Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជា​បន្តបន្ទាប់ ក្រោយពី​ធ្វើ​សកម្មភាព​ឆក់ ទូរស័ព្ទ​ដៃ​បានសម្រេច​តែ​គេច​មិន​រួច



ភ្នំពេញ​ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​សមត្ថកិច្ច​ផ្នែក​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹងកក់​ទី​២ នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយពី​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​អ្នកដំណើរ​បានសម្រេច​តែ​គេច​មិន​រួច ពោល​គឺ​ចាប់បាន​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ម្នាក់​និង​ម្នាក់ទៀត​ស្រាវជ្រាវ​ចាប់បាន​ក្រោយពេល​កើតហេតុ​មួយថ្ងៃ​។



ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​បាន​ម្នាក់​ កាលពី​ថ្ងៃ​ច័ន្ទ ១៣​រោច ខែជេស្ឋ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១១​និង​០៥​នាទី នៅ​ចំណុច​មុខ​សាលា​មណ្ឌល​អង្គការ S.O.S ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល១៦​និង​៣៥​នាទី ​នៅ​ចំណុច មុខ​ផ្ទះ​លេខ​១៥ ផ្លូវ លេខ​៣២៧ កែង​ផ្លូវ លេខ​៥៩៦ ក្រុមទី​១៣ ភូមិ​៣ សង្កាត់​បឹងកក់ ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទី​១ ឈ្មោះ លី សុវណ្ណ​ដា​រា ហៅ រ៉ា ហៅ មាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មណ្ឌល​អង្គការ S.O.S ថ្នាក់​ទី​១០B ស្នាក់​នៅផ្ទះ​លេខ​១៣៦C ផ្លូវ​បេតុង ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ជនសង្ស័យ​ទី​២ ឈ្មោះ សេង ចាន់​ថេ​ន ហៅ ថេន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១B​សាលា​មណ្ឌល​អង្ក​ការ S.O.S ស្នាក់នៅ​ផ្ទះជួល​មិន​ស្គាល់​លេខ ផ្លូវលំ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ (​អង្គការ​ជួល​ឲ្យ​ស្នាក់​នៅ។ វត្ថុ​តាង​ចាប់​យក​មាន ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda C125 ស៊េរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1I-4258 ដែល​មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន 8276002 (​ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ទាំងពីរ​ជិះ​ធ្វើ​សកម្មភាព​ឆក់ )។



ជនរងគ្រោះ ពុំ​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល ២៦​ឆ្នាំ ជនជាតិ​ខ្មែរ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda Scoopy ពណ៌ស (​ក្រោយ​កើតហេតុ​ជិះ​ម៉ូតូ​ចេញទៅ​បាត់​ដោយ​ពុំបាន ដាក់ពាក្យ​បណ្ដឹង​ទេ )។

មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១៦​និង​៣៥​នាទី ជនរងគ្រោះ​ពុំ​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​២៦​ឆ្នាំ ជនជាតិខ្មែរ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda Scoopy ពណ៌​ស មិន​ចាំ​ស្លាក​លេខ ជិះ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣២៧ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ពេល​ជិះ​មកដល់​ចំណុច​ផ្លូវកែង​លេខ​៥៩៦ ក្រុមទី​១៣ ភូមិ​៣ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ស្រាប់​តែ​មាន​ជនសង្ស័យ​ឈ្មោះ លី សុវណ្ណ​ដា​រា ហៅ រ៉ា ហៅ មាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នក​បើក​ម៉ូតូ​ចំណែក ជនសង្ស័យ​ឈ្មោះ សេង ចាន់​ថេ​ន ហៅ ថេ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នក​ជិះ​ពីក្រោយ រួម​នឹង​បក្សពួក​០៤​នាក់​ទៀត ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង បាន​ជិះ​មក​អែប​ខាងឆ្វេង​ដៃ​របស់​ជនរងគ្រោះ រួចហើយ​ជនសង្ស័យ​ឈ្មោះ សេង ចាន់​ថេ​ន បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ដៃ​ជនរងគ្រោះ​បានសម្រេច ចំណែក​ជនសង្ស័យ​ទាំង​០៤​នាក់​ជិះ​ម៉ូតូ​០២​គ្រឿង​ជា​អ្នក​ជិះ​បិទគូទ​ពីក្រោយ។

នៅពេល​ឆក់​បាន​ហើយ​ ជនសង្ស័យ​ទាំងនោះ​ ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ភ្លាម​នោះ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពី​ខាងក្រោយ​ជនសង្ស័យ​រួច​ស្រែក​ថា​ ចោរៗ ភ្លាម នោះ​ជនសង្ស័យ​ឈ្មោះ លី សុវណ្ណ​ដា​រា ហៅ រ៉ា ហៅ មាន់ និង​ឈ្មោះ សេង ចាន់​ថេ​ន បាន​ជិះ​ម៉ូតូ​ទៅ​បុក​នឹង​ម៉ូតូ​កង់​បី (​ឡាំប៉ា​តា​ឥណ្ឌា ) បណ្ដាល​ឲ្យ​ម៉ូតូ​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ដួល ភ្លាម នោះ​ជនសង្ស័យ​ឈ្មោះ លី សុវណ្ណ​ដា​រា ហៅ រ៉ា ហៅ មាន់ បាន​លើក​ម៉ូតូ​ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​ជាមួយ​បក្សពួក​ដែល​ជិះ​បិទគូទ​នោះ​បាត់ទៅ។

ចំណែក​ជនសង្ស័យ​ឈ្មោះ សេង ចាន់​ថេ​ន ហៅ ថេ​ន ក៏ត្រូវ​ជនរងគ្រោះ​តាម​មក​ទាន់​រួច​ក៏​យក​ទូរស័ព្ទ​ដៃ​ពី​ដៃ​ជនសង្ស័យ​ឈ្មោះ សេង ចាន់​ថេ​ន យក​ទៅ​វិញ​ហើយ​ជិះ​ម៉ូតូ​ចេញទៅ​បាត់​ទៅ​ដោយ​ពុំបាន ដាក់ពាក្យ​បណ្ដឹង​ទេ។ ដោយឡែក​ជនសង្ស័យ​ឈ្មោះ សេង ចាន់​ថេ​ន ហៅ ថេ​ន ក៏​ត្រូវ​កំលាំង​សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​បឹង​កក់ ទី​២ អន្តរាគមន៍​ឃាត់ខ្លួន​យក មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ចាត់ការ​តាម នីតិវិធី​ច្បាប់​តែម្ដង។



មន្ត្រី​ដដែល​បន្ត​ថា ឆ្លងតាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ឈ្មោះ សេង ចាន់​ថេ​ន ទើប​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១១​និ​ង០៥​នាទី កម្លាំង​យើង​បាន​សហការ​ធ្វើការ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ទៀត​ឈ្មោះ លី សុវណ្ណ​ដា​រា ហៅ រ៉ា ហៅ មាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ឃាត់ នៅ​ចំណុច​មុខ​សាលា​មណ្ឌល​អង្គការ S.O.S ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ចាប់​យក​វត្ថុ​តាង ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ឆក់ រួច​បញ្ជូន​យក មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ចាត់ការ​តាម នីតិវិធី​ច្បាប់​តែម្ដង។

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ សមត្ថកិច្ច​យើង​បាន​យក ទឹកនោម​ជនសង្ស័យ​ទាំងពីរ​រូប​នេះ​មក​ធ្វើ​តេ​ស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម ជា​លទ្ធផល មាន​ភាព អវិជ្ជមាន (​គ្មាន​សារធាតុ​ញៀន​)។

បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ សាកសួរ​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu