កាលពីថ្ងៃពុធ តំណាងរាស្ត្រហ្គាតេម៉ាឡា បានដាក់ពាក្យបណ្ដឹងមនុស្សឃាតប្រឆាំងនឹងប្រធានទីភ្នាក់ងារការពារស៊ីវិលរបស់ប្រទេសនេះ ដោយសារតែការបរាជ័យរបស់ខ្លួនក្នុងការព្រមានប្រជាជនអំពីការផ្ទុះភ្នំភ្លើង Fuego ដែលបានបណ្ដាលឲ្យមនុស្សយ៉ាងតិច១១២នាក់ស្លាប់។
លោក Erwin Alvarez នៃគណបក្សប្រឆាំង Parliamentary Front for Transparency បានដាក់ពាក្យបណ្តឹងប្រឆាំងលោក Sergio Cabanas ដែលជាប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ CONRED ពីបទមនុស្សឃាតនិងការរំលោភកាតព្វកិច្ច។
លោកបានប្រាប់អ្នកយកព័ត៌មានថា លោក Cabanas និងអ្នកដទៃទៀតបានបរាជ័យក្នុងការបញ្ជាឲ្យមានការជម្លៀសចេញពីសហគមន៍ដែលនៅជុំវិញនោះកាលពីថ្ងៃទី៣ខែមិថុនានៅពេលដែលភ្នំភ្លើងបានផ្ទុះឡើង។
លោកបាននិយាយថា អាជ្ញាធរការពារស៊ីវិលមិនបានគិតគូរទាន់ពេលវេលាទេ។
ក្រុមមន្ត្រីបានបញ្ជាក់ពីការស្លាប់របស់មនុស្សចំនួន១១២នាក់ប៉ុន្តែមនុស្សជាច្រើននាក់ទៀតនៅតែកំពុងបាត់ខ្លួន។
អាជ្ញាធរបាននិយាយថា មនុស្សជាង១.៧លាននាក់បានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះដោយរាប់បញ្ចូលទាំងអ្នកជម្លៀសជាង៣,០០០នាក់ផងដែរ។
ការិយាល័យរបស់រដ្ឋអាជ្ញាកំពុងធ្វើការរួចទៅហើយដើម្បីស៊ើបអង្កេតដាច់ដោយឡែកលើការធ្វេសប្រហែស។
លោក David de Leon អ្នកនាំពាក្យ CONRED បាននិយាយថា ទីភ្នាក់ងារនេះកំពុងសហការជាមួយការស៊ើបអង្កេត៕ AFP
Source: Kampuchea Thmey Daily
0 Comments