Ad Code

កុដិ​ព្រះសង្ឃ ​និង​និស្សិត​ស្នាក់នៅ​មួយ​ខ្នង នៅ​ក្នុង​វត្ត​លង្កា​ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​​​គ្មាន​សល់



ភ្នំពេញ​ ៖ ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​​​​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​អគ្គិភ័យ​មួយ​បាន ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ ក្នុង​មួយ ​ប៉ប្រិច​ភ្នែក បណ្តាល​ឲ្យ​កុដិ​ មួយ​ខ្នង​ដ៏​ធំ​នៅ​ក្នុង​វត្ត​លង្កា​ ត្រូវ​ឆេះ​ខ្ទេច អស់​គ្មាន​សល់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ និង​សមត្ថកិច្ច ចុះ​អន្តរាគមន៍​បាញ់​ពន្លត់។

បើ​តាម​សាក្សី​ និង​ព្រះសង្ឃ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ មាន​ការ​ទុស្សេ​ខ្សែភ្លើង​លើ​កុដិ​លេខ​៤ ហើយក៏​បង្កចេញ​ជា​អណ្ដាតភ្លើង​ឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ​តែម្ដង។ ​ភ្លាមៗ​នោះ ក្រុមនិស្សិត ព្រះ​សង្ឃ​ ដែល​គង់​នៅ​ក្នុង​កុដិ បាន​ភ្ញាក់ឡើង ស្រែក​ឆោឡោ នាំគ្នា ប្រមូល​ទ្រព្យសម្បត្តិ​យក​ចេញ ​ ខ្លះ​ក៏​មក​ចេញ​ទាន់ ខ្លះ​ក៏​ចេញ​តែ​ខ្លួន ព្រោះតែ​អណ្តាត​ភ្លើង​ឆាបឆេះ​ពេញក្រមុំ​ទៅហើយ។ ​ខណៈ​នោះ ព្រះសង្ឃ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន និង​កម្លាំង​អន្តរាគមន៍​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​មក​ជាច្រើន​គ្រឿង ដើម្បី​ជួយ​បាញ់​ពន្លត់​ផងដែរ ដោយបាន​បាញ់​រលត់ទៅវិញ​នៅវេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល។ ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​នរណា​ម្នាក់​រួម​ទាំង​ព្រះសង្ឃ​រង​របួស​ធ្ងន់​ និង​គ្រោះថ្នាក់​នោះ​ទេ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​​​នេះ ​បាន​បំផ្លាញ​កុដិ​មួយ​ខ្នង ថ្ម ក្រោម​ឈើ លើ ប្រក់​ស័ង្កសី ទំហំ ៧​ម៉ែត្រ គុណ នឹង ១២​ម៉ែត្រ​​​ អស់ទាំង​ស្រុង និង​ម៉ូតូ​ចំនួន​៣​គ្រឿង​ ​​សម្ភារៈ​១​ចំនួន តែ​ពុំបាន​បណ្ដោល​ឲ្យ​ឆេះ​រាលដាល​ដល់​កុដិ​ជិតខាង​ឡើយ​។ ម្ចាស់​ឈ្មោះ​: ឈុំ ណា​រិ​ទ្ធិ ភេទ​ប្រុស អាយុ 34​ឆ្នាំ។ មូលហេតុ ឆ្លង​ចរន្តអគ្គិសនី។

សមត្ថកិច្ច​បញ្ជាក់​ថា អគ្គិភ័យ​នេះ ​សមត្ថកិច្ច​ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ សរុប​ចំនួន​ ១៧​គ្រឿង ប្រើប្រាស់​ទឹក​អស់​១៧​ឡាន ស្មើនឹង 68​ម៉ែត្រគូប ហើយ​បាន​ពន្លត់​ជា​ស្ថាពរ​នៅ​ម៉ោង​២​​​​ព្រឹក​ នា​ថ្ងៃ​ដដែល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu