Ad Code

រដ្ឋបាល​រាជធានី​ភ្នំពេញ​ ជំរុញ​អោយ​អាជ្ញាធរ​ និង​មន្ទីរ​ជំនាញ​ ពន្លឿន​លើ​ការងារ​ពាក់ព័ន្ធ​ការធ្វើ​ប្រទានកម្ម​ដីធ្លី ជូន​ប្រជាពលរដ្ឋ



ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ជំរុញ​អោយ​អាជ្ញាធរ​និង​មន្ទីរជំនាញ​ព​ន្លឿ​ន​លើ​ការងារ​ពាក់ព័ន្ធ​ការធ្វើ​ប្រទានកម្ម​ដីធ្លី ជូន​ប្រជាពលរដ្ឋ ដោយ​ត្រូវធ្វើ​ការត្រួតពិនិត្យ និង​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់ ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ដែល​បាន​កំណត់ដោយ​ស​.​ជ​.​ណ ពី​រាជរដ្ឋាភិបាល​រួចហើយ។

ការ​ជំរុញ​បែបនេះ​របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២០​ ខែ​មិថុនា​នៅ​សាលា​រាជធានី ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការធ្វើ​ប្រទានកម្ម និង​ផ្ត​ល់ប័ណ្ណកម្ម​សិទ្ធិ​ដី ​និង​បំបែក​ក្បាលដី​ក្នុង​បុរី​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោក​ឃួ​ង ស្រេង​បាន​បន្តថា មន្ទីរ​រៀបចំ​ដែនដី នគរ​រូបនីយ៍កម្ម​សំណង់​និង​សុរិ​យោ​ដី​រាជធានី​ភ្នំពេញ បាន​បំពេញការងារ​ទាំងថ្ងៃទាំងយប់​លើ​ការងារ​បោះពុម្ព​សន្លឹក​ប័ណ្ណ​កម្មសិទ្ធិ ក៏​ដូច​ការងារ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ និង​ផ្ត​ល់​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​បងប្អូន​។ ​អាជ្ញាធរ​ខណ្ឌ​នីមួយៗ​បានលើកឡើង​ពី​ទិន្នន័យ​តំបន់​ត្រូវធ្វើ​ប្រទានកម្ម​ដីធ្លី និង​ផល​ប៉ះពាល់។

ពាក់ព័ន្ថ​នឹង​សំណើ​​សុំ​ការអនុញ្ញាត​ធ្វើ​ប្រទានកម្ម និង​ផ្ត​ល់ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​មិន​រៀបរយ​លើដី​អាង​ស្តុក​ទឹក​ទួលគោក​ទី​១​សង្កាត់​បឹងកក់​ទី​២ និង​អាង​ស្តុក​ទួលគោក​ទី​២​សង្កាត់​បឹងកក់​ទី​១​ខណ្ឌទួលគោក​ដែលមាន​ពាក់​ព័ន្ធ ​នឹង​ផ្លូវ​រថភ្លើង​ដែរ​នោះ លោក​ឃួ​ង ស្រេង បញ្ជាក់ថា អង្គប្រជុំ​បានកំណត់​គំលាត​ពី​អ័ក្ស​ផ្លូវ​រថភ្លើង​សងខាង គឺ​ខាងត្បូង​ផ្លូវ​១១​ម៉ែត្រ ​និង​ខាងជើង​ផ្លូវ​១៥​ម៉ែត្រ​ចាប់ពី​ត្រឡោកបែក​ដល់​វិថី​គីម​អ៊ី​ល​ស៊ុ​ង។ ចំណែក​អាង​ស្ដុក​ទឹក​ត្រូវ​ទុក​ទំហំ​ទទឹង​ប្រឡាយ​២៤​ម៉ែត្រ និង​ទុក​ចំណី​ប្រឡាយ​សម្រាប់​ធ្វើ​ផ្លូវ​និង​បុក​ស៊ី​ផាយ​ដើម្បី​​បញ្ចៀស​ការរំលោភ​ប្រឡាយ​តទៅទៀត​។ ​ចំពោះ​កំណាត់​ផ្លូវ​អម​ផ្លូវ​រថភ្លើង​ចាប់ពី​ផ្លូវ​គីម អ៊ី​ល​ស៊ុ​ង​ដល់​អយស្ម័យយាន​កម្ពុជា ត្រូវ​ថយ​១២​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ​រថភ្លើង​។​ នៅមាន​ទីតាំង​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ​តាម​នីតិ​វិធី​សុរិយោដី និង​ការ​ផ្តល់​ប្រទានកម្ម​ដី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​ឈានទៅ​ផ្ត​ល់ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​បងប្អូន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu