Ad Code

ដី​ភក់ ​និង​សំរាម​នៅ​ប្រឡាយ​ស្ទឹងមានជ័យ​ ដែល​ត្រូវ​កាយ​ចេញ​មាន​ប្រមាណ​៤៦.២០០​ម៉ែត្រ​គូប មុន​ចាក់​ដី​បំពេញ​ពុះ​ឡូត៍​ជូន​ប្រជាពលរដ្ឋ



ភ្នំពេញ ​៖​ ដី​ភក់ និង​សំរាម​នៅ​ប្រឡាយ​ស្ទឹងមានជ័យ មាន​បរិមាណ​ប្រមាណ​៤៦.២០០​ម៉ែត្រ​គូប ដែល​ត្រូវ​កាយ​ចេញ មុន​ចាក់​ដី​បំពេញ ដើម្បី​ពុះ​ឡូត៍​ចែក​ជូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​លើ​ប្រឡាយ​នេះ។

លោក​សំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​អោយ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែ​​មិថុនា​នេះ​ថា តាម​គម្រោង ការ​ជីក​កាយ​បរិមាណ​ដី​ភក់ សំរាម ដែល​ត្រូវ​កាយ​ និង​ដឹកជញ្ជូន ចេញពី​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ចំនួន ៤៦.២០០​ម៉ែត្រគូប​លើ​ប្រវែង​ប្រឡាយ​១៣៩៨​ម៉ែត្រ​ ដោយ​ចាប់ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ ដល់​ប្រឡាយ​ដើម​ស្លើ​ង។

លោក​ថា យើង​នឹង​ធ្វើឡើង​ចំនួន​៤​ដំណាក់កាល ដោយ​មកដល់ពេលនេះ​យើង​កាយ​ប្រឡាយ​ស្ទឹងមានជ័យ​បាន​៣០​ភាគរយ ដែល​កន្លែង​ខ្លះ​ទទឹង​ប្រឡាយ​មាន​១៥​ម៉ែត្រ​២០​ម៉ែត្រ ៣០​ម៉ែត្រ​ទៅ​៥០​ម៉ែត្រ​ដោយ​កន្លែង​តូចធំ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៥៧៤​គ្រួសារ។​

លោក​សាំ ពិសិដ្ឋ ក៏បាន​បញ្ជាក់ថា ប្រឡាយ​ស្ទឹងមានជ័យ យើង​នឹង​ប្រើប្រាស់​ពេលវេលា​ប្រមាណ​
៣​ខែ ក្នុងកា​យ​​សំរាម ​និង​ភក់​ចេញ ហើយ​ចាក់​ខ្សាច់​និង​ដី​ចូល ដើម្បី​បែងចែក​ដី​ឡូ​ត៍​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​។​

គួរ​បញ្ជាក់ថា នៅ​តំបន់​ស្ទឹងមានជ័យ រដ្ឋបាល​រាជធានី បាន​និង​កំពុង​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ប្រវែង​១៣៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ហើយ​គម្រោង​នេះ ត្រូវបាន​បែងចែក​ជា​៤​ដំណាក់កាល។ ក្នុងនោះ​ដំណាក់កាល​ទី​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ហើយ​ក្នុង​ជំហាន​ទី​១​នេះ រដ្ឋបាល​រាជធានី​បានសម្រេច​ចាប់ឆ្នោត​ប្រគល់​ដីជូ​ន​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ប្រឡាយ​នេះ​១៥២​គ្រួសារ​រួចហើយ​ដែរ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។​

ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុងធ្វើការ​អភិវឌ្ឍ​នេះ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២ គឺ​ខណ្ឌមានជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​នឹង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែម្តង។

ប្រឡាយ​ស្ទឹងមានជ័យ បាន​ដើរតួ​យ៉ាងសំខាន់ ក្នុង​ការនាំ​ទឹក​ទម្លាក់​ចូលទៅ​បឹងទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ​ចិញ្ចើម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខផ្ទះ​៥​ម៉ែត្រ ដី​នៅសល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu