Ad Code

បើកបរ​ម៉ូតូ​​ គ្មាន​ការ​យោគយល់​ បុក​​គ្នា​ពេញ​ទំហឹង​ស្លាប់​ទាំងសងខាង



បាត់ដំបង​ ៖ ​បុរស​វ័យ​ចំណាស់​ៗ​ចំនួន​ពីរ​នាក់​ បាន​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ​ និង​ម្នាក់ទៀត ក៏បាន​ស្លាប់​ដែរ​ ក្រោយពេល​បញ្ជូន​តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​មន្ទីរពេទ្យ​ បន្ទាប់ពី​ពួកគាត់​ទាំងពីរ​នាក់​ បាន​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ដោយ​គ្មាន​ការយោគយល់​គ្នា ក៏បាន​បាត់បង់​ម្ចាស់ការ​ ដោយ​ភាគី​ម្ខាង​បាន​រេ​ចង្កូត​ទៅ​បុក​លើ​ភាគី​ម៉ូតូឌុប ​បណ្តាល​អោយ​ស្លាប់​ខ្លួនឯង​មុន។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ​សំរោង ​ ឃុំ​ធិបតី ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ​រវាង​ម៉ូតូ​និង​ម៉ូតូ ​ក្នុង​ទិសដៅ​ច្រាស​ទិស​គ្នា ដែល​បង្ក​អោយ​ស្លាប់​ភាគី​ទាំងសងខាង​ បន្ទាប់ពី​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​ជំនាញ​ ដែល​អះអាង​ដោយ​លោក​វរសេនីយ៍ឯក​ ឆាង វណ្ណ​ឆៃ អធិការ នគរបាល​ស្រុក​គាស់ក្រឡ គឺ​បាន​បញ្ជាក់​ថា នៅ​ពេល​កើតហេតុ​នោះ គេ​​សង្កេត​ឃើញ​មាន​ម៉ូតូ​ចំនួន​២​គ្រឿង ដែល​ទី ១-​ម៉ូតូ​សេ​១២៥ ស៊េរី​២០១៨ ពណ៌​ ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1AC3532 បើកបរ​ដោយ ឈ្មោះ លឹម ដា​រិ​ទ្ធិ ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង មានមុខ​របរ ជា​អ្នក​រត់ម៉ូតូឌុប (​របួសធ្ងន់​) បាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​មោង​ឬ​ស្សី ប៉ុន្តែ​ត្រូវបាន​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ ត្រង់​ចំណុច​អូរ​សណ្តា​ស ពេល​បញ្ជូន​បន្ត​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត។ ទី​២-​ម៉ូតូ​សេ​១២៥ ​ស៊េរី​២០១៤ ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ បាត់ដំបង 1R3661​ អ្នកបើកបរ​មានឈ្មោះ សុខ ថូ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ជាតិ ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ​ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង។

លោក​អធិការ​បាន​បន្តថា បើតាម​ការពិនិត្យ​គឺ​ភាគី​ម៉ូតូ​ដែល​បាន​ស្លាប់​ភ្លាមៗ គឺជា​ភាគី​បង្ក​ដោយ​សារ​តែ​គេ​បាន​បើកបរ​លឿន ហើយ​បាន​ឆ្លង​ចូលទៅក្នុង​គន្លង​ខាងឆ្វេង បណ្តាលអោយ​បុក​ទៅលើ​ម៉ូតូ​ដែល​មកពី​មុខតែ​ម្តង។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ក៏បាន​ប្រគល់​សព​ទៅអោយ​ក្រុមគ្រួសារ នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ដោយឡែក​ម៉ូតូ​ក៏ត្រូវ​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu