បុរសជនជាតិអូស្ត្រាលីម្នាក់ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិតនៅក្នុងប្រទេសហ្វីលីពីនដែលជាផ្នែកមួយនៃករណីរំលោភបំពានផ្លូវភេទកុមារដ៏ល្បីល្បាញមួយដែលរដ្ឋអាជ្ញាបាននិយាយថា គាត់បានចាក់ច្រវាក់ជនរងគ្រោះដូចជាសត្វឆ្កែ។
លោក Peter Scully នៅតែប្រឈមនឹងការកាត់ក្តីនិងការចោទប្រកាន់ជាច្រើនទៀតរួមទាំងការចោទប្រកាន់ដែលថា គាត់បានបង្កើតរូបអាសអាភាសកុមារនិងសម្លាប់ក្មេងស្រីម្នាក់ផងដែរ។
ប៉ូលិសបានព្រមានថា ប្រទេសហ្វីលីពីនបានក្លាយទៅជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ឧស្សាហកម្មសិចកុមារតាមអ៊ីនធើណិតទូទាំងពិភពលោកដែលមានតម្លៃរាប់ពាន់លានដុល្លារ។
លោក Scully ត្រូវបានកាត់ទោសកាលពីថ្ងៃពុធពីបទជួញដូរនិងរំលោភសេពសន្ថវៈដោយតុលាការនៅក្នុងប្រទេសហ្វីលីពីនភាគខាងត្បូង, បីឆ្នាំបន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួននៅទីនោះហើយត្រូវបានចោទប្រកាន់ពីបទបំពានផ្លូវភេទនិងថតក្មេងស្រីរួមទាំងទារកអាយុ១៨ខែម្នាក់ផងដែរ។
រដ្ឋអាជ្ញាប្រចាំតំបន់បាននិយាយថា តុលាការ Cagayan de Oro បានផ្តន្ទាទោសលោក Scully និងដៃគូហ្វីលីពីនរបស់គាត់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតដោយគ្មានលក្ខខណ្ឌដោះលែងនិងពិន័យជាប្រាក់ចំនួន៥លានប៉េសូ (៩៣,៧០០ដុល្លារអាមេរិក) សម្រាប់ការជួញដូរស្ត្រីហ្វីលីពីនដែលមានអាយុពី១០ទៅ១២ឆ្នាំ។
លោក Merlynn Uy មន្ត្រីទទួលបន្ទុកការិយាល័យរដ្ឋអាជ្ញាប្រចាំតំបន់បានប្រាប់ AFP ថា “នេះគឺជាជ័យជម្នះដ៏ធំមួយសម្រាប់យើង។ នេះជាសញ្ញាដ៏ខ្លាំងមួយចំពោះអ្នកជួញដូរថា រដ្ឋាភិបាលនេះកំពុងយកចិត្តទុកដាក់ក្នុងការស្វែងរកនិងកាត់ទោសករណីទាំងនេះ”។
គាត់ត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៥ក្នុងទីក្រុង Malaybalay ដែលជាទីក្រុងមួយទៀតនៅភាគខាងត្បូងប្រទេសហ្វីលីពីនបន្ទាប់ពីបានរត់គេចពីប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១១។ គាត់បានមកប្រទេសហ្វីលីពីនដើម្បីគេចពីការចោទប្រកាន់ពីបទក្លែងបន្លំនៅក្នុងប្រទេសរបស់គាត់។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា បន្ទាប់មកគាត់បានបង្កើតអាជីវកម្មថតសិចតាមអ៊ីនធើណិតដោយថតក្មេងស្រីជំទង់មកពីគ្រួសារក្រីក្រនៅពេលគាត់រួមភេទជាមួយពួកគេឬប្រើឧបករណ៍រួមភេទ។
វីដេអូទាំងនោះត្រូវបានលក់ទៅឲ្យអតិថិជននៅប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិកនិងប្រេស៊ីល៕ AFP
Source: Kampuchea Thmey Daily
0 Comments