Ad Code

កីឡាករ​១៣​រូប ​មិនអាច​បង្ហាញខ្លួន​លើ​ទីលាន​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៨​ចុង​សប្ដាហ៍​នេះ



យ៉ាងហោចណាស់​មាន​កីឡាករ​ខ្មែរ​ និង ​បរទេស​ចំនួន​១៣​នាក់ មិនអាច​បង្ហាញខ្លួន​ ក្នុង​យុទ្ធនា​ការប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 ចុង​សប្ដាហ៍​នេះ​ ដែល​ជា​សប្ដាហ៍​ទី​៩ ក្រោម​ហេតុផល​ត្រូវ​ផាកពិន័យ​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​។

យោង​តាម​ការ​អះអាង​ពី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) បាន​បញ្ជាក់ថា​កីឡាករ​ទាំង​១៣​នាក់​នោះ​មាន ៨​នាក់​មកពី​ព្រះខ័ន​រាជ​ស្វាយរៀង គឺ​កីឡាករ​សឿ​យ វិសាល​, នុប តុលា​, សុក សំណាង​, ហួយ ផល្លី​ន​, អោម ឧ​ត្ត​ម​, អាំ សុវណ្ណ​រ៉ាត់​, សារ៉េត គ្រី​យ៉ា ដែល​រង​ពិន័យ​ជំហាន​ដំបូង​ពី​គណៈកម្មការ​វិន័យ​រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាល​ពី​ពេល​ថ្មីៗ ខណៈ​កីឡាករ​១​រូប​ទៀត​គឺ​ខ្សែប្រយុទ្ធ​អាហ្វ្រិក​ខាងត្បូង Shane Booysen ដែល​ត្រូវ​ពិន័យ​កាត​លឿង​៣​ប្រកួត​កន្លងមក​។



ចំណែក​កីឡាករ​១​រូប​ផ្សេងទៀត​ មកពី​ក្រុម​វិសាខា គឺ​កីឡាករ ង​យ ស្រ៊ី​ន ដោយសារ​រង​ពិន័យ​កាត​លឿង​៣​ដង​ដូច Booysen ដែរ​។ ខ្សែការពារ​មកពី​ខេត្តកោះកុង រូបនេះ​រង​ពិន័យ​កាត​លឿង​លើក​ទី​១​ថ្ងៃទី​១៨​ខែមីនា ទល់នឹង​ភ្នំពេញ​ក្រោ​ន លើក​ទី​២​ថ្ងៃទី​៧​ខែមេសា ពេល​លេង​ទល់នឹង​អាស៊ី​អឺរ៉ុប និង​លើក​ទី​៣​ថ្ងៃទី​២​ខែមិថុនា ពេល​លេង​ទល់នឹង​ក្រុម​ចាស់​របស់ខ្លួន​ណាហ្គា​វើ​ល​។

ក្រៅ​ពី​នេះ​ក្រុម​ណាហ្គា​វើ​លដ៍ នឹង​មិន​អាចដាក់​ខ្សែការពារ ញឹម សុវណ្ណារ៉ា ឲ្យ​ចូលរួម​ប្រកួត​បានទេ​នៅ​ចុង​សប្ដាហ៍​នេះ ដោយសារ​កីឡាករ​រូបនេះ​បាន​រង​ពិន័យ​កាត​លឿង​២​ដង ក្នុង​១​ប្រកួត (​ស្មើនឹង​កាត​ក្រហម​១) អំឡុង​ការប្រកួត​ទល់នឹង វិសាខា សប្ដាហ៍​មុន​។ ចំណែក​កីឡាករ អ៊ុច បញ្ញា​សិទ្ធិ របស់​អគ្គិសនី​កម្ពុជា នឹងត្រូវ​អវត្តមាន ផងដែរ​ដោយសារ​រង​ពិន័យ​កាត​លឿង​៣​ដង​។​កាត​លឿង​លើក​ទី​១​របស់​កីឡាករ​រូបនេះ​រង​ពិន័យ​ពេល​ប្រកួត​ជាមួយ ណាហ្គា​វើ​លដ៍ ថ្ងៃទី​១១​ខែមីនា ហើយ លើក​ទី​២​ពេល​លេង​ទល់នឹង បឹងកេត ថ្ងៃទី​២៦​ខែឧសភា និង​លើក​ទី​៣ ពេល​លេង​ទល់នឹង ក្រុម​សូល​ទី​ឡូ​អង្គរ នៅ​ថ្ងៃទី​៣ ខែមិថុនា​។



​ចំណែក​បរទេស​២​រូប​ របស់​ក្រុម​ក្រសួងការពារជាតិ គឺ​កីឡាករ​ជប៉ុន Yudai Ogawa និង​កីឡាករ​កូរ៉េខាងត្បូង Song Chihoon ត្រូវ​ជាប់​បម្រាម​ស្វ័យប្រវត្តិ​មួយ​ប្រកួត​ពី​បទ​វាយ​គូប្រកួត ពេល​ប៉ះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។

សម្រាប់​កម្មវិធី​ប្រកួត​សប្ដាហ៍​ទី​៩ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា មាននៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែមិថុនា ឆ្នាំ​២០១៨​ក្រុម​អង្គ​ថា​យ​ហ្គឺ​រ ប៉ះ​ក្រុម​សូល​ទី​ឡូ​អង្គរ នៅវេលា​ម៉ោង​៣និង៣០​នាទី​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ហើយ​វេលា​ម៉ោង​៣​រសៀល​មួយគូ​ទៀត​ក្រុម​វិសាខា ប៉ះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន និង​ក្រុម​ភ្នំពេញ​ក្រោ​ន ទទួល​បឹង​កេត នៅ​វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន RSN Stadium​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​១០ ខែមិថុនា វិញ​ក្រុម​អាស៊ី​អឺរ៉ុប ទទួល​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ លើ​ទីលាន​កីឡដ្ឋាន AEU Park ហើយ​ក្រុម​ក្រសួងការពារជាតិ ទទួល​ក្រុម​អគ្គីសនី​កម្ពុជា លើ​ទីលាន​ស្តា​ត​ចាស់ វេលា​ម៉ោង​៦​ល្ងាច​និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​ណាហ្គា​វើ​ល លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង​៦​ល្ងាច៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu