មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានអនុម័តដោយសំឡេងភាគច្រើននៃប្រទេសចំនួន១២០ដើម្បីគាំទ្រសេចក្តីសម្រេចគាំទ្រដោយអារ៉ាប់ដែលថ្កោលទោសអ៊ីស្រាអែលចំពោះការស្លាប់របស់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានិងបានបដិសេធការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការបន្ទោសក្រុមហាម៉ាស់ចំពោះអំពើហិង្សានោះ។
សេចក្តីសម្រេចនេះគឺមិនពេញចិត្តចំពោះការប្រើកម្លាំងហួសប្រមាណ មិនសមាមាត្រនិងមិនរើសមុខរបស់អ៊ីស្រាអែលប្រឆាំងជនស៊ីវិលប៉ាឡេស្ទីនហើយបានអំពាវនាវឲ្យមានវិធានការការពារសម្រាប់ជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សានិង West Bank។
ជនជាតិប៉ាឡេស្ទីនយ៉ាងតិច១២៩នាក់ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែលក្នុងអំឡុងបាតុកម្មនៅជិតព្រំដែនជាប់តំបន់ហ្គាហ្សាដែលបានចាប់ផ្តើមនៅចុងខែមីនា។ ទោះបីជាយ៉ាងណាក៏ដោយ គ្មានជនជាតិអ៊ីស្រាអែលណាម្នាក់បានស្លាប់នោះទេ។
ជាមួយនឹងការបង្ហាញដោយប្រទេសអាល់ហ្សេរីនិងទួរគីក្នុងនាមប្រទេសអារ៉ាប់និងមូស្លីម, វិធានការនេះបានឈ្នះសំឡេងឆ្នោត១២០នៅក្នុងសមាជដែលមានសមាជិក១៩៣ប្រទេសហើយមាន៨សំឡេងប្រឆាំងនិង៤៥អនុបវាទ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោកស្រី Nikki Haley បានច្រានចោលសេចក្តីសម្រេចនេះថាជា “ភាគីតែម្ខាង” ហើយបានចោទប្រកាន់បណ្តាប្រទេសអារ៉ាប់ថា កំពុងព្យាយាមរកពិន្ទុនយោបាយនៅឯប្រទេសដោយស្វែងរកការថ្កោលទោសអ៊ីស្រាអែលនៅឯអង្គការសហប្រជាជាតិ។
ចំណែកវិសោធនកម្មធ្វើឡើងដោយសហរដ្ឋអាមេរិកមួយដែលថ្កោលទោសក្រុមហាម៉ាស់ចំពោះការញុះញង់អំពើហិង្សានៅតាមបណ្តោយព្រំដែនជាប់តំបន់ហ្គាហ្សាគឺមិនទទួលបានសំឡេងភាគច្រើន២ភាគ៣ដែលចាំបាច់សម្រាប់ការអនុម័តនោះទេ។
បណ្តាប្រទេសអារ៉ាប់ដែលគាំទ្រវិធានការនេះបានងាកទៅរកជាមហាសន្និបាតបន្ទាប់ពីសហរដ្ឋអាមេរិកប្រើសិទ្ធិវ៉េតូរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខដើម្បីរារាំងសេចក្តីសម្រេចនេះកាលពី ថ្ងៃទី១ខែមិថុនា។
មិនដូចក្រុមប្រឹក្សាសន្តិសុខទេ, សេចក្តីសម្រេចណាមួយដែលត្រូវបានអនុម័តដោយមហាសន្និបាតគឺមិនមានសិទ្ធិវ៉េតូទេ។
បារាំងគឺស្ថិតក្នុងចំណោមប្រទេសចំនួន១២របស់សហភាពអឺរ៉ុបដែលគាំទ្រសេចក្តីសម្រេចនេះប៉ុន្តែចក្រភពអង់គ្លេសបានអនុបវាទរួមជាមួយអ៊ីតាលី ប៉ូឡូញនិងរដ្ឋជាសមាជិកសហភាពអឺរ៉ុបចំនួន១៣ផ្សេងទៀត។ ប្រទេសរុស្ស៊ីនិងចិនបានបោះឆ្នោតគាំទ្រ។
អូស្ត្រាលី កោះស្យ៉ល មីក្រូនេស៊ី ណារុ សូឡូម៉ុននិងតូហ្គោបានចូលរួមជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលក្នុងការបោះឆ្នោតប្រឆាំងចំពោះសេចក្តីសម្រេចនេះ៕ AFP
[caption id="attachment_928666" align="aligncenter" width="960"]
Source: Kampuchea Thmey Daily
0 Comments