ភ្នំពេញ ៖ លោក Benoit Vidal មេចុងភៅផ្កាយពីរមកពីប្រទេសបារាំង ដែលមានកេរ្តិ៍ឈ្មោះក្នុងការបញ្ចូលគ្នានៃរសជាតិប្រចាំតំបន់ភ្នំ និងមេឌីទែរ៉ាណេ នឹងបង្ហាញមុខម្ហូបចំនួន៦មុខនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០ ១៨ នៅភោជនីយដ្ឋានតូប៉ាហ្ស។
មុខម្ហូប៦មុខ ដែលនឹងត្រូវបង្ហាញរួមមានមុខម្ហូប ត្រីត្រោតអាំង ជាមួយម្សៅសាគូស្រួយ, បង្កងទន្លេចំហ៊ុយ ជាមួយទឹកស៊ុប និងស្លឹកផ្កាបារាំង, សាច់ត្រីចៀនជាមួយទឹកជ្រលក់ធ្វើពីបន្លែស្រស់ និងខ្ញី, ទ្រូងទាដុត ជាមួយខ្ញី និងដំឡូងឈាមមាន់, ការ៉េមគ្រីមឈីស ជាមួយសូកូឡាពណ៌ស ស្រាក្រហម និងនំប៉័ងខ្ញី និងដំណាប់ក្រូច ជាមួយការ៉េម ក្រូចឆ្មារ និងនំពងមាន់ស។
ថ្លែងនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨លោកលោក Benoit Vidal បានមានប្រសាសន៍ថា តបតាមការអញ្ជើញរបស់ភោជនីយដ្ឋាន តូប៉ាហ្ស លោកនឹងមកកម្ពុជារយៈពេលមួយសប្ដាហ៍ ដើម្បីចែករំលែកនូវចំណេះដឹងផ្នែកអាហារបែបអឺរ៉ុប ដ៏ល្បីមួយនេះ ជូនដល់ចុងភៅកម្ពុជា។
លោកបានមកដល់ទីក្រុងភ្នំពេញពីរទៅបីថ្ងៃ មុនកម្មវិធីចាប់ផ្តើមដូច្នេះ ហើយលោកនឹងរៀបចំ កម្មវិធីបណ្តុះបណ្តាលដល់ក្រុមការងាររបស់ភោជនីយដ្ឋានតូប៉ាហ្ស អំពីគន្លឹះសំខាន់ៗ និងជំនាញដែលចាំបាច់ ដើម្បីបង្កើត មុខម្ហូបរបស់លោក។
សូមជម្រាបថា ការអញ្ជើញនូវមេចុងភៅលំដាប់ផ្កាយដូចជាលោក Benoit Vidal គឺជាយុទ្ធសាស្ត្រ មួយដើម្បីបង្កើនចំណេះជំនាញដល់បុគ្គលិក និងបង្កើនកំរិតស្តង់ដារដល់ភោជនីយដ្ឋាន ហើយការចំណា យ ពេលវេលារបស់គាត់នៅទីនេះ នឹងបង្កើតនូវកេរ្ត៍ដំណែលមួយដែលភោជនីយដ្ឋាន អាចបន្តបំរើនូវ រសជាតិ របស់គាត់ បន្ទាប់ពីគាត់ត្រលប់ទៅវិញ។
លោក Benoit Vidal ជាម្ចាស់ និងជាមេចុងភៅរបស់ភោជនីយដ្ឋាន Atelier Edmond នៃប្រទេសបារាំង, លោកបានឈ្នះពានរង្វាន់ជាមេចុងភៅលំដាប់ ផ្កាយ លើកដំបូងក្នុងឆ្នាំ២០១២ ហើយបីឆ្នាំក្រោយមក លោកបានឈ្នះពានជាមេចុងភៅលំដាប់ផ្កាយពីរ គាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារគាត់ប្រើប្រាស់គ្រឿងទេសក្នុងស្រុក បូករួមជាមួយសមត្ថភាព របស់គាត់ដើម្បីកំណត់ពី រសជាតិដោយប្រើប្រាស់នូវគ្រឿងផ្សំមួយដើម្បីលើកស្ទួយគ្រឿងផ្សំផ្សេងទៀត។
លោក Benoit Vidal បានឲ្យដឹងថា កត្ដាសំខាន់ និងភាពរឹងមាំ នៃការចម្អិនមុខម្ហូប ក្នុងពេលបច្ចុប្បន្ន គឺផ្សារភ្ជាប់ជាមួយក្លិន និងរសជាតិ ហើយអាហារគ្រប់ចានទាំងអស់ ត្រូវបានរចនាយ៉ាងស្រស់ស្អាត ហើយអ្នកស្ទើរតែមិនហ៊ាននឹងទទួលទានវា ព្រោះតែស្ដាយនូវរូបភាពដ៏ស្រស់ស្អាតនៅលើចាននោះ ហើយថ្ងៃទី២១មិថុនា ខាងមុខនេះ ខ្ញុំនឹងចម្អិនម្ហូបចំនួន៦មុខជូនបងប្អូនកម្ពុជាពិសា។ លើសពីនោះ ក្នុងមុខម្ហូបទាំងនេះ គឺជារសជាតិដើមប្រចាំតំបន់របស់ខ្ញុំតែម្ដង ហើយមុខម្ហូបនីមួយគឺទទួលបានភាពល្បីល្បាញ និងទទួលបានគាំទ្រខ្ពស់ ទាំងភ្ញៀវក្នុង និងក្រៅស្រុក ។
លោក Vidal បានបន្តទៀតថា ក្នុងចំណោមមុខម្ហូបទាំងប្រាំមួយមុខនៃការទទួលទានអាហារពេលល្ងាច លោកអ្នកនឹងអាចរីករាយ ជាមួយត្រី Trout អាំងជាមួយទឹកខ្យងបំពង, Enlivened ជាមួយទឹកខ្មេះបាយ, ខ្ញីជាមួយ វ៉ាសាបី, ទាដុតជាមួយ Beetroot, ទឹកលម្អងផ្កាជាមួយខ្ញី, និងមុខម្ហូបពិសេសៗជាច្រើនទៀត។
ចំពោះតម្លៃសំបុត្រក្នុងការចូលរួមទទួលទានអាហារពេលល្ងាច ជាមួយមេចុងភៅលំដាប់ផ្កាយពីរនេះ មានតម្លៃត្រឹមតែ១២៥ដុល្លារ ក្នុងម្នាក់ ឬ១៨០ដុល្លារក្នុងម្នាក់ រួមបញ្ចូលជាមួយជម្រើសស្រាជាច្រើនប្រភេទ៕
Source: Kampuchea Thmey Daily
0 Comments