ដោយសារស្ថានភាពរបួសជង្គង់របស់កីឡាករ Jorrin John មកពីកោះ Antigua and Barbudaរយៈពេលយូរ ទើបធ្វើឲ្យក្រុមក្លិបភ្នំពេញក្រោន សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) សម្រេចរកកីឡាករថ្មីមកជំនួស ត្រៀមចូលរួមក្រុមក្នុងជើងទី២ ខាងមុខ នោះគឺខ្សែប្រយុទ្ធជនជាតិប្រេស៊ីល Valci Teixeira Júnior មកពីលីគលំដាប់ទី២ប្រទេសថៃ។
យោងតាមសេចក្ដីប្រកាសរបស់ក្លិបនៅរសៀលថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះបញ្ជាក់ថា «ក្លិបសូមបង្ហាញជូននូវសមាជិកថ្មីគឺកីឡាករជនជាតិប្រេស៊ីល Valci Teixeira Júnior។ ខ្សែប្រយុទ្ធរូបនេះធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងតំបន់អាស៊ី ពិសេសនៅក្នុងប្រទេសថៃតែម្តង។ យើងសង្ឃឹមថា រូបគេនឹងអាចរួមចំណែកជាមួយមិត្តរួមក្រុមដទៃទៀតដើម្បីជួយក្រុមឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរក្នុងជើងទី២ នៃលីគកំពូលកម្ពុជានាពេលខាងមុខនេះ»។
កីឡាករប្រេស៊ីល រូបនេះមានកម្ពស់១,៩០ម៉ែត្រ តួរនាទីជាខ្សែប្រយុទ្ធ។ រូបគេចំណាយពេល៩ឆ្នាំជាមួយក្លិបចំនួន១១នៅប្រទេសថៃ គិតចាប់តាំងពីឆ្នាំ២០០៩ មក ដែលមានដូចជា ក្លិបTOT-CAT, Sisaket, TTM Phichit, Tai Port, Nakhon Ratchasima, Rayong, Krabi, Bangkok, Ayutthaya, Udon Thani និងSamut Sakhon។ តែចន្លោះឆ្នាំ២០១២ រូបគេបានផ្លាស់ទៅលេងជាមួយក្លិប Al Nahda Club នៅប្រទេសអូម៉ង់ និងនៅឆ្នាំ ២០១៦រូបគេប្តូរទៅលេងជាមួយក្លិបលីគលំដាប់ទី៣ប្រទេសជប៉ុន គឺក្លិប Gainare Tottori។
យោងតាមលិខិតផ្លូវការដែលចេញដោយ CNCC បានបញ្ជាក់ថា ការដោះដូរកីឡាករជើងទី២នេះអាចធ្វើបានលើកីឡាករកម្ពុជា៣រូប និងកីឡាករបរទេស៣រូប។ គិតត្រឹមពេលនេះពានរង្វាន់លីគកំពូលកម្ពុជា ធ្វើដំណើរដល់សប្តាហ៍ទី៩ ហើយខណៈជុំទី១នៃរដូវកាលនេះនឹងបញ្ចប់នៅថ្ងៃទី២៤ ខែមិថុនា ខាងមុខ។ តាមគម្រោងការប្រកួតជុំទី២នឹងចាប់ផ្ដើមនៅថ្ងៃទី៣០ ខែមិថុនា ហើយកីឡាករថ្មីៗដែលក្លិបនីមួយៗជាសមាជិកទាំង១២ក្រុមបានចុះបញ្ជីលើកទី២នេះនឹងចូលលេងបាន។
យោងតាមគោលការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ស្របតាមសហព័ន្ធកីឡាបាល់ទាត់អាស៊ី កំណត់ថា ក្លិបជាសមាជិកលីគរបស់ខ្លួនអាចចុះបញ្ជីកីឡាករបរទេសបាន៥នាក់ ប៉ុន្តែក្នុងនោះត្រូវមានកីឡាករអាស៊ី ១រូប (រូបមន្ត ៤+១)។ ដូច្នេះក្រុមភ្នំពេញក្រោន បានចុះបញ្ជីកីឡាករបរទេសពេញបញ្ជីដដែលដោយក្នុងនោះមាន កីឡាករ Tsotleho JANE ហៅក្រៅថាSunny ខ្សែការពារ Jonny Campbell ជនជាតិអាមេរិក ខ្សែប្រយុទ្ធ Pouya Hossein ជនជាតិអ៊ីរ៉ង់ កីឡាករ Atsushi Shirota ជនជាតិជប៉ុន និងខ្សែប្រយុទ្ធជនជាតិ ប្រេស៊ីលValci Teixeira Junior នេះតែម្តង៕
Source: Kampuchea Thmey Daily
0 Comments