Ad Code

លោក​គីម ​ជុង​អ៊ុន​សាទរ “​សាមគ្គីភាព​” ជាមួយ​ប្រទេស​ចិន​ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្មី



លោក​គីម​ជុង​អ៊ុន​បានប្រកាស​ពី “​មិត្តភាព សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​” របស់​ប្រទេស​កូរ៉េខាងជើង​ជាមួយ​ក្រុង​ប៉េកាំង​ក្នុងអំឡុងពេល​ទស្សនកិច្ច​លើក​ទី​បី​របស់គាត់​ទៅកាន់​ប្រទេស​ចិន​នៅ​ឆ្នាំនេះ​។ នេះ​ជាការ​បង្ហាញ​នូវ​ភក្ដីភាព​ចំពោះ​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់គាត់​បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​មួយ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​។​

ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​ដែល​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ​គឺ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ធានា​ដល់​ក្រុង​ប៉េកាំង​សាជាថ្មី​ថា​ក្រុង​ព្យុងយ៉ាង​នឹងមិន​បោះបង់ចោល​ផលប្រយោជន៍​របស់​ចិន​ទេ​។​

ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​តុល្យភាព​ដ៏​ទន់ភ្លន់​សម្រាប់​លោក​គីម​ដែល​ក្រុមអ្នកវិភាគ​និយាយថា កំពុង​ព្យាយាម​លលេង​ជាមួយ​ផលប្រយោជន៍​របស់​អាមេរិក​និង​ចិន​។​

លោក​គីម​បាន​ជ្រើស​យក​ទីក្រុង​ប៉េកាំង​សម្រាប់​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​ជា​លើកដំបូង​របស់គាត់​នៅក្នុង​ខែមីនា​និង​បាន​ជួប​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជីន​ភីង​ម្តងទៀត​ក្នុង​ខែមេសា​នៅ​កំពង់ផែ​ភាគ​ឦសាន​ទីក្រុង Dalian ។​

ទោះបីជា​យ៉ាងណាក៏ដោយ របៀបវារៈ​របស់លោក​គីម​នៅ​ថ្ងៃ​ពុធ​គឺ​មិនត្រូវ​បានបង្ហាញ​ជា​សាធារណៈ​ឡើយ​។ អ្នកកាសែត AFP ម្នាក់​បានឃើញ​ក្បួន​ម៉ូតូ​ដង្ហែ​ចាក​ចេញពី​សណ្ឋាគារ​សម្រាប់​ឥស្សរជន​បរទេស Diaoyutai នៅ​ក្រុង​ប៉េកាំង​ប៉ុន្តែ​គេ​មិន​ច្បាស់​ទេ​ថា​តើ​វា​ទៅ​កន្លែង​ណា​។​

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ KCNA របស់​កូរ៉េខាងជើង​បាន​រាយការណ៍​ថា ក្នុងអំឡុង​កិច្ចប្រជុំ​របស់គាត់​ជាមួយ​លោក​ស៊ី​កាល​ពីថ្ងៃ​អង្គារ លោក​គីម​បាន​អរគុណ​ដល់​ប្រទេស​ចិន​ចំពោះ​ការគាំទ្រ​ប្រកបដោយ​ភាព​វិជ្ជមាន​និង​ស្មោះត្រង់​និង​ការជួយ​ដ៏​ល្អ​សម្រាប់​ជំនួប​កំពូល​ដ៏​ជោគជ័យ​ជាមួយ​លោក​ត្រាំ​។​

មេដឹកនាំ​កូរ៉េខាងជើង​ដែល​ត្រូវបាន​ស្វាគមន៍​ដោយ​ឆ្មាំ​កិត្តិយស​និង​កុមារ​នៅឯ​វិមាន​មហាសាល​ប្រជាជន​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា លោក​បាន​វាយតម្លៃ​អំពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​យុទ្ធសាស្ត្រ​ដែល​បាន​ពង្រឹង​នាពេល​ថ្មីៗ​នេះ​រវាង​ប្រទេស​ទាំងពីរ​។​

KCNA បាន​រាយការណ៍​ថា “​គាត់​បាន​សម្តែង​ការប្តេជ្ញាចិត្ត​និង​ឆន្ទៈ​ក្នុងការ​អភិវឌ្ឍ​បន្ថែមទៀត​នូវ​ចំណងមិត្តភាព សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិត​ស្និ​ទ្ធិ​រវាង​ភាគី​ទាំងពីរ​ព្រមទាំង​រវាង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​និង​ចិន​”​។​

ចំណែក​លោក​ស៊ី​វិញ​បាន​ប្រាប់​លោក​គីម​ថា ប្រទេស​ចិន “​សាទរ​” ចំពោះ​កិច្ចប្រជុំ​កំពូល​របស់គាត់​ជាមួយ​លោក​ត្រាំ​ហើយ​លោក​បាន​ទទូច​ដល់ទី​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ព្យុងយ៉ាង​ឲ្យ​អនុវត្ត​កិច្ចព្រមព្រៀង​របស់​ពួកគេ​ដែល​បាន​ឈានដល់​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។​

មេដឹកនាំ​ចិន​បាន​ប្តេជ្ញា​ថា ក្រុង​ប៉េកាំង​នឹង​បន្ត​ដើរតួនាទី “​ប្រកបដោយ​ការស្ថាបនា​” នៅក្នុង​កិច្ចការ​នុយក្លេអ៊ែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu