បន្ទាយមានជ័យ ៖ មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ជាយុវជនជាមួយនឹងវត្ថុតាងគ្រឿងញៀនមួយចំនួន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី នៅចំណុចភូមិថ្នល់បត់ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអធិការស្រុកមង្គលបូរី ឃាត់ខ្លួនបញ្ជូនទៅស្នងការ។
លោក លី ឈុនគង់ អធិការរងស្រុកមង្គលបូរីបានឲ្យដឹងថា តាមការបញ្ជាពីលោកអធិការលោកបាន ចុះបង្ក្រាបនិង ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់រួមមាន ១. ឈ្មោះពិ ពិន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្របែក ឃុំបន្ទាយនាង ជាអ្នក( ជួញដូរ) ២. ឈ្មោះម៉ា សុមាន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំបន្ទាយនាង( ជួញដូរ) ៣.ឈ្មោះណន ប្រស់ហ៊ីម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង (ជួញដូរ) ៤. ឈ្មោះជា សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង( ប្រើប្រាស់)។ ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចបានដកហូតសម្ភារៈមានជាម្ស៉ៅក្រាមពណ៌សថ្លា ចំនួន៥កូនថង់តូច ទូរស័ព្ទដៃចំនួន៣គ្រឿង អ៊ីសារ( វែប) ចំនួន១កាំបិតស្នៀតចំនួន១ កូនថង់សម្រាប់ច្រកថ្នាំញៀនចំនួន១ដុំ ដែកកេះចំនួន៣។
បច្ចុប្បន្នជនសង្ស័យទាំងបួននាក់ កំពុងសាកសួរនៅអធិការស្រុកមង្គលបូរី រួចនឹងបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments