ភ្នំពេញ ៖ ស្ត្រីជាជនសង្ស័យពាក់ព័ន្ធនឹងអំពើអូសទាញពេស្យាចារកុមារ ដែលត្រូវបានឆ្មាំគុកព្រៃសបញ្ជូនមកសម្រាលកូន រួចរត់ចេញពីមន្ទីរពេទ្យតាំងពីឆ្នាំ២០១៧នោះ ត្រូវបានស្រាវជ្រាវចាប់បានវិញនារសៀលថ្ងៃទី១៨ ខែមិថុនា នៅច្បារអំពៅ។
តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ទោ ម៉ៅសឿត អធិការរងនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា នគរបាលខណ្ឌច្បារអំពៅ បានចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះ ជា សុធី អាយុ២៧ឆ្នាំ ដែលកំពុងលាក់ខ្លួនក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ដោយនគរបាលអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០០១ អ.យ.ក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ចេញដោយលោកគុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដោយចោទប្រកាន់ពីបទអំពើអូសទាញពេស្យាចារកុមារប្រព្រឹត្តិទៅនៅចំណុចអាផាតមេនឌីអឹមផ្លូវលេខ៤៧០សង្កាត់ទួលទំពូង២ ខណ្ឌចំការមន កាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកអធិការរងបានបញ្ជាក់ពីរឿងរ៉ាវនេះថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឆ្មាំគុកព្រៃស បានបញ្ជូនស្ត្រីជា សុធីនេះ មកសម្រាលកូននៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក។ លុះដល់យប់រំលងអធ្រាត្រស្ត្រីខាងលើ បានលបរត់ចេញពីមន្ទីរពេទ្យតាំងពីថ្ងៃនោះមក។ លុះដល់រសៀលថ្ងៃទី១៨ ខែមិថុនា កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវរកឃើញស្ត្រីជាប់ចោទកំពុងសំងំលាក់ខ្លួននៅលំនៅដ្ឋានមួយកន្លែងស្ថិតក្នុងភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ក៏ចាប់ខ្លួនបញ្ជូនទៅគុកព្រៃសរតែម្តង៕
Source: Kampuchea Thmey Daily
0 Comments