ភ្នំពេញ ៖ ការផ្គត់ផ្គង់ទឹកស្អាត នឹងបម្រើជូនប្រជាពលរដ្ឋបានប្រើប្រាស់ទាំង១០៥សង្កាត់ទូទាំងរាជធានីភ្នំពេញនៅឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យទឹកស្អាតនិងអនាម័យជនបទកាលពីរសៀលថ្ងៃទី១៩ ខែមិថុនានៅសាលារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីដៃគូពាក់ព័ន្ធ ក្នុងនោះរួមមានអង្គការ ដែលអប់រំប្រជាពលរដ្ឋលើវិស័យយល់ដឹង និងអនាម័យជនបទលើការប្រើប្រាស់ទឹកស្អាត និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតដូចជា មន្ទីរអភិវឌ្ឍជនបទ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ.មន្ទីរផែនការ.មន្ទីរឧស្សាហកម្មនិងសិប្បកម្ម.មន្ទីរព័ត៌មាន មន្ទីរអប់រំយុវជននិងកីឡា.មន្ទីរសុខាភិបាល មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកិច្ចការនារី និងមានអង្គការមួយចំនួនផងដែរ ដែលជាក្រុមការងារជួយក្នុងការអប់រំប្រជាពលរដ្ឋលើកកម្ពស់អនាម័យជនបទអោយមានការយល់ដឹង។
លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា សង្កាត់ទាំង១០៥ទូទាំងរាជធានីភ្នំពេញនៅឆ្នាំ២០២៥វិស័យផ្គត់ផ្គង់ទឹកស្អាតនឹងបម្រើទៅដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់។ ជាមួយនឹងគោលបំណងនៃការត្រួតពិនិត្យវាយតម្លៃចំពោះលទ្ធផលរបស់ផែនការសកម្មភាពជាតិនិងថ្នាក់ក្រោមជាតិរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍បាននិងកំពុងអនុវត្តជាបន្តបន្ទាប់។
លោកកើត ឆែតំណាងអោយគណៈអភិបាលរាជធានីបានលើកឡើងទៀតថា កិច្ចប្រជុំត្រួតពិនិត្យបច្ចេកទេសការងារអនុវត្តរបស់ក្រសួង.មន្ទីរអភិវឌ្ឍន៍ជនបទលើវិស័យទឹកស្អាត គឺជាទស្សនវិស័យនៃការចូលរួមជាមួយដៃគូពាក់ព័ន្ធ ដែលផែនការនេះត្រូវធ្វើផែនការមេរវាងមន្ទីរជនបទ.មន្ទីរផែនការចំពោះកិច្ចការអភិវឌ្ឍ រាជធានីភ្នំពេញដែលរំពឹងថា សង្កាត់ទាំង១០៥ក្នុងរាជធានីភ្នំពេញ នឹងមានទឹកស្អាតចែកទៅដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋនៅឆ្នាំ២០២៥ខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments