និស្សិតឆ្នាំទី២ មើលតាមការLive ផ្ទាល់ពីការលក់ផលិតផលតាមFacebook បែកគំនិតបន្លំបើកលុយគេវេរអោយម្ចាស់ផលិតផល រាប់ពាន់ដុល្លារ ត្រូវប៉ូលិសឃាត់ខ្លួន
ភ្នំពេញ ៖ យុវជនវ័យ១៩ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធករណីលួច ចូលមើលតាមការ Live ផ្ទាល់ ការលក់ផលិតផលគណនយ្យ Facebook របស់គេ ហើយបានបន្លំលួចយកលេខកូដសម្ងាត់របស់គេ បើកលុយដែលគេវេរអោយ បានប្រាក់ រាប់ពាន់ដុល្លារនោះ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៧និង២០នាទី ដោយជនរងគ្រោះបញ្ជូនមកអោយប៉ូលិស ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោកចាត់ការតាមច្បាប់។
ជនសង្ស័យ ឈ្មោះ ចាន់ ម៉េងឆាយ ហៅ ម៉េងឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី២ សាកលវិទ្យាល័យនីតិសាស្ត្រ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៤ ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ សុខ ស៊ីណា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផលិតផលខោអាវ និងគ្រឿងហូបតាមអនឡាញ (Live FacebooK លក់ ) ស្នាក់នៅផ្ទះលេខ៦០ ផ្លូវលេខ១៨៦ ក្រុម ទី៤ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់មាន ទឹកប្រាក់សរុបចំនួន៤៥០០$ (បួនពាន់ប្រាំរយដុល្លារ សហរដ្ឋអាមេរិក)។ វត្ថុតាងទទួលមាន ៖ វិក្កយបត្រវេរលុយ និងលេខកូដសម្ងាត់ដកលុយរបស់ក្រុមហ៊ុនវេរលុយ ទ្រូម៉ានី ចំនួន០២សន្លឹក មានទឹកប្រាក់សរុបចំនួន១៦៣$ (មួយរយហុកសិបបីដុល្លារ សហរដ្ឋអាមេរិក) ទទួលពីជនរងគ្រោះឈ្មោះ សុខ ស៊ីណា។
ប៉ូលិសផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោកបានអោយដឹងថា កាលពីកំឡុងក្នុងខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះឈ្មោះ សុខ ស៊ីណា បាន បើកផ្សព្វផ្សាយលក់ផលិតផលខោអាវ និងគ្រឿងហូប លក់តាមការLive ផ្ទាល់ គណនយ្យ Facebook ឈ្មោះ Ana Brand Brands ដោយលក់តាមអនឡាញ ឲ្យភ្ញៀវជាម៉ូយនៅតាមបណ្ដារាជធានី និងខេត្ត និងក្រៅប្រទេសផង ដោយពេលជនរងគ្រោះអនឡាញលក់( Live ផ្ទាល់) គឺបានដាក់លេខ ទូរស័ព្ទ(015 969798 និងលេខ0888 969798 ) ដាក់នៅខាងលើក្នុងពេលកំពុងLive ដើម្បីឲ្យភ្ញៀវទំនាក់ទំនងមកទិញ និងងាយស្រួល ភ្ញៀវវេរលុយមកឲ្យវិញពេលដែលភ្ញៀវកុម្ម៉ង់អីវ៉ាន់រួច ដោយវេរលុយតាមរយៈក្រុមហ៊ុនវីង , អ៊ីម៉ានី និងទ្រូម៉ានី។ លុះមកដល់អំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ ជនរងគ្រោះបានបាត់លុយដែលភ្ញៀវកុម្ម៉ង់អីវ៉ាន់វេរមកឲ្យខ្លួន ហើយនៅពេលដែលជនរងគ្រោះបានទូរស័ព្ទទៅភ្ញៀវដែលកុម្ម៉ង់អីវ៉ាន់នោះ ភ្ញៀវបានប្រាប់ថា គេវេរលុយឲ្យរួចហើយតាមលេខ ទូរស័ព្ទ015969798 និងលេខ 0888969798 ក្នុងពេលនោះជនរងគ្រោះបានចាប់ផ្ដើមបាត់លុយជាបន្តបន្ទាប់ ទឹកប្រាក់សរុបចំនួន៤៥០០$។ លុះក្រោយមកជនរងគ្រោះបានជូនដំណឹងទៅខាងបណ្ដាក្រុមហ៊ុនវេរលុយទាំងអស់បើមានជនណាមកយកលេខរបស់ខ្លួនដែល មានលេខ 015969798 និងលេខ 0888969798 មកបើកលុយ សូមទូរស័ព្ទមកប្រាប់ខ្លួនផង។ រហូតមកដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ស្រាប់តែមានជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានមកលួច បើក យកលុយរបស់ជនរងគ្រោះទៀតអស់មួយបុងចំនួន៦៧$ បើកនៅសាខាទ្រូម៉ានី សង្កាត់ចោមចៅទី៣ ហើយគេចខ្លួនបាត់។ លុះមកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០និង១០នាទី ស្រាប់តែមានជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ ដដែលបានមកលួច បើកលុយទៀត ក៏ត្រូវបានខាងសាខាក្រុមហ៊ុនវេរលុយទ្រូម៉ានី នៅខាងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទូរស័ព្ទមកប្រាប់ជនរងគ្រោះ ហើយជនរងគ្រោះនិងបងប្អូនក៏បានទៅឃាត់ខ្លួនជនសង្ស័យខាងលើយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ចាត់ការតាមផ្លូវច្បាប់តែម្ដង។
ផ្អែកតាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ បានសារភាពថា ខ្លួនបានមកលួចបើកយកលុយរបស់ជនរងគ្រោះនេះបាន៤ដង មកហើយដោយប្រើប្រាស់លេខទូរស័ព្ទដៃរបស់ជនរងគ្រោះយកទៅបើក ដែល មានលេខ 015969798 និងលេខ 0888969798 ហើយមានលេខកូដរបស់ភ្ញៀវដែលផ្ញើមកឲ្យដើម្បីយកទៅបើកយកលុយ ដែល មានទឹកប្រាក់សរុបចំនួន១៦៣$ (មួយរយហុកសិបបីដុល្លារសហរដ្ឋអាមេរិក)។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments