Ad Code

ឃាតកម្ម ​សម្លាប់​បុរស​ម្នាក់ ​ដោយ​អារ.ក​ យក​ទៅ​ចងក​ ដើម្បី​បំភ័ន្ត​ដាន​មហាជន



ប៉ៃលិន​ ៖ ​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង​នៅក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង ដែល​មាន​ឈ្មោះ​ កែវ សុខ​ជឿន ហៅ​ជាង​យ៉ាវ ដោយសារតែ​បុរស​ម្នាក់ ​បាន​ស្លាប់​ក្នុង​សភាព​ចងក​សម្លាប់​ខ្លួន កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ប៉ុន្តែ​ដោយ​ស្ថានភាព​យប់​មិនអាច​ឲ្យ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​បាន ដូច្នោះ​សមត្ថកិច្ច​ជំនាញ សម្រេច​បិទ​ទីតាំង ព្រមទាំង​ចាត់​គ្នា​យាម​ រង់​ចំការ​ធ្វើ​កោសល្យវិច័យ​ នៅពេល​ព្រឹក​វិញ។ លុះ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ​សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ីវ គឹមស៊ាន ស្នងការរង​ទទួលបន្ទុក​បទល្មើស​ព្រហ្ម​ទ​ណ្ឌ នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន មានការ​ចូលរួម​ពី​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ អធិការ​ក្រុង មេ​ប៉ុស្តិ៍ និង​សមត្ថកិច្ច​ជំនាញ​ជា​ច្រើន​រូប។

លោក​វរសេនីយ៍ត្រី យ៉ែម សារិទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន បាន​ឲ្យ​ដឹងថា ​៖ ​នៅ​វេលា​កើតហេតុ​ខាងលើ ពិតជា​មាន​ករណី​មនុស្ស​ចងក​សម្លាប់​ខ្លួន ប៉ុន្តែ​យើង​មិនទាន់​ធ្វើ​កោសល្យវិច័យ​ រក​មូលហេតុ​បាន​នៅឡើយ​ទេ ដោយសារតែ​កន្លែង​កើតហេតុ​យប់ ដូច្នោះ​រង់ចាំ​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការ​នគរបាល ចុះ​មក​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា​នេះ ព្រោះ​សាកសព ដែល​ចងក​ មាន​ឈាម​ហូរ​ស្រោច​ខ្លួន។

លោក​អធិការ​បន្ត​ថា ​៖ ជនរងគ្រោះ​ឈ្មោះ ម៉ៅ ទិ​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ស្តុក​ឃ្លោក ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ ដោយ​ជនរងគ្រោះ​បាន​យក​រថយន្ត​របស់​ខ្លួន មក​ធ្វើ​នៅ​ទីតាំង​កើតហេតុ​ខាង​លើ ព្រមទាំង​សម្រាក​បាន​ចំនួន​ពីរ​យប់​ផង​ដែរ។

បើ​តាម​លោក​វរសេនីយ៍ទោ ជា រ៉ាវុធ នាយការិយាល័យ​បច្ចេកទេស និង​កោសល្យវិច័យ នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ដែរ​ថា ​៖​ ករណី​ខាងលើ ជា​អំពើ​ឃាតកម្ម ព្រោះ​សភាព​សព​ជនរងគ្រោះ មាន​ស្លាកស្នាម​អារ.ក​ រហូតដល់​ដាច់​បំពង់ខ្យល់ ហើយ​យក​សព​ទៅ​ចងក ដើម្បី​បំភ័ន្ត​ដាន​សមត្ថកិច្ច។ លោក​បាន​បន្តថា ​៖ នៅ​កន្លែង​កើតហេតុ មានការ​ដក់​ឈាម​ជាច្រើន​កន្លែង ,​មាន​ឡា​ម ផង​ដែរ។

បច្ចុប្បន្ន ​សមត្ថកិច្ច​ជំនាញ កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ចាប់​ជន​ដៃដល់ មក​ផ្ដន្ទាទោស​តាមច្បាប់​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu