Ad Code

កងកម្លាំង​យេមែន ​បើក​ការ​វាយប្រហារ​លើ​ទីក្រុង​កំពង់ផែ​ ដែល​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម



កងកម្លាំង​យេមែន​ ដែល​មាន​ការ​គាំទ្រ​ពី​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ បាន​ចាប់ផ្តើម​បើក​ការ​វាយលុក​មួយ​ដើម្បី​ដណ្តើម​ទីក្រុង​កំពង់ផែ Hodeida ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​មកវិញ​ ដែល​ទីក្រុង​នេះ​គឺជា​មជ្ឈមណ្ឌល​ជំនួយ​ដ៏​សំខាន់​មួយ​។ ការ​វាយលុក​នេះ​ បាន​បង្ក​ឲ្យ​មានការ​អំពាវនាវ​ពី​សហគមន៍​អន្ដរជាតិ​សម្រាប់​ភាព​អត់ធ្មត់។

​កងទ័ព​គាំទ្រ​រដ្ឋាភិបាល​បានចាប់ផ្តើម​វាយប្រហារ​កាលពី​ថ្ងៃ​ពុធ​បើទោះបីជា​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ពី​អន្ដរជាតិ​អំពី​ការដួលរលំ​មនុស្សធម៌​ក៏ដោយ​។ កងទ័ព​បាន​វាយលុក​ចូលទៅ​ព្រលានយន្តហោះ Hodeida ភាគខាងត្បូង​ទីក្រុង​ក្រោយពេល​ទទួល “​ភ្លើង​ខៀវ​” ពី​ក្រុមចម្រុះ​។​

ក្រុម​អ្នកការទូត​បាន​និយាយថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នឹង​ជួបប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សម្រាប់​កិច្ចចរចា​ជាបន្ទាន់​ស្តីពី​ការវាយលុក​នេះ​បន្ទាប់ពី​មានការ​ស្នើសុំ​ពី​ប្រទេស​អង់គ្លេស​។ កិច្ចប្រជុំ​បិទទ្វារ​នេះ​នឹង​ក្លាយជា​លើក​ទី​ពីរ​នៅ​សប្តាហ៍​នេះ​ស្តីពី​វិបត្តិ​នៅ​យេ​មែន​។​

គិត​ត្រឹម​រាត្រី​ថ្ងៃ​ពុធ ការវាយលុក​នៅតែ​បន្ត​នៅ​ជាយ​ព្រលានយន្តហោះ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​មួយ​នេះ​។​

កំពង់ផែ​សមុទ្រ​ក្រហម​ដែល​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម Huthi គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​ដែល​មកពី​ភាគ​ខាងជើង​យេ​មែន​គឺ​បាន​បម្រើ​ជា​ចំណុច​ចូល​សម្រាប់​៧០​ភាគរយ​នៃ​ការនាំ​ចូល​របស់​ប្រទេស​ក្រីក្រ​មួយ​នេះ​។​

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​អារ៉ាប់​រួម WAM បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​កំពុង​បន្ត​ដោយមាន​ការចូលរួម​និង​គាំទ្រ​តាមរយៈ​ដីគោក​និង​ដែនអាកាស​ពី​កងកម្លាំងប្រដាប់អាវុធ​អេ​មី​រ៉េត​។​

ទីភ្នាក់ងារ​នេះ​បាន​បន្តថា កងកម្លាំង​ដែល​កំពុង​វាយប្រហារ​គឺ​បាន​ព្យាយាម​រំដោះ​តំបន់​នានា​ដែល​នៅ​ជុំវិញ​ព្រលានយន្តហោះ​ហើយ​បាន​ដណ្តើម​វា​និង​សម្លាប់​ពួក​ឧទ្ទាម Huthi រាប់សិប​នាក់​។​

សំណើ​សម្រាប់​កិច្ចប្រជុំ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​បានកើត​ឡើង​បន្ទាប់ពី​បេសកជន​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ប្រទេស​យេ​មែន​លោក Martin Griffiths និយាយថា គាត់​នៅតែ​កំពុងធ្វើការ​ចរចារ​ស្តីពី​ការរក្សា​កំពង់ផែ​ដ៏​សំខាន់​នេះ​ឲ្យ​បើកចំហ​ដល់​ការដឹកជញ្ជូន​ជំនួយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu