ជិត៣ឆ្នាំ បន្ទាប់ពីការរកឃើញដ៏តក់ស្លុតនៃជនអន្តោប្រវេសន៍ចំនួន៧១នាក់ដែលថប់ដង្ហើមស្លាប់នៅក្នុងឡានដឹកទំនិញមួយគ្រឿងនៅតាមផ្លូវប្រទេសអូទ្រីស, តុលាការហុងគ្រី នឹងចេញសាលក្រមនៅថ្ងៃព្រហស្បតិ៍ ដែលគេរំពឹងថា នឹងប្រគល់ទោសធ្ងន់ធ្ងរសម្រាប់អ្នកជួញដូរ។
រដ្ឋអាជ្ញា Gabor Schmidt បានស្នើសុំឲ្យដាក់ទោសជាប់ពន្ធនាគារមួយជីវិតសម្រាប់មនុស្សបួននាក់ក្នុងចំណោមអ្នកដែលរងការចោទប្រកាន់ទាំង១៤ដោយអះអាងថា មនុស្សបីនាក់គួរតែទទួលបានទោសជាប់ពន្ធនាគារមួយជីវិតដោយគ្មានលក្ខខណ្ឌដោះលែងក្រោមច្បាប់ហុងគ្រី។
ជនរងគ្រោះដែលមានបុរស៥៩នាក់, ស្ត្រី៨នាក់និងក្មេង៤នាក់រួមទាំងទារកម្នាក់ផងដែរដែលមកពីប្រទេសស៊ីរី អ៊ីរ៉ាក់និងអាហ្វហ្គានីស្ថានគឺបានចូលរួមជាមួយមនុស្សរាប់សែននាក់ដែលព្យាយាមទៅប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ២០១៥នៅពេលដែលវិបត្តិអន្តោប្រវេសន៍ដ៏អាក្រក់បំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២បានឡើងដល់ចំណុចកំពូល។
ការស្លាប់នោះបានបង្កឲ្យមានការស្អប់ខ្ពើមជាអន្តរជាតិនិងធ្វើឲ្យអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ប្រកាសថា លោកស្រីនឹងបើកទ្វាររបស់ប្រទេសដោយអនុញ្ញាតឲ្យជនភៀសខ្លួនប្រមាណមួយលាននាក់ចូលមកដែលភាគច្រើនគឺមកពីប្រទេសស៊ីរី។
ខណៈធ្វើដំណើរទៅព្រំដែនស៊ែប៊ីជាប់ប្រទេសហុងគ្រី, ក្រុមមនុស្សចំនួន៧១នាក់ត្រូវបានគេដាក់ក្នុងឡានដែលមានខ្យល់តិចតួចហើយការយំស្រែករបស់ពួកគេឲ្យបញ្ឈប់និងបើកទ្វារដើម្បីឲ្យមានខ្យល់បរិសុទ្ធគឺមិនត្រូវបានគេអើពើនោះទេ។
ដោយដឹងអំពីអ្វីដែលបានកើតឡើង អ្នកបើកបរបានបោះបង់ចោលឡានដឹកទំនិញក្លាសេនៅចិញ្ចើមផ្លូវហាយវេក្នុងប្រទេសអូទ្រីស។
ជនជាប់ចោទត្រូវបានចោទប្រកាន់ពីបទឃាតកម្មធ្ងន់ធ្ងរដោយមានភាពសាហាវឃោរឃៅហើយត្រូវបានកាត់ទោសកាលពីឆ្នាំមុននៅក្នុងក្រុង Kecskemet ភាគខាងត្បូងប្រទេសហុងគ្រី។
ទោះបីជាយ៉ាងណាក៏ដោយ ជនសង្ស័យជាមេក្លោងឈ្មោះ Samsoor Lahoo ដែលខ្លួនឯងជាជនជាតិអាហ្វហ្គានីស្ថានដែលភៀសខ្លួនចេញពីប្រទេសរបស់គាត់បានប្រាប់តុលាការនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយមួយថា គាត់មិនចង់ឲ្យនរណាម្នាក់ស្លាប់ទេ។
ប៉ុន្ដែប៉ូលិសបានចាប់បានការហៅទូរស័ព្ទដែលគាត់ធ្វើឡើងជាមួយបុរសរបស់គាត់នៅលើឡាននោះដែលសួរថា តើត្រូវធ្វើអ្វី។ គាត់បានប្រាប់ពួកគេមិនឲ្យបើកទ្វារ។
Lahoo និយាយថា “ទុកឲ្យពួកគេស្លាប់ទៅ។ នេះជាបញ្ជា”។
គាត់បានបន្ថែមថា “បើសិនជាពួកគេស្លាប់ សូមបោះបង់ចោលពួកគេនៅក្នុងព្រៃរបស់ប្រទេសអាល្លឺម៉ង់ទៅ”៕ AFP
Source: Kampuchea Thmey Daily
0 Comments