​យកចិត្តទុកដាក់​នៅក្នុង​ការ​កសាង​ធនធានមនុស្ស​របស់​បក្ស មាន​រចនាសម្ព័ន្ធ​ចាត់តាំង​ច្បាស់លាស់ បំពាក់បំប៉ន​ស្មារតី សតិអារម្មណ៍ និង​គោលនយោបាយ​ច្បាស់លាស់ យុវជន​យល់​អំពី​កាតព្វកិច្ច​របស់​ខ្លួន​ច្បាស់លាស់ នេះ​ហើយ​គឺជា​ភាព​ឈ្នះ​និង​ជា​និរន្តរភាព​របស់​យើង​។ លោក​បន្តថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ប្រជាធិបតេយ្យ ដូច្នេះ​មានតែ​ការបោះឆ្នោត​តែមួយគត់ និង​ជា​វិធីសាស្ត្រ​តែមួយគត់​ដែល​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស​ប្រកបដោយ​សន្តិវិធី ដោយ​យុត្តិធម៌ និង​បែប​លទ្ធិប្រជាធិបតេយ្យ។

លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​ដែល​បញ្ចប់សង្គ្រាម កសាង​ប្រទេស​ឲ្យ​មានការ​រីកចម្រើន ប្រកាន់​របប​ប្រជាធិបតេយ្យ ប៉ុន្តែ​គណបក្សប្រឆាំង​បាន​រៀបចំ​ផែនការ​បំផ្លាញ​ប្រជាធិបតេយ្យ បំផ្លាញ​សុខ​សន្តិភាព បំផ្លាញ​សន្តិសុខ សេដ្ឋកិច្ច នៅ​ក្នុង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការបះបោរ។ គេ​ប្រើប្រាស់​ឧបាយកល​គ្រប់​បែបយ៉ាង ដែល​គេ​គិតថា មាន​បរទេស​នៅ​ពីក្រោយ ប៉ុន្តែ​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ឲ្យ​ឃើញច្បាស់​ហើយ​ថា ដោយសារតែ​ការ​លូកដៃ​របស់​បរទេស​នៅ​ពីក្រោយ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ទៅក្នុង​សង្គ្រាម​។ ដូច្នេះ​សូម​យុវជន​ត្រូវ​យល់​ឲ្យ​ច្បាស់ និង​ត្រូវ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព​ការ​អភិវឌ្ឍ និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​រីកចម្រើន។

លោក ហ៊ុន ម៉ា​ណែ​ត បានស្នើ​ឲ្យ​យុវជន​កុំ​ចូលរួម​សកម្មភាព​ទាំង​ឡាយណា ដែល​ប៉ះពាល់​ដល់​សន្តិសុខ និង​ស្ថិរភាព​សង្គម និង​ចូលរួម​ទប់ស្កាត់​ការពារ​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ប្រជាជន និង​ថ្កោលទោស​ចំពោះ​បុគ្គល​នយោបាយ​ទាំងឡាយណា ដែល​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ប្រជាជន និង​ប្រទេសជាតិ​។ យើង​ធ្វើ​ដើម្បី​ការពារ​យុត្តិធម៌​សម្រាប់​ខ្លួន​យើង ប្រជាជន និង​និង​គណបក្ស​របស់​យើង​។ យើង​គោរព​ច្បាប់ ការពារ​នីតិរដ្ឋ ឯករាជ្យ​អធិបតេយ្យភាព​អនុវត្ត​ច្បាប់ ដើម្បី​ទប់ស្កាត់​ការជ្រៀតជ្រែក​របស់​បរ​ទេស​។​

នៅ​ចុង​បញ្ចប់​នៃ​សុន្ទរកថា លោក ហ៊ុន ម៉ា​ណែ​ត បាន​ផ្តាំផ្ញើ​ឲ្យ​យុវជន និង​សមាជិក​សមាជិកា​រទាំង​អស់​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​គ្រប់គ្នា និង​និង​ជំរុញ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​គាំទ្រ និង​លើកទឹកចិត្ត​ដល់​សម្តេច​តេ​ជោ​ហ៊ុន សែន ដើម្បី​ដឹកនាំ​ប្រទេស​អោយ​រីកចម្រើន​ជា​បន្តទៀត​។ នេះហើយ​គឺជា​អនាគតជាតិ​របស់​យើង នេះ​គឺជា​អ្វីដែល​យើង​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ការពារ​នីតិរដ្ឋ ការពារ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ការពារ​លទ្ធិប្រជាធិបតេយ្យ​ការពារ​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ និង​សិទ្ធិ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​តទៅទៀត​។ ព្រោះថា​អនាគត​របស់​យើង គឺ​ពឹង​ផ្អែកលើ​រាជរដ្ឋាភិបាល ដែលមាន​បទពិសោធន៍​សមត្ថភាព រក្សាសុខ​សន្តិភាព ស្ថិរភាព​និង​ការអភិវឌ្ឍ​ដើម្បី​យើងទាំងអស់គ្នា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu