Ad Code

ស្រវឹង​ធ្លាក់ភ្នែក​ បើក​រថយន្ត​ទៅ​បុក​គូទ​រថយន្ត​ដឹក​ផ្លែឈើ ប៉ើង​ជាង​១០​ម៉ែត្រ​របួស​ធ្ងន់​ខ្លួន​ឯង និង​រថយន្ត​រួញ​អស់​មួយ​កំណាត់​មុខ



ភ្នំពេញ ​៖​ បុរស​ម្នាក់​ បាន​រង​របួស​បែក​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ត្រូវបាន​ក្រម​គ្រួសារ ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​ដែរ ខណៈ​ពេល​ដែល បុរស​ម្នាក់​នេះ​ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ រេ​ចង្កូត​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង ដែល​គេ​ឈប់​ចត​នៅលើ​ចិញ្ចើមផ្លូវ​យ៉ាង​ពេញទំហឹង​បណ្តាល​អោយ​ប៉ើង​ជាង​១០​ម៉ែត្រ​នោះ​។​ ចំណែក​រថយន្ត​បង្ក ​បាន​រួញ​អស់​មួយ​កំណាត់​មុខ​ផងដែរ។

ហេតុការណ៍​នេះ ​បាន​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ជិត​ផ្សារ​នាគ​មាស តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់ ស្រវឹង​ជោកជាំ​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក កាមរី ហាយ​ប្រ៊ី​ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-9325 ដោយបាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​មួយ​លឿន​ដូច​ហោះ​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​បង្ក​រេ​ចង្កូត​ទៅខាង​ស្តាំ​ដៃ ជ្រុល​ទៅ បុក​គូទ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​សំបក​ឪឡឹក ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុង​ដឹង​ផ្លែឈើ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A-5517 ដែល​ឈប់​ចត​ចោល​នៅ​ចិញ្ចើមផ្លូវ ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​សាំ​យ៉ុង​ប៉ើង​ជិត​១០​ម៉ែត្រ រង​ការខូចខាត កំពិត​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ​។ ចំណែក​រថយន្ត​បង្ក​វិញ រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង និង​បណ្តាលអោយ​អ្នកបើកបរ​រថយន្ត​បង្ក បោក​ក្បាល​នឹង​កញ្ចក់​រថយន្ត បែកក្បាល ហើយ​ត្រូវបាន​សាច់ញាតិ​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ដែរ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​ចំណុច​កើតហេតុ ហើយ​ឲ្យ​ភាគី​ទាំងសងខាង​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត​ហាយ​ប្រ៊ី​ត​ព្រម​ចេញ​សំណង​ជួសជុល​ឲ្យ​ទៅ​ម្ចាស់​រថយន្ត​សាំ​យ៉ុង បញ្ចប់​រឿង​នៅ​កន្លែង​កើតហេតុ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu