សៀមរាប ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា គ.ស២០១៨ បានអញ្ជើញ ក្នុងពិធីបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការងារធាតុចូលសម្ភារៈកសិកម្មនីតិកម្ម នៅសណ្ឋាគារអប្សរាផាឡេសខេត្តសៀមរាប។
ក្រសួង បានឲ្យដឹងថា ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ លោក រដ្ឋមន្ត្រីបានថ្លែងអំណរគុណនិងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់សមាជិក សមាជិកានៃអង្គពិធីទាំងមូល ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាថ្ងៃនេះ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋាននីតិកម្មកសិកម្ម ដែលបានរៀបចំកិច្ចប្រជុំនេះ ក្នុងបំណងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការធ្វើអាជីវកម្ម ការប្រើប្រាស់ធាតុចូលសម្ភារៈកសិកម្ម បញ្ហាប្រឈម និងលើកកម្ពស់អភិបាលកិច្ចក្នុងការបំពេញតួនាទី និងភារកិច្ចរបស់មន្ត្រីជំនាញ ដើម្បីពង្រឹងសមត្ថភាពត្រួតពិនិត្យការធ្វើអាជីវកម្មខុសច្បាស់ ការប្រើប្រាស់ ការថែរក្សាទុកដាក់ខុសបច្ចេកទេស ដែលនាំឲ្យប៉ះពាល់ដល់គុណភាពកសិផល គុណភាពដី ទឹក សុខភាពអ្នកប្រើប្រាស់ និងអ្នកបរិភោគ។
លោក រដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គពិធីជ្រាបថា បច្ចុប្បន្នតម្រូវការនៃការប្រើប្រាស់ជីនិងថ្នាំកសិកម្មមានកំណើនគួរឱ្យកត់សម្គាល់ ស្របពេលដែលដំណាំកសិឧស្សាហកម្មដូចជាដំឡូងមី ម្រេច កៅស៊ូ ស្រូវ ពោត សណ្តែក ស្វាយចន្ទី។ល។កំពុងមានការរីកចម្រើនក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ស្ថិតក្នុងស្ថានភាពនេះ នាយកដ្ឋាននីតិកម្មកសិកម្មបានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ជាក់ស្តែងក្នុងឆ្នាំកន្លងមកបានអភិវឌ្ឍបទដ្ឋានគតិយុត្តក្រោមច្បាប់១ស្តីពីការគ្រប់គ្រងថ្នាំនិងជីកសិកម្ម លិខិតបទដ្ឋានគតិយុត្ត ដំណើរការគ្រប់គ្រង និងការបម្រើសេវាសាធារណៈនៅក្នុងប្រតិបត្តិការអាជីវកម្មថ្នាំនិងជីកសិកម្ម ការអនុវត្តច្បាប់ ព្រមទាំងបានចុះតាមដានត្រួតពិនិត្យលើរាល់ប្រតិបត្តិការអាជីវកម្ម ផ្គត់ផ្គង់ចែកចាយ លក់ដុំលក់រាយថ្នាំនិងជីកសិកម្ម។ ដោយឡែក ការជំរុញឲ្យអនុវត្តកម្មវិធីផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈប្រយោជន៍ និងហានិភ័យនៃធាតុចូលកសិកម្ម ការគ្រប់គ្រងថ្នាំនិងជីកសិកម្ម ដល់ពាណិជ្ជករ និងអ្នកប្រើប្រាស់នៅតាមរាជធានី-ខេត្តក៏ត្រូវបានពង្រឹងផងដែរ។ ទោះជាយ៉ាងណា ការគ្រប់គ្រងការធ្វើអាជីវកម្មថ្នាំនិងជីកសិកម្ម (នាំចូល លាយផ្សំ វេចខ្ចប់ លក់ចែកចាយ) និងការប្រើប្រាស់នៅតែជួបបញ្ហាប្រឈមមួយចំនួនជាអាទិ៍៖ ១-ការនាំចូលថ្នាំនិងជីកសិកម្មខុសច្បាប់ ចរាចរលើទីផ្សារដោយគ្មានការធានាបមាណីយ គុណភាព ហើយស្លាកសញ្ញាព័ត៌មានជាភាសាបរទេស ២- ជីកសិកម្មមួយចំនួនត្រូវបានក្លែងបន្លំគុណភាព ក្លែងសំបកវេចខ្ចប់ ហួសសុពលភាព ៣-ការបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ ការថែរក្សាទុកដាក់ ការការពារសុវត្ថិភាពផ្ទាល់ខ្លួន ការយល់ដឹងពីឥទ្ធិពលរបស់ថ្នាំនិងជីកសិកម្ម ហានិភ័យ គុណភាព និងប្រសិទ្ធភាពនៃធាតុចូលទាំងនោះទៅតាមប្រភេទដី ប្រភេទដំណាំ ដំណាក់កាលលូតលាស់របស់ដំណាំនៅមានកម្រិត។
ជាមួយនឹងសមិទ្ធផលដែលទទួលបានពីការគ្រប់គ្រងធាតុចូលកសិកម្ម ជាពិសេសការដោះស្រាយបញ្ហាប្រឈម ក៏ដូចជាការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំនិងជីកសិកម្ម ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពសាធារណៈ លោក រដ្ឋមន្ត្រីបានផ្ដល់នូវអនុសាសន៍មួយចំនួនដល់អង្គពិធី ពិសេសមន្ត្រីអធិការកិច្ចនីតិកម្មកសិកម្ម យកទៅសិក្សាស្វែងយល់ កែលម្អនូវរាល់ចំណុចខ្វះខាតទាំងទ្រឹស្ដីនិងការអនុវត្ត ដើម្បីពង្រឹងនិងពង្រីកការអនុវត្តច្បាប់ និងបច្ចេកទេសឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ដែលអនុសាសន៍ទាំងនោះមានដូចខាងក្រោម៖
ទី១- បន្តខិតខំរៀបចំបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ត្រូវសហការ សម្របសម្រួលជា មួយអង្គភាពនានាដើម្បីរៀបចំពិនិត្យ កែសម្រួល និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀតឲ្យបានសមស្រប តាមសភាពការណ៍វិវឌ្ឍជាក់ស្តែងនៅកម្ពុជា។ ទី២- បន្តជំរុញការធ្វើអធិការកិច្ច និងពង្រឹងការអនុវត្ដច្បាប់លើការធ្វើអាជីវ-កម្មគ្រប់រូបភាព ត្រួតពិនិត្យលើបមាណីយគុណភាពផលិតផល ស្លាកសញ្ញាព័ត៌មាន និងប្រភពដើមស្របច្បាប់នៃផលិតផលនាំចូលនិងចរាចរលើទីផ្សារ។ ត្រូវបន្ដពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ជីនិងថ្នាំកសិកម្មដើម្បីធានាគុណភាព ផលិតផលពិត គ្មានការក្លែងបន្លំគុណភាព និងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់តាមបញ្ជិកាស្នើសុំ។ ទី៣- អង្គភាពពាក់ព័ន្ធ ជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ត្រូវបន្ដធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ពាណិជ្ជករ អាជីវករ និងកសិករ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានគតិយុត្ត ការចូលរួមអនុវត្តច្បាប់ នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រងការធ្វើអាជីវកម្មថ្នាំនិងជីកសិកម្ម ហានិភ័យដែលបង្កឡើងដោយការប្រើប្រាស់មិនបានត្រឹមត្រូវតាមវិធានបច្ចេកទេស ជាពិសេសថ្នាំកសិកម្ម។ ទន្ទឹមនឹងនេះ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួននូវស្មារតីនៃសេចក្តីជូនដំណឹងលេខ៥០៨៦ សជណ.កសក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលថ្មីៗនេះ។ ទី៤- ត្រូវណែនាំដល់កសិករឱ្យចេះសន្សំ និងប្រើជីធម្មជាតិ ជីសរីរាង្គឲ្យអស់លទ្ធភាពដើម្បីកាត់បន្ថយថ្លៃដើមផលិត តាមរយៈការចំណាយលើជីគីមី ម្យ៉ាងទៀតដើម្បីរក្សាគុណភាពដី គុណភាព សុវត្ថិភាពផលិតផល និងជាពិសេសចូលរួមកាត់បន្ថយឱនភាពដីកសិកម្ម។ ទី៥- ត្រូវលើកកម្ពស់អភិបាលកិច្ចល្អក្នុងការបម្រើសេវាសាធារណៈ ត្រូវពង្រឹងឆន្ទៈការងារ និងវិន័យថ្លៃថ្នូរក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយផ្អែកតាមគោលការណ៍ការងារ និងនីតិវិធីពាក់ព័ន្ធជាធរមាន។ ត្រូវខិតខំរៀនសូត្របន្ថែមទៀតអំពីច្បាប់ នីតិវិធី និងវិធានបច្ចេកទេសពាក់ព័ន្ធក្នុងការគ្រប់គ្រងជីនិងថ្នាំកសិកម្ម ដើម្បីឲ្យស័ក្ដិសមជាមន្ត្រីនគរបាលយុត្តិធម៌មានសមត្ថកិច្ចដែលក្រសួងបានផ្ដល់ទំនុកចិត្ត៕
Source: Kampuchea Thmey Daily
0 Comments