ធ្ងន់ហើយម្តងនេះ! ម៉ៃ សុគន្ធ ព្រមានអ្នកជំពាក់លុយមិនសង អាចប្រឈមជាប់ខ្នោះ
ភ្នំពេញ ៖ តារាចម្រៀងប្រុសលោក ម៉ៃ សុគន្ធ បានចេញសារព្រមានជាសាធារណៈចំពោះបុគ្គលមួយចំនួន ដែលជំពាក់លុយ ហើយមិនព្រមសងតាមពេលវេលា ដែលត្រូវកំណត់។ ម្យ៉ាងទៀតបើតាមការបញ្ជាក់របស់លោក ម៉ៃ សុគន្ធ គឺបុគ្គលទាំងនេះស្ថិតក្នុងរង្វង់អ្នកសិល្បៈដូចគ្នាតែម្តង។
ការចេញសារព្រមានរបស់តារាចម្រៀងលោក ម៉ៃ សុគន្ធ នេះ ដោយហេតុថាលោកមិនអាចទប់កំហឹងបានទៀតនោះទេ ខណៈដែលមានបុគ្គលខ្លះនៅពេលត្រូវការឬខ្វះខាតលុយតែងរត់ទៅរកនិងអង្វរឲ្យជួយ។ ប៉ុន្តែនៅពេលបានលុយដល់ដៃនិងយកទៅចាយសប្បាយគឺពុំគិតដល់ការសងឬដោះបំណុលវិញឡើយ។
លោកម៉ៃ សុគន្ធបាននិយាយថា ខ្ញុំម៉ៃ សុគន្ធមិនស្លូតទេណាខ្ញុំទុកឱកាសអោយច្រើនសាហើយ រឿងលុយជំពាក់ដឹងខ្លួនឆាប់មកដោះស្រាយ តារាល្បី ឬមិនល្បីក៏ដោយ អ្នកអូតែស(យន្តហោះ)ក៏ដោយ ម្ចាស់ហាងក៏ដោយ ប្រយ័ត្នណា ក្រែងលោ វាសនាដូចអាថៅកែម្ចាស់ផលិតកម្មល្បីមួយកាលពីឆ្នាំ២០១៣ ដែលវាជំពាក់ខ្ញុំ២ម៉ឺនដុល្លារមិនចង់សងមានតែវ៉ៃខ្មោះអុកគូទលុយ១ដុល្លារក៏ជាញើសឈាមដែរណា កុំចាយលុយគេហើយសំងំសុខពេក។
ថ្វីត្បិតតែមានការទម្លាយដោយព្រមានធ្ងន់ៗចំពោះកូនបំណុលបែបនេះក៏ពិតមែនប៉ុន្តែលោក ម៉ៃ សុគន្ធ គិតមកទល់ពេលនេះពុំបង្ហាញពីអត្តសញ្ញាណបុគ្គលរូបនោះថា ជានរណាគេនៅឡើយទេ។ខណៈកម្ពុជាថ្មី បានទំនាក់ទំនងដើម្បីសួរនាំបន្ថែមពីរឿងរ៉ាវនេះដែរ តែសាមីខ្លួនលោក ម៉ៃ សុគន្ធ បានបញ្ជាក់ថា សុំទុកឱកាសឲ្យគាត់សិន ហើយបើនៅតែបន្តលើករណីមិនចូលខ្លួនដោះស្រាយទៀតនោះ នឹងអាចមានរឿងកើតឡើងកាន់តែធំជាងនេះ៕
Source: Kampuchea Thmey Daily
0 Comments