Ad Code

ឃាត់​ខ្លួន​បុរស​ស្រវឹង​ស្រា​ ជិះ​ម៉ូតូ​បុក​រ៉ឺម៉ក​ចត​ស្ងៀម​ ហើយ​វាយ​ម្ចាស់ផ្ទះ



កំពង់ចាម ​៖​ កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​សំបួរមាស​ បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា បណ្តាល​អោយ​ជនរងគ្រោះ​ រង​របួស​ជា​ទម្ងន់ ក្នុង​ខណៈ​ដែល​ជនសង្ស័យ​ស្រវឹង​ស្រា ​ជិះ​ម៉ូតូ​ទៅ​បុក ​រ៉ឺម៉ក ​ដែល​ចត​ចោល​នៅ​មុខ​ផ្ទះ។

ប៉ូលិស​បាន​អោយដឹងថា ​នៅ​ថ្ងៃ​ទី​១១ ​ខែ​មិថុនា ឆ្នាំ​២០១៨​ វេលា​ម៉ោង១៤​និង​៣០​នាទី ប៉ុស្ដិ៍​នគរបាល​សំបួរមាស បាន​​ទទួល​ព័ត៌មាន​​​​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ហិង្សា ​នៅ​ចំណុច​ភូមិ​តា​ណេង សង្កាត់​សំបួរមាស។

ប្រភព​ដដែល​បាន​បន្ត​ថា​ ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍ សំបួរមាស សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង ចុះ​ដល់​កន្លែង​កើតហេតុ និង​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ​សូត ហ៊ី​ម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​តា​ណេង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ដែល​បាន​ធ្វើ​សកម្មភាព យក​ពូថៅ​វាយ​ទៅ​លើ​ជនរងគ្រោះ​ឈ្មោះ សុខ ចាន់​ហ៊ី ភេទ​ស្រី អាយុ​៥០​ឆ្នាំ​ មាន​ទីលំនៅ ភូមិ​តា​ណេង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម បណ្ដាលអោយ​រង​របួស​ចំក្បាល ពោះ និង​ឆ្អឹងខ្នង​។​

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​អោយ​ដឹងថា មុន​ពេល​មាន​អំពើ ហិង្សា​នេះ​កើត​ទ្បើង គេ​ឃើញ ឈ្មោះ សូត ហ៊ី​ម ស្ថិតក្នុង​សភាព​ស្រវឹង​ស្រា ហើយ​ជិះ​ម៉ូតូ​ទៅបុក​រ៉ឺ​ម៉ក​ទុកចោល នៅមុខ​ផ្ទះ​ជនរងគ្រោះ រួច ​ហើយ​ឈ្មោះ សូត ហ៊ីម ​រករឿង​វាយ​ម្ចាស់ផ្ទះ​តែម្តង​។​

ប៉ូលិស​បាន​បញ្ជាក់​ថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​សាកសួរ​ ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu