ភ្នំពេញ ៖ នៅក្នុងពិធីបញ្ជ្រាបការយល់ដឹងអំពីច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជូនដល់សិស្ស និស្សិត គរុសិស្ស និងសាស្ត្រាចារ្យ នៅវិមានចំរើនសិរីមង្គល ខេត្តបាត់ដំបង កាលពីថ្មីៗនេះ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានបកស្រាយ ក៏ដូចជាពន្យល់ពីរបៀបជៀសវាងការលួចបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោត។
លោក ស៊ិក ប៊ុនហុក បានលើកឡើងថា ការលួចបន្លំសន្លឹកឆ្នោត គឺជាការរំលោភបំពានទៅលើបទដ្ឋាន និងនីតិវិធីផ្សេងៗ សំដៅធានា ឬជួយបង្កើនលទ្ធផលសំលេងឆ្នោតឲ្យគណបក្សនយោបាយណាមួយ ហើយការលួចបន្លំសន្លឹកឆ្នោតអាចកើតឡើងនៅក្នុងដំណាក់កាលអនុវត្តនីតិវិធីមួយចំនួនរួមមាន ទី១, ដំណាក់កាលរៀបចំបញ្ជីបោះឆ្នោត គឺមិនចុះឈ្មោះឲ្យបុគ្គលណាដែលគេមិនចង់ឲ្យចូលរួមបោះឆ្នោត។ ការឃុបឃិតនេះ អាចកើតមានឡើងនៅក្នុងការបម្រើសេវាសាធារណៈ ដូចជាការស្នើសុំឯកសារ ដើម្បីយកទៅចុះឈ្មោះបោះឆ្នោតជាដើម។
ទី២, ដំណាក់កាលឃោសនាបោះឆ្នោត គឺភាពមិនស្មើគ្នារវាងគណបក្សនយោបាយ ដែលបានចូលរួមការបោះឆ្នោត។ បញ្ហានេះ នាំឲ្យ គ.ជ.ប បានចេញសៀវភៅណែនាំ ស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងគោលការណ៍មួយចំនួនទៀត ដើម្បីទប់ស្កាត់នូវភាពមិនស្មើគ្នានេះ។
ទី៣, ដំណាក់កាលបោះឆ្នោត គឺការដាក់បន្ថែមសន្លឹកឆ្នោតក្នុងហិបឆ្នោតមុនពេលបោះឆ្នោត ហេតុនេះហើយទើបនាំឲ្យមានការបង្ហាញហិបឆ្នោតនៅមុខសាធារណជនមុនពេលទម្លាក់សន្លឹកឆ្នោត។
ទី៤, ដំណាក់កាលរាប់សន្លឹកឆ្នោត និងបូកសរុបលទ្ធផលបោះឆ្នោត ដើម្បីជៀសវាងការលួចបន្លំសន្លឹកឆ្នោត ក្នុងដំណាក់កាលនេះ ជំពូកទី៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាន ៤៦ មាត្រា ដែលបាននិយាយលម្អិតអំពីនីតិវិធីនៃការរាប់សន្លឹកឆ្នោត និងបូកសរុបលទ្ធផលបោះឆ្នោត៕
Source: Kampuchea Thmey Daily
0 Comments