Ad Code

សហរដ្ឋអាមេរិក​ និង​រុស្ស៊ី​យល់ព្រម​ចំពោះ​កិច្ចប្រជុំ​កំពូល​Putin-Trump



ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​យល់ព្រម​ចំពោះ​កិច្ចប្រជុំ​កំពូល​មួយ​ជាមួយ​លោក Donald Trump នៅក្នុង​ប្រទេស​ទី​៣​។ លោក​បាន​យល់ព្រម​បែបនេះ​ ក្នុងអំឡុង​កិច្ចពិភាក្សា​មួយ​កាលពី​ថ្ងៃ​ពុធ​ ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​មេដឹកនាំ​អាមេរិក​ ដែល​បាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​សម្រាប់​ការកាត់បន្ថយ​ភាព​តានតឹង។

បេសកជន​អាមេរិក​លោក John Bolton ត្រូវ​បានទទួល​ស្វាគមន៍​នៅ​ទីក្រុង​មូ​ស្គូ​ដោយ​កិត្តិយស​បំផុត​។ លោក​បាន​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដែល​រៀបចំ​ដោយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov ហើយ​បន្ទាប់មក​មាន​ជំនួប​ដ៏​ស្និទ្ធស្នាល​ជាមួយ​លោក Putin នៅ​វិមាន​ក្រឹម​ឡាំង។

ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​ត្រូវបាន​ប៉ះពាល់​ដោយ​ការខ្វែងគំនិត​គ្នា​ជុំវិញ​ជម្លោះ​នៅ​ស៊ី​រី ការ​កាត់​យក​ឧបទ្វីប Crimea ដោយ​រុស្ស៊ី ការចូលរួម​របស់ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​ខាងកើត​និង​ការចោទប្រកាន់​ពី​ការជ្រៀតជ្រែក​ផ្នែក​នយោបាយ។

ជំនួយការ​គោលនយោបាយ​ការបរទេស​ជាន់ខ្ពស់​របស់​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា លោក Putin និង​លោក Bolton បាន​យល់ស្រប​ថា ប្រធានាធិបតី​នៃ​ប្រទេស​ទាំងពីរ​នឹង​ជួបគ្នា​នៅ​កន្លែង​និង​ពេលវេលា​ដែល​នឹងត្រូវ​ប្រកាស​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ។

លោក Putin បាន​និយាយប្រាប់​លោក Bolton នៅ​វិមាន​ក្រឹម​ឡាំង​ថា “​ដំណើរ​ទស្សនកិច្ច​រប​ស់​អ្នក​មកកាន់​ទីក្រុង​មូ​ស្គូ​បានផ្តល់​ឲ្យ​យើង​នូវ​ក្តី​សង្ឃឹមថា យ៉ាងហោចណាស់​យើង​អាចឈាន​ទៅដល់​ជំហាន​ដំបូង​ដើម្បី​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ឡើងវិញ​រវាង​រដ្ឋ​របស់​យើង​ទាំងពីរ​”​។​

លោក Bolton ដែល​ត្រូវបាន​គេ​ស្គាល់​ពីមុនមក​ដោយសារ​តែ​ជំហរ​រឹងមាំ​របស់គាត់​ទៅលើ​ទីក្រុង​មូ​ស្គូ​បាន​និយាយថា វា​សំខាន់​ណាស់​ក្នុង​ការបន្ត​ពិភាក្សា​និង​កោតសរសើរ​ដល់​លោក Putin អំពី​ការគ្រប់គ្រង​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ដែល​បច្ចុប្បន្នកំពុង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ប្រទេស​រុស្ស៊ី​។ លោក​បន្តថា “​សូម្បីតែ​នៅ​ថ្ងៃ​ដំបូង​នៅពេលដែល​ប្រទេស​របស់​យើង​មាន​ភាព​ខ្វែងគំនិត​គ្នា មេដឹកនាំ​របស់​យើង​និង​ទីប្រឹក្សា​របស់​ពួកគេ​បាន​ជួបគ្នា​ហើយ​ខ្ញុំ​គិតថា​វា​ល្អ​សម្រាប់​ប្រទេស​ទាំងពីរ​”។​

គួរ​បញ្ជាក់ថា ថ្មីៗ​នេះ​ទំនាក់ទំនង​ត្រូវបាន​ប៉ះពាល់​ដោយ​ការស៊ើបអង្កេត​លើ​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦​និង​ការសង្ស័យ​អំពី​ការឃុបឃិត​ជាមួយ​យុទ្ធនាការ​របស់លោក Trump ក៏ដូចជា​ការបំពុល​ចារបុរស​រុស្ស៊ី​នៅ​ចក្រភព​អង់គ្លេស​ផងដែរ​។​

ចំណែកឯ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឯណោះ​វិញ លោក Trump បាន​និយាយថា លោក​មិនទាន់​បានឮ​សេចក្តីរាយការណ៍​ពេញលេញ​ពី​លោក Bolton អំពី​ផែនការ​សម្រាប់​កិច្ចប្រជុំ​កំពូល​ជាមួយ​លោក Putin ទេ​ប៉ុន្តែ​លោក​និយាយថា “​វា​ហាក់ដូចជា​យើង​នឹង​ជួបប្រជុំគ្នា​នៅពេល​អនាគត​មិនយូរប៉ុន្មាន​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu