Ad Code

ច្បាប់​ទូទាត់​របស់​រាជរដ្ឋាភិបាល ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍​គម្រោង​ស្ថានីយ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ នៅ​ខេត្តកំពង់ស្ពឺ ត្រូវបាន​អនុម័ត



ភ្នំពេញ ​៖ ច្បាប់​ស្តីពី​ការយល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​ក្រុមហ៊ុន​ស្នេ​ថេ​ក ខូ អិ​ល​ធី​ឌី អភិវឌ្ឍន៍​លើ​គម្រោង​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ នៅ​ខេត្តកំពង់ស្ពឺ ត្រូវបាន​អនុម័ត​នៅក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ ព្រឹក​ថ្ងៃទី ១៩ ខែមិថុនា​នេះ ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សំឡេង ១០៤​សំឡេង នៃ​អង្គ​សម័យប្រជុំ​រដ្ឋសភា​ទាំងមូល ដែល​បាន​ចូលរួម ដោយ​យល់ឃើញថា​ច្បាប់​បានរៀបចំ​ឡើង​ត្រឹមត្រូវ​តាម​បទប្បញ្ញត្តិ ដែល​មានចែង​ក្នុង​ជំពូក​ទី​៧ នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៨៣ និង​ជំពូក​ទី​៦ មាត្រា​២១ នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា និង​មាន​គោលបំណង​ក្នុងការ​ផ្តល់​ភាពកក់ក្តៅ​ជូន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ថាមពល​អគ្គិសនី​ថ្មី​មួយទៀត សម្រាប់​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។



លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល តំណាង​រាជរដ្ឋាភិបាល​ឡើង​ការពារ​ច្បាប់​នេះ​បាន​ឲ្យ​ដឹងថា ការអភិវឌ្ឍ​ប្រភព​ថាមពល​ចម្រុះ គឺជា​ជម្រើស​ល្អ​បំផុត ដែល​អាច​ប៉ះប៉ូវ​ឲ្យ​គ្នា​ទៅវិញទៅមក និង​ធានាបាន​សន្តិសុខ​ថាមពល ប្រកបដោយ​ឯករាជ្យភាព និង​កាត់បន្ថយ​ការ​នាំចូល​អគ្គិសនី​ពី​ប្រទេសជិតខាង​។ ព្រោះថា ស្ថានីយ​វា​រី​អគ្គិសនី អាច​ផលិត​ថាមពល​បានតែ​ក្នុង​រដូវវស្សា ដែល​សំបូរ​ទឹកភ្លៀង​តែប៉ុណ្ណោះ រីឯ​ក្នុង​រដូវប្រាំង​ថាមពល ដែល​បញ្ចេញ​ដោយ​ស្ថានីយ​វារីអគ្គិសនី​នឹង​ធ្លាក់​ចុះមក​ប្រមាណ ៣០% ឬ​តិចជាង​នេះ​ទៀតផង។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា គម្រោង​អគ្គិសនី​នេះ​ស្ថិតនៅ​តំបន់​ត្មាត​ពង ក្នុង​ឃុំ​ដំណាក់​រាំង ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៨០​ហិកតា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ ក្បែរ​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង ជា​ដីស្រែ​វាលរាប​ស្មើ​។ ស្ថានីយ​វា​រី​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នេះ មាន​អនុភាព​ដំឡើង ៦០​មេ​ហ្គា​វ៉ា​ត់​(​ចរន្តឆ្លាស់​) បរិមាណ​ផលិត​ប្រចាំឆ្នាំ ៩៦​លាន​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយឆ្នាំ​។ ចំណែក​រូបភាព​វិនិយោគ​៖​សាងសង់​ធ្វើ​ម្ចាស់ និង​អាជីវកម្ម​(BOO)​ទំហំ​ទុនវិនិយោគ​សរុប ៥៨២២៥៣២០​ដុល្លារ​អាមេរិក ក្នុងនោះ​ទុន​ផ្ទាល់ ៣០% និង​កម្ចី ៧០% តាម​អត្រា​ការប្រាក់ ៦.៥០%​។ រយៈពេល​សម្បទាន ២១​ឆ្នាំ ក្នុងនោះ​សាងសង់ ១​ឆ្នាំ និង​អាជីវកម្ម ២០​ឆ្នាំ ហើយ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៩ ថ្លៃ​លក់​ថាមពល​អគ្គិសនី ៧.៦​សេន​អាមេរិក​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។ ក្នុង​សេចក្តីថ្លែងហេតុ​របស់​រា​ជ​រដ្ឋាភិបាល​ក៏​បាន់បញ្ជាក់​ឱ្យឃើញ​ពី​សម្ភារៈ​បរិក្ខារ​សំខាន់ៗ​រួមមាន ផ្ទាំ​សូ​ឡា ជើង​ទម្រ ត្រង់​ស្វូ​រ​ម៉ា​ទ័​រ អាំង​វ៉ែ​ទ័​រ អគារ​បញ្ជា និង​បរិក្ខារ​បន្ទាប់បន្សំ​ដទៃទៀត ដែលជា​ម៉ាក​ផលិតផល​ល្បីៗ​លើ​ទីផ្សារ​អន្តរជាតិ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ធានា​ប្រសិទ្ធភាព ស្ថិរភាព និង​សុវត្ថិភាព​ខ្ពស់​។ លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ក៏បាន​ឱ្យដឹង​ដែរ​ថា រដ្ឋ​នឹង​ទទួលបាន​ចំណូល​ពន្ធ​ពី​គម្រោង​នេះ​រួមមាន​៖​ពន្ធ​លើ​ប្រាក់ចំណូល​បន្ថែម​លើ​ការបែងចែក​ភាគលាភ និង​ពន្ធ​កាត់​ទុក​លើ​ការប្រាក់​សរុប​ចំនួន ១១.១៩៦.០០០​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​សម្បទាន ២១​ឆ្នាំ ឬ​ជា​មធ្យម​ចំនួន ៦៦៤.២៧៥​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ក្នុងករណី​អាករ​លើ​តម្លៃបន្ថែម ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​លើ​ថ្លៃ​លក់​ថាមពលអគ្គីសនី រដ្ឋ​នឹង​ទទួលបាន​ចំណូល​ពី​អាករ​នេះ​សរុប​ចំនួន ១៣. ២៨៥.៥០០​ដុល្លារ ក្នុង​រយៈពេល​អាជីវកម្ម​២០​ឆ្នាំ ឬ​ជា​មធ្យម​ចំនួន ៦៦៤.២៧៥​ដុល្លារ​ក្នុង​១​ឆ្នាំ​។ ម្យ៉ាងទៀត​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នេះ ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ថា ជា​ថាមពល​ស្អាត និង​ពុំមាន​ផលប៉ះពាល់​អ្វី​ធំដុំ​ដល់​បរិស្ថាន​ធម្មជាតិ និង​សង្គម​ឡើយ ទាំង​ក្នុងដំណាក់កាល​កំពុង​សាងសង់ ក៏ដូចជា​ក្នុងដំណាក់កាល​ប្រតិបត្តិការ​។​

សូមបញ្ជាក់ថា នៅ​ព្រឹក​នេះដែរ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​៥ ក៏បាន​បន្ត​ពិភាក្សា និង​អនុម័ត​ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ិន​ធើរ​ណេ​ស្យូ​ណ​ល អ៊ិន​វេ​ស្ត​មែន ឌី​វើ​ឡុ​ប​មែន គ្រុប អភិវឌ្ឍន៍​គម្រោង​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម និង​គម្រោង​សាងសង់​បណ្តាញ​ខ្សែ​បញ្ជូន​អគ្គិសនី​នៅ​ខេត្ត​ព្រះសីហនុ ដោយ​សំឡេង​អនុម័ត​គាំទ្រ ១០៤ លើ​១០៤ នៃ​អង្គសភា​ទាំងមូល​ផងដែរ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu