ភ្នំពេញ ៖ នៅម៉ោង ៧ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញ ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៧.៧៦៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១៣ នៅក្នុងខេត្តតាកែវ។ ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំធ្វើឡើងនៅក្រុងដូនកែវ ខេត្តតាកែវ។
ជំនួបនៅថ្ងៃទី២០ ខែមិថុនានេះ គឺជាជំនួបលើកទី ៤៥ ហើយ គិតចាប់តាំងពីថ្ងៃទី២០ខែសីហា ឆ្នាំ២០១៧មក។ ក្នុងជំនួបទាំង ៤៥ លើកនេះមានកម្មករ និយោជិត សរុបជាង ៥៨ ម៉ឺននាក់ ហើយ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការពារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង ១៣ គឺមកពីក្រុងដូនកែវចំនួន ៤ ស្រុកសំរោងចំនួន ៤ ស្រុកព្រៃកប្បាសចំនួន ២ ស្រុកត្រាំកក់ចំនួន២ និង ស្រុកទ្រាំងចំនួន ១ ដែលមាន អ្នកវិនិយោគមកពីប្រទេសចិនចំនួន ១២ និង ខ្មែរចំនួន ១ ។ រោងចក្រ សហគ្រាសទាំង១៣នេះមានរោង ចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ១១ និង ផលិតស្បែកជើងចំនួន២ ។ ផលិតផលផលិតចេញពីរោងចក្រ សហគ្រាសទាំងនេះត្រូវបាននាំ ចេញទៅកាន់ទីផ្សារអន្តរជាតិ និង ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
បច្ចុប្បន្នខេត្តតាកែវមានសហគ្រាស គ្រឹះស្ថានចំនួន ១៤៤ មានកម្មករនិយោជិត ៤៦.៩៩០ នាក់ ក្នុងនោះរោងចក្រកាត់ដេរ សម្លៀកបំពាក់និង ផលិតស្បែកជើង មាន ចំនួន ៣៧ មានកម្មករនិយោជិតចំនួន ៣៨.១៥៨ នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជិត ៧៨ លានដុល្លារក្នុងមួយឆ្នាំ។
ការអភិវឌ្ឍតំបន់ឧស្សាហកម្មក្នុងខេត្តតាកែវ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ បង្កើតការងារជូនកម្មករ និយោជិត របស់រាជរដ្ឋាភិបាល និង ជាជោគជ័យក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនិងក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គមដែលបាននឹងកំពុងប្រែក្លាយខេត្តតាកែវទៅជាតំបន់សេដ្ឋកិច្ចដ៏មានសក្តានុពលមួយនៅ កម្ពុជា។
ខេត្តតាកែវ គឺជាខេត្តទី៦ ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី បន្ទាប់ពីខេត្តកណ្តាល, ស្វាយរៀង, ព្រះសីហនុ, កំពង់ស្ពឺ និងកំពង់ចាម៕
Source: Kampuchea Thmey Daily
0 Comments