ជម្រុះTV5 Boxing Knock Out Series លើកទី៣ ៖ ភើយ ថា ជួប តាំង តាក់ , វុត្ថា លាន់លិញ ជួប គុជសារ ចាន់រាជ
ការប្រកួតប្រដាល់ដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series by K.cement ទម្ងន់៦០គីឡូក្រាម លើសង្វៀនTV5 ព្រែកកំពឹស នៅថ្ងៃសៅរ៍ទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ជាការប្រកួតលើកទី៣ ក្នុងជម្រុះដំណាក់កាលទី១ ដែលមានអ្នកប្រដាល់ ៤ រូប ដើម្បីប្រជែងយកកៅអីសម្រាប់ដំណាក់កាលទី២នោះ។
សម្រាប់ការប្រកួតជម្រុះលើកទី៣នេះ ភើយ ថា អ្នកប្រដាល់ក្លិបស្វាយរលំឫទ្ធីជ័យ នឹងជួបប្រកួតជាមួយតាំង តាក់ អ្នកប្រដាល់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ។ ការប្រកួតក្នុងដំណាក់ទី១នេះ គឺប្រកួតតែបីទឹកទេ ដោយក្នុងមួយទឹកមាន៣នាទី សម្រាក២នាទី ហើយអ្នកដែលឈ្នះបានឡើង និងអ្នកដែលចាញ់ត្រូវជ្រុះធ្លាក់ត្រឹមនេះ។
សម្រាប់ការជួបគ្នារវាងភើយ ថា និង តាំង តាក់ នេះ តាមក្រុមអ្នកវិភាគប្រដាល់អះអាងនោះថា ភើយ ថា ទំនងជាមិនឈ្នះតាំង តាក់ នោះឡើយ ។ ព្រោះតាំង តាក់ វាយបុកខ្លាំងនិងមានផ្លែល្អជាងភើយ ថា ហើយមួយទៀតតាំង តាក់ គេជាអ្នកប្រដាល់ដែលស្គាល់រេញមុនភើយថា ។ ចាំមើល តើតាំង តាក់ អាចយកឈ្នះភើយ ថា បានដែរឬអត់ ? ។
ចំពោះការប្រកួតមួយគូទៀតនោះ ជាការជួបគ្នារវាង វុត្ថា លាន់លិញ អ្នកប្រដាល់ក្លិបអង្គរធំគុនខ្មែរ និង គុជសារ ចាន់រាជ អ្នកប្រដាល់ក្លិបកុសលកីឡា ។ ពីរនាក់នេះ មិនធ្លាប់ប៉ះគ្នាទេកន្លងមក ។ ពួកគេទាំងពីរ ជាអ្នកប្រដាល់ជើងថ្មីដូចគ្នា ។
ទោះជាយ៉ាងនេះក្តី សម្រាប់ការជួបគ្នាលើកនេះ មិនដឹងថា គុជសារ ចាន់រាជ អាចយកឈ្នះវុត្ថា លាន់លិញ បានឬអត់នោះទេ ? ព្រោះថា វុត្ថា លាន់លិញគេមានស្នៀតប្រដាល់ល្អ និងមានកម្លាំងកាយសម្បទាខ្លាំងជាងចាន់រាជ ហើយណាមួយលើកនេះ ជាការប្រកួតដែលមិនអាចធ្វេសប្រហែសបាន គឺត្រូវមានការប្រយ័ត្នរៀងៗខ្លួន ។ យ៉ាងណា ការប្រកួតរវាងអ្នកប្រដាល់ទាំងពីរ ពុំដឹងថានរណាជាអ្នកមានសំណាងបានឡើងទៅប្រកួតបន្តទៀតនោះទេ ?។
ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series by K.cement ទម្ងន់៦០គីឡូក្រាម មានអ្នកប្រដាល់ចំនួន ៣២ នាក់ចូលរួម ហើយចែកចេញជា ៤ ដំណាក់កាល និងមានរូបមន្តប្រកួត គឺដំណាក់ទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់ ។ដំណាក់ទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយដំណាក់កាលទី៣ គឺជម្រុះក្នុង៨នាក់ទុក៤នាក់ និងដំណាក់កាលទី៤ ជាការប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រ គឺពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រ។
ចំពោះការប្រកួតជាលក្ខណះមិត្តភាពអន្តរជាតិវិញនោះ ឃីម បូរ៉ា អ្នកប្រដាល់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ត្រូវគេផ្តល់ឪកាស អោយជួបប្រកួតសងសឹកជាមួយអ្នកប្រដាល់ថៃឈ្មោះ Phich Ngen Thang ។ពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦០ គីឡូក្រាម ។
Phich Ngen Thang នេះ គេមានប្រវត្តិប្រកួតចំនួន៧៨លើក ឈ្នះ៦៤លើក ចាញ់១៤លើក និងមិនដែលស្មើ គេជាអ្នកប្រដាល់ជើងខ្លាំងមួយរូបនៅស្រុកថៃ ។នេះបើតាមលោកសេង កដិកា អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំTV5អោយដឹងនោះ ។
តែចំពោះ ឃីម បូរ៉ា អ្នកប្រដាល់កម្ពុជាវិញ គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរនៅស្រុកខ្មែរ។ គេមានប្រវត្តិប្រកួតចំនួន៦៨លើក ឈ្នះ៥៧លើក និងចាញ់១០លើក និងស្មើ០១លើក ។ ចាំមើល តើឃីម បូរ៉ា អាចសងសឹកPhich Ngen Thang បានសម្រេចឬអត់ សម្រាប់ការជួបគ្នាលើកទី៣នេះ ?។
សូមបញ្ជាក់ថា ឃីម បូរ៉ា គេធ្លាប់វាយចាញ់Phich Ngen Thang ដោយពិន្ទុម្តងនិងចាញ់ក្នុងទឹកទី៣ម្តង ក្នុងការជួបគ្នាឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ៕
Source: Kampuchea Thmey Daily
0 Comments