Ad Code

ជើង​ខ្លាំង​៤​រូប​ ប្រជែង​គ្នា​ដណ្តើម​ពានរង្វាន់​បាយ័ន​ទម្ងន់​៦៣,៥០០​គ​.​ក្រ



អ្នក​ប្រដាល់​ជើង​ខ្លាំង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​៤​រូប នឹងត្រូវ​ជួប​ប្រជែង​គ្នា​ដណ្តើម​ពានរង្វាន់​ប្រាក់​លាន​របស់​ទូរទស្សន៍​បាយ័ន នា​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២៣ ខែ​មិថុនា​ ឆ្នាំ២០១៨​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

ជើង​ខ្លាំង​ទាំង​៤​រូបនោះ គឺ​សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ , ស៊ូ វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ​, ហួន សុខ​នី​ម អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក និង ស៊ឹម វណ្ណ​ដេ​ត អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ។ ពួកគេ​ទាំង​៤ ត្រូវ​ប្រកួត​គ្នា​តាម​រូបមន្ត​ម៉ា​រ៉ា​តុង គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត រហូត​រកឃើញ​អ្នក​ជាប់​លេខ​១​ជា​ម្ចាស់​ពានរង្វាន់។​

សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូបនេះ គឺ​សុខ សុវណ្ណ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ស៊ូ វ​ណ្ណះ ពួកគេ​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ដោយសារ​តែមាន​កម្រិត​ទីតាំង​សមត្ថភាព​ខុសគ្នា ដោយ​សុខ សុវណ្ណ​ជា​ជើងចាស់​ស្រករ​មុន​ស៊ូ វ​ណ្ណះ។​

សុខ សុវណ្ណ ធ្លាប់​ឈ្នះ​ពានរង្វាន់​ប្រាក់​លាន​បាយ័ន​ទម្ងន់​៦៣,៥០០​គីឡូក្រាម​នេះ​ម្តង​ហើយ កាលពី​ពាក់កណ្តាល​ខែមីនា​កន្លង​មក។

រវាង​សុខ សុវណ្ណ និង ស៊ូ វ​ណ្ណះ​នេះ បើតាម​កម្រិត​សមត្ថភាព​បច្ចេកទេស​និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ ឃើញថា​សុវណ្ណ គេ​លើ​ស៊ូ វ​ណ្ណះ ទាំង​ស្នៀតគុន​និង​កលល្បិច​។ ទោះជា​យ៉ាងណា សម្រាប់​ការជួបគ្នា​លើក​នេះ មិនអាច​ទស្សន៍ទាយ​មុន​បាន​ថា អ្នកណា​ហាលអាវ អ្នកណា​ឡើងទៅ​ផ្តាច់ព្រ័ត្រ​នោះឡើយ។​

ចំពោះ​អ្នក​ប្រដាល់​ហួន សុខ​នី​ម គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ស៊ឹម វណ្ណ​ដេ​ត ។ ពួកគេ​ទាំងពីរ​នេះ ក៏​ពុំ​ធ្លាប់​ជួបគ្នា​ដែរ​កន្លងមក។ ពួកគេ​ទាំងពីរ​នាក់​នេះ ក៏​ធ្លាប់​ចូលរួម​ប្រជែង​ដណ្តើមពាន​រង្វាន់​បាយ័ន​ម្តង​ដែរ​ហើយ ដោយ​គ្រាន់តែ​មិនបាន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ។​

​ហួន សុខ​នី​ម ជា​អ្នក​ប្រដាល់​ជើងចាស់ ឯ​ស៊ឹម វណ្ណ​ដេ​ត ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ។ តែ​ពួកគេ​ពីរ​នាក់​នេះ មាន​ថ្វីដៃ​ល្អ ហើយ​ខ្លាំង​និង​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ​ដូចគ្នា​។ យ៉ាងណា ប៉ះគ្នា​លើក​នេះ គឺមាន​លក្ខ​ណះ​តឹងតែង​ហើយ។​ ​

ប៉ុន្តែ​ទោះជា​យ៉ាងណា រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូបនេះ ទោះបីជា​មិនដឹងថា​អ្នកណា​ជ្រុះ​ធ្លាក់ អ្នកណា​នឹង​បាន​ឡើង​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​អ្នកណា​នឹង​ក្លាយជា​ម្ចាស់​ពានរង្វាន់​នេះ​ក្តី ក៏​គេ​មើលឃើញ​មុន​រួចជាស្រេច​ថា សុខ សុវណ្ណ និង​ស៊ឹម វណ្ណ​ដេ​ត អាច​នឹង​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ប្រជែង​គ្នា​យកពាន​រង្វាន់​នេះ។​

សូមបញ្ជាក់ថា ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ៗ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​អនុស្សាវរីយ៍​របស់​ស្ថានីយទូរទស្សន៍​បាយ័ន។​

ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី និង​ការប្រកួត​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​វាយ​៥​ទឹក តែមួយ​ទឹក​វាយ​តែ​២​នាទី​ទេ ។​

ក្រៅពី​គូ​ដណ្តើម​ពានរង្វាន់​នេះ វុត្ថា ណាវី អ្នក​ប្រដាល់​ក្លិប​អង្គរ​ធំគុន​ខ្មែរ នឹង​ជួប​ប្រកួត​ជាមួយ វ៉ន វ៉ុ​ន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ។​ពួកគេ​ទាំងពីរ នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​
​ពីរ​នាក់​នេះ មិនដែល​ប៉ះគ្នា​ទេ​កន្លងមក។ សម្រាប់​ការជួប​ប្រកួត​គ្នា​លើកដំបូង​នេះ មិនដឹងថា វុត្ថា ណាវី គេ​អាច​វាយ​ឈ្នះ​វ៉ន វ៉ុ​ន ឬ​អត់​នោះទេ​?។ ប៉ុន្តែ​យ៉ាងណា វ៉ន វ៉ុ​ន គេ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង​ជាង​វុត្ថា ណាវី។​

រិ​ទ្ធ ផៃ​ឡុ​ក ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​ចែម ចឺម ក្លិប​រាជសីហ៍​ខេត្តរតនគិរី ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ហើយ គឹម សុខ​ហេង ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​លី សំណាង ក្លិប​អប់រំ​កាយ​កីឡា​ខេត្តបាត់ដំបង ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu