Ad Code

ស្រវឹង​ស្រា​ បើករថយន្ត​បុក​បង្គោល​ភ្លើង​​​កណ្ដាល​ទ្រូងផ្លូវ​ បាក់​១​ដើម​ដាច់​ភ្លើង​១​យប់



ភ្នំពេញ ​៖​ យុវជន​ម្នាក់​ បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង ​បាន​បើករថយន្ត​លឿន​ជ្រុល​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​មួយ​ដើម​រាបស្មើ​ដល់​ដី ​បណ្តាលអោយ​ដាច់​ភ្លើង​ជាង​១០​បង្គោល​ ហើយ​រថយន្ត​ដាច់​កាឡេ​បែក​កង់​ធ្លាយ​ធុង​ទឹក​ដេក​ស្ងៀម​នៅនឹងកន្លែង ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​តៃកុង​ភ្លាមៗ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​៣១ ​ខែឧសភា​ ឆ្នាំ​២០១៨​ នៅតាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ទល់មុខ​រោងចក្រ​ស្បែកជើង​ស្ថិតនៅ​ភូមិ​ជង្រុក​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

រថយន្ត​បង្ក​ម៉ាក​តូយ៉ូតា VIGO​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​AT16 . 2,0015​បើកបរ​ដោយ​យុវជន​ម្នាក់​មិន​ប្រាប់​ឈ្មោះ ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុងស្ថានភាព​ស្រវឹង។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​នៅ​មុនពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​VIGO​ ពណ៌​ ទឹកប្រាក់​ខាងលើ​ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ​និង​រេ​ពេញ​ផ្លូវ លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ រថយន្ត​បង្ក​បាន​រេ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង​ ហើយ​ឡើងលើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​កណ្ដាល​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាលអោយ​បាក់​ដាច់​រំលំ​រាបស្មើ​ដល់​ដី​ និង​បណ្តាល​អោយដាច់​ភ្លើង​ងងឹត​ឈឹង​ជាង​១០​បង្គោល ​តែ​សំណាងល្អ​វិញ ​ដោយសារ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់ អ្នកដទៃ​ឡើយ។

ទោះយ៉ាងណា ​រថយន្ត​បង្ក​ ​បាន​ដាច់​កាឡេ​បែក​កង់​បែក​ធុង​ទឹក ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​បើក​គេច​មិន​រួច ​កុំ​អី​បាត់​ឈឹង​ទៅហើយ។

ប្រភព​បាន​បន្តទៀតថា ខណៈ​ពេល​គ្រោះថ្នាក់​ភ្លាមៗ កម្លាំង​នគរបាល​ដែល​កំពុង​ល្បាត​បានឃើញ​ហេតុ​ការ​ណ៍នេះ ក៏បាន​ឃាត់​តៃកុង​រថយន្ត​ភ្លាមៗ​ផងដែរ​ ហើយ​ប្រគល់អោយ កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ដើម្បី​ទុកអោយ​ជំនាញ​នៃ​ផ្នែក​ចរាចរណ៍​ក្រុង​មក​ទទួល​យកទៅ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​ទុក​ឲ្យ​តៃកុង​ស្វាង​ស្រា​សិន​ទើប​និយាយ​គ្នា​បាន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu