Ad Code

ដីកា​កោះហៅ សម រង្ស៊ី រឿង​ប្រមាថ​ព្រះមហាក្សត្រ ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​បិទ ​នៅ​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ



ភ្នំពេញ ​៖​ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៨ បាន​ចេញ​ដីកា​កោះហៅ​ទណ្ឌិត សម រង្ស៊ី មួយ​ករណី​ទៀត ពាក់ព័ន្ធ​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ អោយចូល​បំភ្លឺ​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ មន្ត្រីនគរបាល​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ បាន​យក​ដីកា​នេះ ទៅ​បិទ​នៅ​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​។​

លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​ទណ្ឌិត សម រង្ស៊ី មួយ​ករណី​ទៀត ពាក់ព័ន្ធ​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ អោយចូល​បំភ្លឺ​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ វេ​លា​ម៉ោង​៨ ព្រឹក ដែល​ការកោះហៅ​អោយចូល​បំភ្លឺ លើ​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បានធ្វើ​អធិបញ្ជា​​​ឱ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់​ករណីនេះ ហើយ​អធិបញ្ជា​ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី បាន​និយាយថា លិខិត​ដែល​ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​លិខិត​ក្លែងក្លាយ ដែល​ធ្វើឡើង​ក្រោម​ការគំរាមកំហែង​។​

សូមបញ្ជាក់ថា តាមច្បាប់​ថ្មី មាត្រា​៤៣៧ ស្ទួន ជំពូក​ទី​១ នៃ​មាតិកា​ទី​១​នៃ​គន្ថី​ទី​៤ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែងថា “​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​០១​ឆ្នាំ ទៅ​០៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ​១០​លាន​រៀល​។ ចំពោះ​នីតីបុគ្គល​ក៏​អាច​ត្រូវបាន​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុងករណី​ដែល​តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​”​។​

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់បាន​បញ្ជាក់ថា សម​មុខ​ហើយ ដែល​ទណ្ឌិត​សម រង្សី ត្រូវ​ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ចេញ​អធិបញ្ជា​​ឲ្យ​តុលាការ​ចាត់ការ​តាមច្បាប់​។ លោក​បញ្ជាក់​ថា ទណ្ឌិត​សម រង្សី ជា​មេខ្លោង​ប្រមាថ​ព្រះ​ចេស្ដា​​នៃ​ព្រះមហាក្សត្រ ដោយ​ហ៊ាន​និយាយ​ជា​ចំហ​ថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ក្លែងក្លាយ ទោះបី​ក្រសួងព្រះបរមរាជវាំង​បាន​បញ្ជាក់ថា ជា​ព្រះរាជសារ​ពិតប្រាកដ​យ៉ាងណាក៏ដោយ ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​តាម​សម្បជញ្ញៈ​របស់ខ្លួន​។ ដូច្នេះ​ជាការ​សម​មុខ​ហើយ ដែល​ទណ្ឌិត សម រង្សី ត្រូវ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ចេញ​អធិបញ្ជា​ឲ្យ​តុលា​ការចាត់​នីតិវិធី​ចំពោះ​បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ​។​

ថ្មីៗ​នេះ មាន​ប្រធាន​គណបក្ស​នយោបាយ​ចំនួន​២ គឺ​គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា ដែល​ចូលរួម​ក្នុងការ​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នាពេលខាងមុខ បានចេញ​មុខ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា​ចំពោះ​ការប្រមាថ​ព្រះរាជសារ​ព្រះមហាក្សត្រ​របស់លោក សម រង្ស៊ី និង​បានទាមទារ​ឱ្យ​តុលាការ​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ផងដែរ​។​

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​លើកឡើងថា សូម្បីតែ​អង្គ​ព្រះមហាក្សត្រ ជា​ស្តេច​នៃ​ប្រទេស​ខ្មែរ ក៏​លោក សម រង្ស៊ី ប្រមាថ​ដែរ ដូច្នេះ​លោក សម រង្ស៊ី មិនគួរ​មាន​សញ្ជាតិ​ជា​ខ្មែរ​ឡើយ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​ហេតុអ្វី​បានជា​លោក សម រង្ស៊ី នៅតែ​បន្ត​ញុះញង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ធ្លាក់​ក្នុង​ភាព​ងងឹត​ងងុល​ម្តង​ហើយ ម្តងទៀត តាមរយៈ​ការ​លាប​ពណ៌ និង​ការប្រមាថ​ដល់​អ្នកនយោបាយ ព្រមទាំង​ការប្រមាថ​អង្គ​ព្រះមហាក្សត្រ គឺ​សុទ្ធសឹងតែ​ចេញពី​ប្រអប់មាត់​របស់លោក សម រង្ស៊ី ទាំងអស់​។ លោក សម រង្ស៊ី មិនគួរ​មាន​សញ្ជាតិ​ជា​ខ្មែរ​សោះឡើយ ដោយហេតុថា សូម្បីតែ​អង្គ​ព្រះមហាក្សត្រ​ទ្រង់​ជា​ស្តេច​នៃ​ប្រទេស​ខ្មែរ ដែល​ពិភពលោក​ទទួលស្គាល់ ក៏​លោក សម រង្ស៊ី ហ៊ាន​ប្រមាថ​ដែរនោះ សួរថា តើ​តម្លៃ​របស់លោក រង្ស៊ី នៅមាន​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទៀត​ដែរឬទេ​? លោក សម រង្ស៊ី នឹង​ក្លាយជា​មនុស្ស​សរសៃប្រសាទ​ជាក់​ជាមិនខាន​ឡើយ បើសិនជា​លោក​មិន​ព្រមធ្វើ​ចិត្ត​ឲ្យ​ស្ងប់ និង​បដិបត្តិ​ទៅតាម​ផ្លូវ​ត្រឹមត្រូវ​ទេនោះ​”​។​

ចំណែក​លោក សេង សុ​ខេង ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា​បាន​លើកឡើងថា ការប្រមាថ​ព្រះមហាក្សត្រ​កម្ពុជា ដែល​ទ្រង់​ប្រទាន​រាជសារ​ដល់​ជនរួមជាតិ​ទូទាំងប្រទេស​ឲ្យ​ទៅ​បោះឆ្នោត​គ្រប់ៗ​គ្នា ដើម្បី​កសាង និង​ក្រាលផ្លូវ​ប្រជាធិបតេយ្យ​ពិតៗ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​បោះឆ្នោត​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ឲ្យ​ប្រ​ព្រិ​ត្តិ​ទៅដោយ​សេរី​យុត្តិធម៌ និង​ទទួលយកបាន​របស់​ទ​ណ្ឌិ​ត​សម រង្សី នោះ គឺជា​ចោរ​ពានវាំង​។

ជាមួយគ្នា​នោះ គណបក្ស​សញ្ជាតិ​កម្ពុជា ក៏បាន​ស្នើ​ឲ្យ​ធ្វើ​សច្ចា​ប័ណ្ណ នាំខ្លួន​លោក សម រង្ស៊ី មក​ចាត់វិធានការ​តាមច្បាប់​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​សូម​ស្នើ​តុលាការ​ចាត់ការ​ជន​ក្បត់ជាតិ ត​ត្រកូល អា ! ចោរ​ពានវាំង ទណ្ឌិត​សម រង្សី អា​យួន​បង្កប់​នេះ និង​ធ្វើ​បច្ចាប័ណ្ណ នាំខ្លួន​ទណ្ឌិត ពានវាំង ក្បត់ជាតិ សម រង្សី មក​ដាក់គុគ​ស្រុក​ខ្មែរ​ទើប​ត្រឹមត្រូវ​។ ជាមួយគ្នានេះដែរ គណបក្ស​សញ្ជាតិ​កម្ពុជា សូម​បងប្អូន​ជន​រួម​សញ្ជាតិ អញ្ជើញ​ទៅ​បោះឆ្នោត​ទាំងអស់គ្នា តាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨”៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu