Ad Code

អ្នក​ម្នាង អ៊ុក ផល្លា ​យាង​សោយទិវង្គត ​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ជាមួយ​សម្ដេចក្រុមព្រះ នរោត្តម​ រណឫទ្ធិ



ព្រះសីហនុ​ ៖​ សម្ដេច​ក្រុម​ព្រះ ​នរោត្តម​ រណឫទ្ធិ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​គ្លីនិក​សេ​តេ​ក្រុង​ព្រះសីហនុ ចំណែក​អ្នក​ម្នាង អ៊ុក ផល្លា ​​បាន​យាង​សោយទិវង្គត​នៅ​មន្ទីរពេទ្យ​​ ​ ក្រោយ​ពេល​​​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ព្រឹក​មិញ​ ​ នៅ​លើ​កំណាត់​ ផ្លូវជាតិ​លេខ​០៤ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ២០០-២០១ ត្រង់​ចំណុច​ផ្លូវ​ចូល​ទីលាន​ចាក់សំរាម ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ ក្នុង​ហេតុ​ការណ៍​នេះ ក៏​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​០៥​នាក់​ផ្សេងទៀត​ រង​របួស​ធ្ងន់​ស្រាល​ផង​ដែរ។

ពាក់ព័ន្ធ​ទៅ​នឹង​ហេតុការណ៍​នេះ​​ បើ​តាម​សាក្សី​រស់នៅ​តំបន់​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គេ​ឃើញ​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​ម៉ាក​HIGHLANDER ​បាន​បើក ​ក្នុង​ល្បឿន​លឿន លុះ​​​មកដល់​ចំណុច​កើតហេតុ មិន​ដឹង​ជា​មាន​មូល​ហេតុអ្វី ក៏​ស្រាប់តែ​រេ​ចង្កូត ​សំដៅ​ទៅ​រក​រថយន្ត​មួយ​គ្រឿង​ទៀត ​ម៉ាក BMW​ជា​រថយន្ត​របស់​ សម្តេច​ក្រុមព្រះ​ ដែល​បើកបរ​ក្នុង​គោលដៅ​បញ្ច្រាស​ទិស​គ្នា ហើយក៏​បាន​បុក​យ៉ាង​ទំហឹង បណ្ដាល​ឲ្យ​ជួប​ហេតុការណ៍​ អាក្រក់​បែបនេះ តែ​ម្តង​ទៅ។ ក្រោយ​ពេល​កើតហេតុ ​ភ្លាមៗ​សម្ដេច​ក្រុម​ព្រះ​ ​និង​អ្នក​ម្នាង​អ៊ុក ផល្លា ​រួម​នឹង​ជនរងគ្រោះ​ផ្សេង​ទៀត​ ​ត្រូវ​បាន​រថយន្ត​ ដឹក​បញ្ជូន​ទៅ​​​មន្ទីរពេទ្យ​ ដើម្បី​ជួយសង្គ្រោះ ផង​ដែរ ដោយ​ជនរងគ្រោះ​ ខ្លះ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន​វាលរេញ និង​ខ្លះ​បញ្ជូន​មក​មន្ទីរពេទ្យ​ក្រុង​ព្រះសីហនុ។ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​នោះ​ គឺ​អ្នក​ម្នាង​អ៊ុក ផល្លា ​​បាន​យាង​សោយទិវង្គត ​នៅ​វេលា​ម៉ោង​ជាង​១២ ​ថ្ងៃ​ទី១៧ ​ខែ​មិថុនា ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក។

សមត្ថកិច្ច ​ប៉ូលិស​ ឲ្យ​ដឹង​ថា រថយន្ត​០១​គ្រឿង​ម៉ាក HIGHLANDER ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ​2L-9667 បើកបរ​ដោយ​ឈ្មោះ វ៉ុល សារ៉េត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី​ មាន​ទីលំនៅ ​ភូមិ​២ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ដឹក​ភ្ញៀវ​ចំនួន​០៤​នាក់ ស្រី​០១​នាក់ មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ​ រថយន្ត​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង។ ចំណែក​ឯ​រថយន្ត​ម៉ាក BMW X3 ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​លេខ រដ្ឋសភា​5 2.090 ជិះ​គ្នា​ចំនួន ០៣​នាក់ ស្រី ០១​នាក់ ​ជា​រថយន្ត​របស់​សម្តេច ក្រុម​ព្រះ ​ដែល​ធ្វើ​ដំណើរ​ទៅ​ជួប​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ។ ករណី​នេះ ​បណ្ដាល​ឲ្យ ​រង​របួស​មនុស្ស​ចំនួន​០៧​នាក់ ស្រី​០២​នាក់ ​ទី​១-​អ្នក​ម្នាង អ៊ុក ផល្លា រង​របួស​ធ្ងន់​ សម្រាក​ព្យាបាល​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ​ហើយ​ក្រោយ​មក​ក៏​យាង​សោយទិវង្គត .​ទី​២-​សម្តេចក្រុមព្រះ រងរបួស ធ្ងន់ សម្រាក ព្យាបាល​នៅ គ្លីនិក​សេ​តេ។ ចំណែក​អ្នករបួស​ផ្សេងៗ​ទៀត កំពុង​សម្រាក​ព្យាបាល នៅ​គ្លីនិក​ឯកជន​ផ្សេងៗ​គ្នា។

ចំពោះ​អ្នកបើកបរ​រថយន្ត​ តាក់ស៊ី​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ការិយាល័យ នគរបាល ​ចរាចរណ៍​ផ្លូវគោក។

បច្ចុប្បន្ន​វត្ថុ​តាង​រថយន្ត ​សមត្ថកិច្ច ​នគរបាល​ចរាចរណ៍​ កំពុង​​​យកចេញ​ពី​កន្លែង​កើតហេតុ ទៅ​រក្សា ទុក​នៅ​​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu