Ad Code

សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ អញ្ជើញ​មក​សិក្សា​ និង​ស្វែងយល់​អំពី​តំបន់​ឧស្សាហកម្ម​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ប្រទេស​កម្ពុជា



ភ្នំពេញ ​៖​ ​ឯកឧត្ដម​ ទេព ង​ន ​អនុប្រធាន​ទី​២​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​កាលពី​រសៀល​ថ្ងៃ​ចន្ទ ​១៣​រោច​ ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៨ បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ដឹកនាំ​ដោយ​ឯកឧត្តម Shang Fulin សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​សេដ្ឋកិច្ច នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ចូលជួប​សម្តែង​ការគួរសម និង​សវនាការ​នៅ​វិមាន​ព្រឹទ្ធសភា ក្នុងឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ក្នុងឱកាស​សម្តែង​ការគួរ​សមនេះ ឯកឧត្តម Shang Fulin បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​អនុប្រធាន​ទី​២​ព្រឹទ្ធសភា ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ​ទទួល​ជួប​គណៈប្រតិភូ​របស់​ឯក​ឧ​ត្ត​ម​នាពេលនេះ។ ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​សិក្សា និង​ស្វែងយល់​អំពី​តំបន់​ឧស្សាហកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ជំរុញ​តំបន់​ទាំងនេះ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។

ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ ដែលមាន​តាំងពីរ​យូរលង់​ណាស់​មកហើយ​។ រហូតដល់​ពេលបច្ចុប្បន្ន​នេះ ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ កាន់តែ​ត្រូវបាន​ពង្រឹង​បន្ថែមទៀត តាមរយៈ​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​ប្រទេស​ទាំងពីរ​។ ឯកឧត្តម បាន​សម្តែង​នូវ​ការ​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ផងដែរ​ចំពោះ​ការរីកចម្រើន​សេដ្ឋកិច្ច​របស់ កម្ពុជា ដែល​រក្សា​បាន​ក្នុង​រង្វង់ ៧%​ក្នុង​មួយ​ឆ្នាំ ហើយ​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន បាន​បំពេញ​ឱ្យ​គ្នា ទៅវិញទៅមក​លើ​ផ្នែក​សេដ្ឋកិច្ច​នេះ​។ ជាមួយគ្នានេះ ឯកឧត្តម​ប្រធាន​គណៈប្រតិភូ បាន​ជម្រាប​អំពី​ការកកើត និង​ការរៀបចំ​ប្រព្រឹត្តទៅ​នៃ​សភា​ក្រុមប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​។​

នៅក្នុង​ឱកាស​នោះ ឯកឧត្តម ទេព ង​ន បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​សូម​ស្វាគមន៍ ដ៏​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម និង​គណៈប្រតិភូ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​នាពេលនេះ​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការបន្ត​ពង្រឹងពង្រីក​ចំណងមិត្តភាព សាមគ្គី​- ភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​។ ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី​នេះ បាន​កសាងឡើង​មាន​រយៈពេល ៦០​ឆ្នាំ ដោយ​ករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” ជាមួយ​លោក​ប្រធាន ម៉ៅ សេទុង និង​លោក នាយករដ្ឋមន្ត្រី ជូ អេ​ន​ឡាយ ព្រមទាំង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុន​។ ឯកឧត្តម​អនុប្រធាន​ទី​២​ព្រឹទ្ធសភា បាន​ជម្រាបជូន​គណៈប្រតិភូ​ថា ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​នាឱកាស​នេះ ស្រប​ពេលដែល​ប្រទេស​ទាំងពីរ ប្រារព្ធ​ខួប​លើក​ទី​៦០ (១៩៥៨-២០១៨) ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ បច្ចុប្បន្ននេះ ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ បាន​ឈាន​ដល់​កម្រិត​ភាពជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។ ក្នុងនាម​ប្រជាជន​កម្ពុជា ឯកឧត្តម​អនុប្រធាន​ទី​២​ព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ បំផុត​ចំពោះ​វិភាគទាន​ដ៏​ធំធេង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ក្នុងការ​រួមចំណែក​យ៉ាងសកម្ម ក្នុងការ​ស្តារ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។ ជំនួយ​រដ្ឋាភិបាល​ចិន ការ​ចូលរួមចំណែករបស់​វិស័យ​ឯកជន​ចិន និង អ្នកទេសចរ​ចិន បាន​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា និង​បាន​ផ្លាស់ប្តូរ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ជា​លំដាប់​។ បើ​គ្មាន​ការគាំទ្រ​ដោយ​សប្បុរស និង​ដោយ​គ្មាន​លក្ខខណ្ឌ​ពី​ប្រទេស​ចិន​ទេនោះ កិច្ចដំណើរការ នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រយៈពេល ២​ទសវត្សរ៍​ចុងក្រោយ​នេះ ក៏ មិនអាច​មានជោគ​ជ័យ​ដូច​ថ្ងៃ​នេះដែរ ហេតុនេះ​ការរីកចម្រើន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​ពេល បច្ចុប្បន្ន និង​ពេលអនាគត គឺ​មិនអាច​កាត់ផ្តាច់​បាន ពី​ការឧបត្ថម្ភ​គាំទ្រ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានឡើយ​។ ឯកឧត្តម​អនុប្រធាន​ទី​២​ព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ ជំនួយ​ចាំបាច់​ដ៏​ថ្លៃថ្លា​របស់​រដ្ឋាភិបាល និង​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ដែល​បាន​ជួយឧបត្ថម្ភ គាំទ្រ​ជា​បន្តបន្ទាប់​ដល់​ព្រឹទ្ធសភា ចាប់តាំងពី​នីតិកាល​ទី​១ រហូតមកដល់​បច្ចុប្បន្ន ដែលមាន​ទឹកប្រាក់​សរុប​ជាង ១៦​លាន​ដុល្លារ​អាមេរិក​។ ព្រឹទ្ធសភា​បាន​ប្រើប្រាស់ ជំនួយ​របស់​មិត្ត​ចិន​ដោយ ការទទួល​ខុស ត្រូវ​ខ្ពស់ និង​មាន​ប្រសិទ្ធភាព​ពិតប្រាកដ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu