កែប ៖ បុរសម្នាក់ ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ បើកបំបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យកៀបម៉ូតូ និងមនុស្សនឹងក្បាលរថយន្ត ស្លាប់ភ្លាមៗយ៉ាងរន្ធត់នៅកន្លែងកើតហេតុ។
គ្រោះថ្នាក់ គួរឲ្យស្រៀវសាច់ខាងលើ បានកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាសង្កាត់ព្រៃធំ ក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប លើកំណាត់ផ្លូវជាតិលេខ៣៣។
ប្រភពសាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលជួបករណីដ៏រន្ធត់នេះ គេឃើញបុរសរងគ្រោះជិះម៉ូតូម្នាក់ឯង ម៉ាកសេ១២៥ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចគ្រោះថ្នាក់ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បោះពួយមកពីកើតទៅលិចក្នុងទិសដៅផ្ទុយគ្នា ហើយរថយន្តក៏បានរេចង្កូតមកចំណែកផ្លូវម៉ូតូ រួចបុកពេញទំហឹង បណ្តាលឲ្យកៀបមនុស្សនិងម៉ូតូនៅក្រោមរថយន្តផ្នែកខាងមុខ ដែលបានធ្វើឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមមួយរំពេច ទើបរថយន្តទៅមុខលែងរួច ហើយអ្នកបើកបរត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ដើម្បីគេចចេញពីការប្រមាញ់ពីក្រុមគ្រួសារជនរងគ្រោះ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរខាងលើនេះ បង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ងត៍បើកបរមានការធ្វេសប្រហែស ពោលគឺបោះពួយទៅបុកម៉ូតូទាំងកំរោលតែម្តង។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា រថយន្តបង្កហេតុម៉ាកHinoពណ៌ស ប្រភេទក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខ ភ្នំពេញ 3A-8873 អ្នកបើកបរឈ្មោះ ធាន សុភាព ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកំរៀង ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ ឃួន សុខុន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាងឈើ រស់នៅក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ជនរងគ្រោះជិះម៉ូតូម៉ាក C125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពត 1L-0626។
បច្ចុប្បន្នសពបុរសរងគ្រោះ ត្រូវបានក្រុមគ្រួសារនាំយកមកកាន់លំនៅដ្ឋានដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកមធ្យោបាយពាក់ព័ន្ធរួមនឹងអ្នកបើកបររថយន្តបង្ក សមត្ថកិច្ចបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងកែបដើម្បីអនុវត្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments