Ad Code

ក្រសួង​ការងារ​តម្រូវឱ្យ​ថៅកែ​រោងចក្រ​អនុញ្ញាតឱ្យ​កម្មករ​បាន​ឈប់សម្រាក​៣​ថ្ងៃ​ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត​នាពេល​ខាងមុខនេះ



ភ្នំពេញ​ ៖​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​តម្រូវឱ្យ​ថៅកែ​រោងចក្រ​អនុញ្ញាតឱ្យ​កម្មករ​បាន​ឈប់សម្រាក​ចំនួន​៣​ថ្ងៃ​ទៅ​ចូល​រួម​បោះឆ្នោត​នាពេល​ខាងមុខនេះ​ដើម្បី​ប្រើ​សិទ្ធិ​ក្នុងការ​ជ្រើសរើស​អ្នកតំណាង​របស់ខ្លួន​ស្របទៅតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។​

ថ្លែង​តាមរយៈ​សេចក្តី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃទី​១៣​មិថុនា​ឆ្នាំ​២០១៨​លោក​បណ្ឌិត អ៊ិត​សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ណែនាំ​ឲ្យ​និយោជក ឬ​ម្ចាស់​រោងចក្រ សហគ្រាស គ្រឹះ​ស្ថាន​ការងារ​ទាំងអស់ ត្រូវ​អនុញ្ញាតឱ្យ​បុគ្គលិក និង​កម្មករ​-​កម្មការិនី​របស់ខ្លួន​បាន​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨​ដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨​ដោយ​រក្សាទុក​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ដូច​ថ្ងៃ​ធម្មតា​ដើម្បី​សម្រួល​ដល់​ការចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦។​

ការណែនាំ​របស់លោក​ប​ណ្ឌិ​ត​អ៊ិត សំហេង​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល ហៅ​កាត់ គ​.​ជ​.​ប បាន​អំពាវនាវ​ដល់​ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និង​គ្រឹះស្ថាន​ទាំងអស់​នៅ​ទូទាំងប្រទេស ជួយ​សម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​និយោជិត កម្មករ កម្មការិនី បានធ្វើ​ដំណើរ​ទៅមក ដើម្បី​បាន​ទៅ​បោះឆ្នោត​នៅតាម​ឃុំ​សង្កាត់​ដែល​ពួកគាត់​បាន​ទៅ​ចុះឈ្មោះ​។​

លោក​បណ្ឌិត អ៊ិត​សំហេង​សង្ឃឹមថា​ថៅកែ​រោងចក្រ​សហគ្រាស​នឹង​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដែល​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃអាទិត្យ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខ​។​

លោក កាំ​ង មូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​អ្នក​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​G MAC​បាន​មានប្រសាសន៍ថា ​សមាគម​នឹង​អនុវត្ត​ទៅតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ហើយនឹង​ធ្វើការ​ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​នេះ​ទៅតាម​បណ្តា​រោងចក្រ​សហគ្រាស​នានា​ដើម្បី​អនុញ្ញាតឱ្យ​កម្មករ កម្មការិនី​បាន​ឈប់សម្រាក​ចំនួន​២​ថ្ងៃ ដោយ​មិន​គិត​នៅ​ថ្ងៃ​បោះឆ្នោត ពោលគឺ នៅមុន​មួយថ្ងៃ និង​ក្រោយ​មួយថ្ងៃ នៃ​ថ្ងៃ​បោះឆ្នោត ដោយ​មិនបាន​កាត់​ប្រាក់​ឈ្នួល ឬ​ប្រាក់​បំណាច់​អ្វី​ទាំងអស់​។​

យោងតាម​ទិន្នន័យ​របស់​គ​.​ជ​.​ប បង្ហាញថា ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​៨​លាន​៣៨​ម៉ឺន​នាក់ នឹងត្រូវ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែលមាន​គណបក្ស​នយោបាយ​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង តាមរយៈ​ប្រជាមតិ​ដណ្តើមយក​អាសនៈ​រដ្ឋសភា​ទាំង​១២៥​អាសនៈ​។​

ចំណែក​ក្រសួងមហាផ្ទៃ​នឹង​ត្រៀម​កងកម្លាំង​ចម្រុះ​ប្រមាណ​៨​ម៉ឺន​នាក់ បូក​បន្ថែមនឹង​កម្លាំង​ប្រជា​ការពារ​ប្រមាណ​២​ម៉ឺន​នាក់​ទៀត​ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​ការបោះឆ្នោត​ផងដែរ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu