Ad Code

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​អញ្ជើញ ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​គម្រោង​វាយតម្លៃ​ផល​ប៉ះពាល់​នៃ​លិខិតបទដ្ឋាន​គតិយុត្ត នៅ​ក្រសួង ​កសិកម្ម



ភ្នំពេញ​ ៖ ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ព្រឹក​ថ្ងៃ​ពុធ​៨​កើត ខែ​បឋមាសាឍ ឆ្នាំច​ សំរឹទ្ធិស័ក ពស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០១៨ ​បាន​អញ្ជើញ បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​គម្រោង​វាយតម្លៃ​ផល​ប៉ះពាល់​នៃ​លិខិតបទដ្ឋាន​គតិយុត្ត ដែល​គម្រោង​នេះ​បាន​ទទួល​ជំនួយ​បច្ចេកទេស​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី លេខ​៨៨៣៤។

ក្រសួង បាន​ឲ្យ​ដឹងថា បន្ទាប់ពី លោក យឹម ណុល​សន អនុប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ និង​ជា​ប្រធាន​ក្រុម​ប្រតិបត្តិ​លិខិត បទដ្ឋាន​គិតយុត្ត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​លើក​មក​បញ្ជាក់​ពី​គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា រួចមក លោក រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក យឹម ណុល​សន និង​សហការី ដែល​បាន​ផ្តួចផ្តើម​និង​ផ្តល់​ការគាំទ្រ​រៀបចំ​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ និង​បាន​ថ្លែង​អំណរ គុណ​និង​ការគោរព​ដ៏​ខ្ពង់ខ្ពស់​ជូន​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ដែល​យកចិត្តទុកដាក់​ដល់​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ក្របខ័ណ្ឌ​នៃ​វិធីសាស្ត្រ​វាយតម្លៃ​លើ​ផល​ប៉ះពាល់​នៃ​ការអនុវត្ត​លិខិតបទដ្ឋាន​គតិយុត្ត​។​

​លោក រដ្ឋមន្ត្រី​បាន បន្ថែមថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែង​យកចិត្តទុកដាក់​ជំរុញ​ការកសាង​លិខិតបទដ្ឋាន​គតិយុត្ត​លើ​គ្រប់​វិស័យ ពាក់ព័ន្ធ​នឹង​ក្របខ័ណ្ឌ​កំណែទម្រង់​វិស័យ​ច្បាប់ សំដៅ​ធ្វើឱ្យ​សមស្រប​ទៅនឹង​បរិបទ​សេដ្ឋកិច្ច​ទីផ្សារ ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ចូលក្នុង​តំបន់ និង​សាកលលោក ជាពិសេស​ក្នុង​តំបន់​អាស៊ាន​។ ជាមួយនឹង​ការរីកចម្រើន​នេះ ក្រសួង​ក៏មាន​សេចក្តីត្រូវការ​ផ្នែក​កសាង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ចាំបាច់​សម្រាប់​គាំទ្រ​ការអភិវឌ្ឍ​។ ទាក់ទង​នឹង​ខ្លឹមសារ​នៃ​អង្គសិក្ខាសាលា​នា​ថ្ងៃនេះ លោក រដ្ឋមន្ត្រី​បានធ្វើ​ការគាំទ្រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឆន្ទៈ និង​ស្មារតី​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ក្នុង​គោលបំណង​ជំរុញ ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ធ្វើយ៉ាងណា​ឲ្យ​វិស័យនេះ​មានការ​រីកចម្រើន​ប្រកបដោយ​ចីរភាព និង​និរន្តរភាព ស្រប​ពេល​ដែល​ប្រទេសជាតិ​មាន​ការវិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។​

​ដើម្បី​ពង្រឹង​និង​ពង្រីក​ប្រសិទ្ធភាព​នៃ​ការតាក់តែង​ច្បាប់ ក៏ដូចជា​ការអនុវត្ត​ច្បាប់​ទាំងឡាយ​ដែល​បាន​ចូល​ជា​ធរមាន និង​បន្ត​អនុវត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នូវ​សារាចរ​លេខ​០៣ សរ ចុះ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៣ ស្តីពី​ការអនុវត្ត​គោលការណ៍​ណែនាំ​អំពី​នីតិវិធី និង​វិធាន​នៃ​ការ​តាក់តែង​សេចក្តីព្រាង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ផ្សេងៗ​ទៀត ព្រមទាំង​ចូលរួម​អនុវត្ត​នូវ​សេចក្តីសម្រេច​លេខ​១៣២ សសរ ចុះ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ ស្តីពី​ការបង្កើត​ក្រុមការងារ​វាយតម្លៃ​លើ​ផល​ប៉ះពាល់​នៃ​លិខិតបទដ្ឋាន​គតិយុត្ត លោក រដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​ជូន​អង្គ​សិក្ខាសាលា​ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖

១- នាយកដ្ឋាន​នីតិកម្ម​កសិកម្ម ត្រូវ​បង្កើន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ លើ​ការពង្រឹង​និង​ជំរុញ​សកម្មភាព​ការរៀបចំ​សេចក្តីព្រាងច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ដោយ​សហការ​ជាមួយ​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​។ ជាមួយគ្នានេះ ត្រូវ​ពិនិត្យ​លើ​ខ្លឹមសារ​ច្បាប់​ដែល​ចូល​ជា​ធរមាន ដើម្បី​ជំរុញ​ការកសាង​លិខិតបទដ្ឋាន​គតិយុត្ត​ក្រោម​ច្បាប់​ទាំងអស់នេះ​ឱ្យមាន​លក្ខណៈ​ពេញលេញ និង​ស្របទៅតាម​ច្បាប់​កំណត់​។​

២- គ្រប់​អង្គភាព​ពាក់ព័ន្ធ ត្រូវ​សិក្សា​និង​ធ្វើ​គម្រោង​នៃ​តម្រូវការ​សេចក្តីព្រាងច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹង​និង​អភិវឌ្ឍន៍​ក្នុង​អនុវិស័យ​របស់ខ្លួន ដោយ​ត្រូវធ្វើ​ការវាយតម្លៃ​លើ​ផល​ប៉ះពាល់​នៃ​លិខិតបទដ្ឋាន​នីមួយៗ​ឱ្យបាន​សុក្រឹត ហើយ​ត្រូវ​ធ្វើ​ជាបន្ទាន់​ស្របតាម​តម្រូវការ​ចាំបាច់​នា​ពេល​បច្ចុប្បន្ន​។​

៣- រដ្ឋបាល​ព្រៃឈើ រដ្ឋបាល​ជលផល អគ្គនាយកដ្ឋាន​កសិកម្ម អគ្គនាយកដ្ឋាន​កៅស៊ូ អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ នាយកដ្ឋាន​នីតិកម្ម​កសិកម្ម និង​នាយកដ្ឋាន​កសិឧស្សាហកម្ម ត្រូវ​រៀបចំ​បង្កើត​ក្រុមការងារ​បង្គោល​សម្រាប់​វាយតម្លៃ​លើ​ផល​ប៉ះពាល់​នៃ​លិខិតបទដ្ឋាន​គតិយុត្ត​ប្រចាំ​អង្គភាព ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស កសាង​សមត្ថភាព​ សំដៅ​ពង្រឹង​ការទទួលខុសត្រូវ​ខ្ពស់ លើ​កិច្ចការ​នីតិកម្ម​របស់​អង្គភាព​សាមី។

៤- ក្រុមការងារ ត្រូវ​សហការ​ជាមួយ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ រៀបចំ​ធ្វើការ​បណ្តុះ បណ្តាល និង​កសាង​សមត្ថភាព​ដល់​មន្ត្រី​ក្រុមការងារ​បង្គោល សម្រាប់​វាយតម្លៃ​លើ​ផលប៉ះពាល់​នៃ​លិខិតបទដ្ឋាន​គតិយុត្ត​ប្រចាំ​អង្គភាព និង​ជួយ​សម្របសម្រួល​លើ​ដំណើរការ​វាយតម្លៃ​លើ​ផលប៉ះពាល់ នៃ​លិខិតបទដ្ឋាន​គតិយុត្ត របស់​ក្រុមការងារ​បង្គោល សម្រាប់​វាយតម្លៃ​លើ​ផល​ប៉ះពាល់ នៃ​លិខិតបទដ្ឋាន​គតិយុត្ត​ប្រចាំ​អង្គភាព​។​

​ក្រសួង​បញ្ជាក់​ថា សិក្ខាសាលា​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោក យឹម ណុល​សន អនុប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ និង​ជា​ប្រធាន​ក្រុម​ប្រតិបត្តិ​លិខិត បទដ្ឋាន​គិត​យុត្ត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក ថ្នាក់ដឹកនាំ​ក្រសួង ភ្ញៀវកិត្តិយស និង​សិក្ខាកាម​ដែល​ជា​មន្ត្រី​បង្គោល ថ្នាក់ដឹកនាំ​អង្គភាព​ថ្នាក់​កណ្តាល ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត ទាំង​២៥ ក្រោម​ឱវាទ​ក្រសួង សរុប​ប្រមាណ​២០០​នាក់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu