ប្រទេសកូរ៉េទាំងពីរកំពុងរៀបចំកិច្ចចរចាយោធាជាន់ខ្ពស់ដ៏កម្រនៅថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីការបន្ធូរបន្ថយភាពតានតឹងនៅព្រំដែនដែលមានការការពារដ៏រឹងមាំរបស់ពួកគេ។
ក្នុងអំឡុងកិច្ចចរចានៅភូមិបទឈប់បាញ់ Panmunjom, មន្ត្រីកូរ៉េខាងជើងនឹងស្វែងរកការប្តេជ្ញាចិត្តយ៉ាងមុតមាំពីភាគីកូរ៉េខាងត្បូងក្នុងការបញ្ឈប់សមយុទ្ធយោធារបស់ខ្លួនជាមួយអាមេរិក។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយបន្ទាប់ពីជំនួបកំពូលរបស់គាត់ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារថា សម្ព័ន្ធមិត្តទាំងពីរគួរតែបញ្ឈប់សមយុទ្ធសង្គ្រាមក្នុងអំឡុងពេលនៃការចរចានុយក្លេអ៊ែរជាមួយ “សេចក្តីជំនឿដ៏ល្អ”។
ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបាននិយាយថា កិច្ចចរចាយោធានឹងផ្តោតលើការអនុវត្តកិច្ចព្រមព្រៀងពីកិច្ចប្រជុំកំពូលរវាងលោកគីមនិងប្រធានាធិបតីកូរ៉េខាងត្បូងលោកមូនចេអ៊ីន ដែលអ្នកទាំងពីរបានប្តេជ្ញាថានឹងចាត់វិធានការដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធានិងលុបបំបាត់គ្រោះថ្នាក់នៃសង្គ្រាម។
កិច្ចពិភាក្សានេះគឺជាការចរចាថ្នាក់ខ្ពស់លើកដំបូងរវាងយោធាចាប់តាំងពីខែធ្នូឆ្នាំ២០០៧មក។
លោកឧត្តមសេនីយ៍ឯក Kim Dong-gyun របស់កូរ៉េខាងត្បូងបានប្រាប់ក្រុមអ្នកយកព័ត៌មានមុនពេលកិច្ចចរចាថា “យើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីនាំមកនូវយុគសម័យសន្តិភាពថ្មីមួយនៅឧបទ្វីបកូរ៉េ”។
នៅឯអគារមួយនៃប៉ែកខាងជើងភូមិ Panmunjom, មន្ត្រីកូរ៉េខាងត្បូងត្រូវបានស្វាគមន៍ដោយគណៈប្រតិភូកូរ៉េខាងជើងដែលដឹកនាំដោយឧត្តមសេនីយ៍ឯក An Ik San។
លោក Kim Do-gyun បានប្រាប់លោក An ថា លោកមានកិត្តិយសណាស់ដែលបានជួបគាត់ហើយបានសម្តែងនូវក្តីសង្ឃឹមសម្រាប់ការទម្លាយភាពទាល់ច្រកមួយប្រកបដោយផ្លែផ្កានៅក្នុងកិច្ចពិភាក្សានេះ។
មន្ត្រីយោធាកូរ៉េខាងត្បូងអាចនឹងពិភាក្សាអំពីការរៀបចំកិច្ចចរចាយោធាជាទៀងទាត់និងបង្កើតខ្សែទូរស័ព្ទបន្ទាន់មួយរវាងមន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសទាំងពីរ។ ពួកគេក៏អាចពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីរកទាហានដែលបាត់ខ្លួនឬសន្មតថាស្លាប់ក្នុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ផងដែរ។
គួរបញ្ជាក់ជាថ្មីថា លោកមូនបានជួបលោកគីមជុងអ៊ុននៅក្នុងខែមេសានិងម្តងទៀតនៅក្នុងខែឧសភាខណៈដែលទីក្រុងព្យុងយ៉ាងបានធ្វើការជំរុញផ្នែកការទូតបន្ទាប់ពីការបង្ករឿងដោយការធ្វើតេស្តនុយក្លេអ៊ែរនិងមីស៊ីលក្នុងឆ្នាំ២០១៧៕ AP
Source: Kampuchea Thmey Daily
0 Comments