បាត់ដំបង ៖ រឿងរ៉ាវ ដែលមានការប្តឹងផ្តល់គ្នារវាងម្ចាស់ទីតាំងធ្វើអាជីវកម្ម ចិញ្ចឹមសត្វត្រចៀកកាំ ជាមួយនឹងប្រជាពលរដ្ឋដែលរស់នៅក្បែរខាង បានអូសបន្លាយពេលប្រមាណជាង៤ឆ្នាំ តែនៅទីបំផុត ត្រូវបានតុលាការកំពូលសម្រេចចេញ សាលដីកា បង្គាប់អោយធ្វើការរុះរើចេញ បើទោះបីជាភាគីចុងចម្លើយមានការរឹងរូសមិនព្រមរុះរើ ដោយបានដាក់មេធាវីអោយការពារ និងធ្វើការពន្យារជាច្រើនលើក ច្រើនសាយ៉ាងណាក៏ដោយ។
នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នេះ គេសង្កេតឃើញនៅខាងមុខផ្ទះ លោកញឹក ប៊ុនឈុប អតីតជាប្រធានមន្ទីរពេទ្យ ខេត្ត មានការជួបជុំកម្លាំងចម្រុះមួយ ដែលដឹកនាំដោយលោក អាជ្ញាសាលា ញឹប និន តំណាងអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង លោក លាង វាសនា អភិបាលរង ក្រុងបាត់ដំបង លោកមេធាវីទាំងសងខាងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ដែលជាតំណាងដើមបណ្តឹងសាទុក្ខ ជាច្រើនរូប។
នៅពេលនោះដែរ គេមិនបានឃើញភាគីម្ចាស់ផ្ទះចូលរួមឡើយ មិនត្រឹមតែប៉ុណ្ណោះគេថែមទាំងបានចាក់សោទ្វារជាច្រើនជាន់បន្ថែមទៀត តែទោះបីជាយ៉ាងនេះក្តីក៏លោកអាជ្ញាសាលា ត្រូវតែជម្នះអនុវត្តសាលដីកា ដែលចេញដោយតុលាការកំពូលលេខ ២៧៣ ( ដ ) ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលចុះហត្ថលេខា ដោយលោក យូរ ឧត្តរា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ អោយបាន។
នៅក្នុងសាលដីកានោះ គឺមានដើមបណ្តឹងសាទុក្ខចំនួន៤រូប តំណាងអោយប្រជាពលរដ្ឋប្រមាណ ២០ គ្រួសារ ក្នុងនោះគឺ លោកស្រី ប៊ុន ខាងទៀង លោកស្រី គួច ចេង លោក ឡៅ ទី និង លោកស្រី ស៊ឹម ណា អ្នកទាំងអស់ រស់នៅភូមិ ព្រែកមហាទេពសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានប្តឹងទៅលើឈ្មោះញឹក ប៊ុនឈុប ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់ ជាមួយគ្នា ដោយបានស្នើសុំអោយប្តូរទីតាំង ការធ្វើអាជីវកម្ម ចិញ្ចឹមសត្វត្រចៀកកាំ និងរុះរើសំណង់ដែលបានសាងសង់នៅជាន់ទី៤ សម្រាប់ជាទីជម្រករបស់សត្វត្រចៀកកាំចេញ ផងដែរ។
ដោយការប្តឹងនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៤ មកម្ល៉េះ ដោយផលប៉ះពាល់រួមមាន ចាក់ឌីស សំឡេងសត្វយំ សំឡេងសត្វយំផ្ទាល់ ក្លិនស្អុយទឹកនោម និងលាមកសត្វ ពេលភ្លៀងមានការកកស្ទះតាម ទ ដោយមិនអាចប្រើប្រាស់ទឹកបានដាក់ហាលអ្វីៗមិនកើត និងមានការប៉ះពាល់ដល់សុខភាពក្មេងៗថែមទៀត។
ការប្តឹងតវ៉ានេះ បានអូសបន្លាយពេលរហូតដល់សាលាឧទ្ធរណ៍ ដោយនៅពេលនោះខាងសាលាឧទ្ធរណ៍ ក៏មានការជំទាស់ទៅលើដើមបណ្តឹងដែលជាប្រជាពលរដ្ឋផងដែរ ប៉ុន្តែនៅទីបំផុត តុលាការកំពូលបានពិនិត្យ និងសម្រេច បង្គាប់អោយលោក ញឹក ប៊ុនឈុបបញ្ឈប់ការចិញ្ចឹមសត្វត្រចៀកកាំនៅទីតាំងខាងលើ និងបង្គាប់អោយរុះរើសំណង់ និងការទាំងឡាយ ដែលបម្រើអោយការចិញ្ចឹមសត្វត្រចៀកកាំនេះ។
នៅក្នុងពេលនោះ បើទោះបីជាកូនប្រសារបស់លោក ញឹក ប៊ុនឈុប មកធ្វើការរារាំង និងហាមមិនអោយថត ដោយបញ្ចេញនូវអាកប្បកិរិយា បែបទំនើង គ្មានយល់អំពីផ្លូវច្បាប់ និងមានការសុំពន្យារពេលទាំងទទឹងទិស ពីសំណាក់លោក មេធាវីការពារកូនក្តីយ៉ាងណាក៏ដោយ ក៏លោក អាជ្ញាសាលា សម្រេចបញ្ជាអោយកាត់សោទាំងប៉ុន្មានគ្រាប់នេះ ចេញទាំងអស់ដែរ ដើម្បីអនុវត្តអោយមានតម្លាភាព និងធ្វើការរុះរើទៅលើទីតាំងធ្វើអាជីវកម្ម ចិញ្ចឹមសត្វត្រចៀកកាំនេះ៕
Source: Kampuchea Thmey Daily
0 Comments