Ad Code

ការ​ធ្វើ​អត្តឃាត​របស់​ក្មេង​ជំទង់​ម្នាក់ ​បាន​បង្ក​ឲ្យ​មាន​កំហឹង​នៅក្នុង​ប្រទេស​ចិន



ការធ្វើអត្តឃាត​របស់​ក្មេង​ជំទង់​ម្នាក់​នៅក្នុង​ប្រទេស​ចិន ​បន្ទាប់ពី​ករណី​បៀតបៀន​ផ្លូវភេទ​របស់​នាង​ត្រូវបាន​ច្រានចោល​នោះ​ គឺ​បាន​បង្ក​ឲ្យ​មាន​សំនួរ​ជាច្រើន​ទាក់ទង​នឹង​រឿងរ៉ាវ​របស់​នាង​និង​កំហឹង​ចំពោះ​អ្នក​ឈរ​មើល​ដែល​បាន​ជំរុញ​ឲ្យ​នាង​លោត​ចុះ​ពី​អគារ​មួយ។

​ប៉ូលិស​និយាយថា នាង Li Yiyi អាយុ​១៩​ឆ្នាំ​បាន​ស្លាប់​កាលពី​សប្តាហ៍​មុន ​បន្ទាប់ពី​នាង​បាន​លោត​ចុះ​ពី​ជាន់​ទី​៨​នៃ​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង Qingyang ដែល​ស្ថិតនៅ​ខេត្ត Gansu ភាគ​ពាយព្យ​។​

កំហឹង​ជា​សាធារណៈ​បាន​ផ្ទុះឡើង ​បន្ទាប់ពី​វីដេអូ​នៃ​ហេតុការណ៍​នេះ​ត្រូវបាន​ចែកចាយ​នៅលើ​អ៊ីនធឺណិត ​ហើយ​មាន​សេចក្តីរាយការណ៍​ថា អ្នក​ឈរ​មើល​មួយចំនួន​បាន​ចំអក​នាង​ហើយ​បាន​ជំរុញ​ឲ្យ​យុវនារី​រូបនេះ​លោត​ឲ្យ​លឿន​ ខណៈ​ក្រុម​ពន្លត់​អគ្គិភ័យ​ព្យាយាម​ជួយសង្គ្រោះ​នាង​។​

ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​បាន​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ដែល​បាន​សើចចំអក​ហើយ​បាន​ចាប់ផ្តើម​ការស៊ើបអង្កេត​លើ​មនុស្ស​ចំនួន​៦​នាក់​ទៀត​ដោយសារ​ការ​សរសេរ​ពា​ក្យ​ប្រមាថ​អំពី​នាង Li ហើយ​បង្ហោះ​ក្នុង​អន​ឡាញ។

​ក្មេង​ជំទង់​ម្នាក់នេះ​មានការ​ខកចិត្ត​ដោយសារតែ​រដ្ឋអាជ្ញា​បានប្រកាសថា​គ្មាន​ទោស​ចំពោះ​គ្រូបង្រៀន​វិទ្យាល័យ​ម្នាក់​ដែល​នាង​ចោទប្រកាន់ថា​បាន​ថើប​នាង​ទាំង​បង្ខំ​និង​ព្យាយាម​ដោះ​សំលៀកបំពាក់​របស់​នាង​ចេញ​នៅ​ខែកញ្ញា​ឆ្នាំ​២០១៦​។​

នាង Li និង​ឪពុក​របស់​នាង​បាន​ស្វែងរក​ការចោទប្រកាន់​ម្តង​ហើយ​ម្តងទៀត​ប្រឆាំងនឹង​គ្រូបង្រៀន​រូបនោះ​ប៉ុន្តែ​រដ្ឋអាជ្ញា​មូលដ្ឋាន​បានសម្រេច​ចិត្ត​មិន​ចោទប្រកាន់​គាត់​ដោយ​ប្រកាសថា អាកប្បកិរិយា​របស់គាត់​គឺជា​បទល្មើស “​បន្តិចបន្តួច​” ដែល​មិន​បង្ក​ទៅជា​ឧក្រិដ្ឋកម្ម​ទេ​។ រួចមក​នាង​បាន​អំពាវនាវ​ដល់​រដ្ឋអាជ្ញា​ជាន់ខ្ពស់​ម្នាក់​ដែល​ក៏បាន​បដិសេធ​រឿងក្តី​របស់​នាង​ផងដែរ​។​

គ្រូបង្រៀន​រូបនោះ​ត្រូវបាន​គេ​ឃុំឃាំង​រយៈពេល​ខ្លី​ប៉ុន្ដែ​បាន​រក្សា​ការងារ​របស់គាត់​។​
​ករណី​បៀតបៀន​ផ្លូវភេទ​បានធ្វើ​ឲ្យ​រញ្ជួយ​នៅតាម​សាកលវិទ្យាល័យ​នានា​ក្នុងប្រទេស​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ដែលជា​ហេតុ​ជំរុញ​ឲ្យ​មាន​ចលនា #MeToo ប៉ុន្តែ​មាន​កម្រិត​ទាប​ជាង​ប្រទេស​ដទៃទៀត​ដោយសារ​មានការ​ត្រួតពិនិត្យ​ពី​សំណាក់​អាជ្ញាធរ​។​

លោកស្រី Guo Jianmei មេធាវី​សិ​ទិ្ធ​នារី​នៅ​ទីក្រុង​ប៉េកាំង​បាន​និយាយថា មាន​ករណី​រំលោភបំពាន​ផ្លូវភេទ​តិចតួច​ប៉ុណ្ណោះ​ដែល​ត្រូវបាន​កាត់ទោស​ដោយសារ​តែ​ខ្វះ​ភស្តុតាង​ហើយ​កង្វះ​នៃ​ការគោរព​ចំពោះ​ស្ត្រី​បានរួម​ចំណែក​ក្នុងករណី​បែបនេះ​ដែល​មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់​ខ្លាំងក្លា​ទេ​នៅក្នុង​ប្រទេស​ចិន​។​

ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា នាង Li បាន​ព្យាយាម​សម្លាប់ខ្លួន​បួន​ដង​មកហើយ​មុនពេល​ស្លាប់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu