Ad Code

អាមេរិក​ ដក​ខ្លួន​ចេញពី​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ



កាលពី​ថ្ងៃ​អង្គារ សហរដ្ឋអាមេរិក​ បាន​ដក​ខ្លួន​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ សហប្រជាជាតិ​ ដោយ​បាន​ថ្កោលទោស​ចំពោះ “​ភាព​លាក់ពុត​” នៃ​សមាជិក​របស់​ខ្លួន ​និង​ការចោទប្រកាន់​អំពី “​ភាព​លំអៀង​ឥត​ឈប់ឈរ​” ប្រឆាំង​នឹង​ប្រទេស​អ៊ីស្រាអែល។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley បាន​មក​ដល់​ទី​ក្រុង​វ៉ាស៊ីនតោន​វិញ ​ដើម្បី​ប្រកាស​អំពី​ការសម្រេចចិត្ត​នេះ​រួម​ជាមួយ​រដ្ឋមន្ត្រីការបរទេស​លោក Mike Pompeo ដែលជា​អ្នកកា​ទូត​កំពូល​របស់លោក​ប្រធានាធិបតី Donald Trump។

ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​ទាំងពីរ​បានលើកឡើង​ថា សហរដ្ឋអាមេរិក​នឹង​នៅតែ​ជា​អ្នកការពារ​សិ​ទិ្ធ​មនុស្ស​នាំមុខគេ​ប៉ុន្តែ​ចំពោះ​អ្នកខ្លះ​គិតថា ការសម្រេចចិត្ត​នេះ​គឺជា​ការឆ្លុះបញ្ចាំង​ពី​ភាពជា​សត្រូវ​របស់លោក Trump ចំពោះ​ស្ថាប័ន​ពិភពលោក។

ការប្រកាស​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​សិទ្ធិមនុស្ស​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​បាន​រិះគន់​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ការ​បំបែក​កុមារ​អន្តោប្រវេសន៍​ចេញពី​ឪពុកម្តាយ​របស់​ពួកគេ​ដែល​កំពុង​ស្វែងរក​ការ​ជ្រកកោន​បន្ទាប់ពី​ឆ្លងកាត់​មកពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

ប៉ុន្តែ​លោកស្រី Haley និង​លោក Pompeo បាន​សង្កត់ធ្ងន់ថា ការសម្រេចចិត្ត​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​កិច្ចខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​យ៉ាងយូរ​ដើម្បី​ធ្វើ​ឲ្យ​ក្រុមប្រឹក្សា​នេះ​ត្រូវ​កែទម្រង់​។​

លោកស្រី Haley បាន​ថ្លែងថា “​កំណែទម្រង់​ទាំងនេះ​គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​ក្រុមប្រឹក្សា​នេះ​ក្លាយទៅជា​អ្នកតស៊ូ​មតិ​ដ៏​សំខាន់​មួយ​សម្រាប់​សិទ្ធិមនុស្ស​។ អស់​រយៈពេល​ជា​យូរ​មកហើយ ក្រុមប្រឹក្សា​សិ​ទិ្ធ​មនុស្ស​ធ្លាប់​គឺជា​អ្នកការពារ​អ្នករំលោភ​សិទ្ធិមនុស្ស​និង​ជា​អ្នក​មានការ​លំអៀង​ផ្នែក​នយោបាយ​។ គួរ​ឲ្យ​សោកស្តាយ ឥឡូវនេះ​វា​ច្បាស់​ណាស់​ថា ការអំពាវនាវ​របស់​យើង​ចំពោះ​កំណែទម្រង់​មិនត្រូវ​បាន​គេ​ឮ​ឡើយ​”​។​

គួរ​បញ្ជាក់ថា ស្ថាប័ន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​មួយ​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៦​ដើម្បី​លើកកម្ពស់​និង​ការពារ​សិទ្ធិមនុស្ស​នៅ​ទូទាំង​ពិភពលោក​ប៉ុន្តែ​ការប្រកាស​និង​របាយការណ៍​របស់ខ្លួន​ជា​ញឹកញាប់​បាន​ប៉ះទង្គិច​ជាមួយ​អាទិភាព​របស់​សហរដ្ឋ​អាមេរិក​។​

ជាពិសេស ការផ្តោត​របស់​ក្រុមប្រឹក្សា​នេះ​ទៅលើ​ឥរិយាបថ​របស់​អ៊ីស្រាអែល​ចំពោះ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នៅក្នុង​ទឹកដី​ដែល​ខ្លួន​កាន់កាប់​នៅ​តំបន់ West Bank និង​នៅ​តំបន់​ហ្គា​ហ្សា​ដែល​បានធ្វើ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ខឹងសម្បា​យ៉ាងខ្លាំង​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu