តាកែវ ៖ កងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងមានគ្រឿងញៀនមួយកញ្ចប់ធំ បញ្ជូនមកកាន់ទីបញ្ជាការខេត្តតាកែវ។
លោកវរសេនីយ៍ឯក ង៉ែន ចាន់ធី មេបញ្ជាការរងទទួលបន្ទុកផែនការយុត្តិធម៌បានឲ្យដឹងថា កាលពីវេលាម៉ោង ១៦និង១០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ លោកមេបញ្ជាការរងបានដឹកនាំកម្លាំងការិយាល័យជំនាញ បទល្មើសគ្រឿងញៀនចំនួន ០៧នាក់ មានរថយន្ត ០៣គ្រឿងចុះធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនចាប់បានជនសង្ស័យម្នាក់រួមជាមួយនឹងគ្រឿងញៀន ០១កញ្ចប់ធំ មានទម្ងន់ ១៩.៩៧ក្រាម ហើយករណីខាងលើនេះ ត្រូវបានសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
ករណីចុះបង្ក្រាបនេះ ចាប់បានមុខសញ្ញាបទល្មើសគ្រឿងញៀនខុសច្បាប់ម្នាក់ និងរថយន្តដែលជាមធ្យោបាយមួយគ្រឿងម៉ាកព្រុស ពណ៌គ្រាប់អំពិល និងពាក់ស្លាកលេខ ភ្នំពេញ 2AI-3806 ហើយម្ចាស់រថយន្ត ដែលជាជនសង្ស័យត្រូវបានគេចខ្លួនបាត់ បន្ទាប់ពីកម្លាំងជំនាញរបស់អាវុធហត្ថខេត្តបានបើករថយន្តដេញតាមពីក្រោយ។
លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងបានបន្តទៀតថា យើងដេញតាមរថយន្តជនសង្ស័យតាំងពី ទឹកដីស្រុកបាទី រហូតមកដល់ទឹកដីស្រុកសំរោង លុះមកដល់វត្តអង្គចង្អេរ ជនសង្ស័យក៏បានបើករថយន្តចូលក្នុងវត្តហើយរត់គេចខ្លួនបាត់តែម្តង។ តែទោះបីជាយ៉ាងណា ក៏ដោយកម្លាំងជំនាញ និងធ្វើការស្រាវជ្រាវមុខសញ្ញានេះបន្តទៀត រីឯជនសង្ស័យដែលជាអ្នកទិញគ្រឿងញៀនបន្តនោះ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការបន្តទៅទៀត៕
Source: Kampuchea Thmey Daily
0 Comments