Ad Code

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ ៖ ​លោក គីម ជុង​អ៊ុន កំពុង​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​ចិន ​នៅ​ថ្ងៃ​អង្គារ ​និង​ពុធ



ទូរទស្សន៍​រដ្ឋ CCTV បាន​រាយការណ៍​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​កំពុង​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​ចិន​នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​។ ដំណើរ​ទស្សនកិច្ច​នេះ​ បានកើត​ឡើង​មួយ​សប្តាហ៍​ បន្ទាប់ពី​ជំនួប​កំពូល​មិន​ធ្លាប់មាន​ពីមុនមក​របស់គាត់​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​។​

ទូរទស្សន៍ CCTV មិនបាន​និយាយថា​តើ​លោក​គីម​បានមក​ដល់ទី​ក្រុង​ប៉េកាំង​ដែរ​ឬក៏​អត់​នោះទេ​ប៉ុន្តែ​សន្តិសុខ​បាន​តម្រង់​ជួរ​តាមផ្លូវ​ហាយ​វេ​ឆ្ពោះទៅកាន់​ព្រលានយន្តហោះ​របស់​ទីក្រុង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ខណៈដែល​អាជ្ញាធរ​បាន​ត្រៀម​រៀបចំ​សម្រាប់​ការមកដល់​របស់គាត់​។​

ការធ្វើដំណើរ​នេះ​នឹង​ក្លាយជា​លើក​ទី​៣​របស់លោក​គីម​ទៅកាន់​ប្រទេស​ចិន​ចាប់តាំងពី​ខែមីនា​មក​នៅពេល​គាត់​បានធ្វើ​ដំណើរ​ទស្សន​កិច្ច​បរទេស​លើកដំបូង​របស់គាត់​ក្នុងនាម​ជា​មេដឹកនាំ​។​

អ្នកយកព័ត៌មាន AFP នៅ​ក្រុង​ព្យុងយ៉ាង​បាន​និយាយថា មាន​ជើងហោះហើរ​អន្តរជាតិ​តែមួយគត់​គឺ​យន្តហោះ Air Koryo ទៅកាន់​ទីក្រុង​ប៉េកាំង​ដែល​ត្រូវបាន​ពន្យារពេល​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​ដែល​រឿងនេះ​ជារឿយៗ​បាន​កើតឡើង​នៅពេលដែល​លោក​គីម​ធ្វើដំណើរ​។​

ចំណែក​សារព័ត៌មាន​ពាណិជ្ជកម្ម Nikkei របស់​ប្រទេស​ជប៉ុន​បាន​រាយការណ៍​ថា លោក​គីម​កំពុង​ស្វែងរក​ភាព​ធូរស្រាល​ពី​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្នូរ​សម្រាប់​ការសន្យា​របស់គាត់​ក្នុងការ​រំសាយ​នុយក្លេអ៊ែរ​ហើយ​ត្រូវបាន​គេ​ជឿថា​កំពុង​ស្វែងរក​ការគាំទ្រ​ពី​ប្រទេស​ចិន​។​

បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​អាមេរិក - កូរ៉េខាងជើង​នៅ​ប្រទេស​សិង្ហ​បុរី​កាល​ពីមួយ​សប្តាហ៍​មុន ប្រទេស​ចិន​បាន​លើកឡើងថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អាច​ពិចារណា​កាត់បន្ថយ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​សម្ព័ន្ធមិត្ត​សង្គ្រាមត្រជាក់​របស់ខ្លួន​។​

ប្រទេស​ចិន​មិនមែនជា​តួអង្គ​ដោយផ្ទាល់​នៅក្នុង​ការចរចា​ក្នុងប្រទេស​សិង្ហ​បុរី​នោះទេ​ប៉ុន្តែ​នៅតែ​រក្សា​ឥទ្ធិពល​យ៉ាងខ្លាំង​ក្លា​នៅ​ពីក្រោយ​ឆាក​។​

រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​ប្រញាប់ប្រញាល់​ទៅកាន់​ទីក្រុង​ប៉េកាំង​ដើម្បី​ថ្លែង​ទៅកាន់​លោក​ប្រធានាធិបតី​ចិន​ស៊ី​ជីន​ភីង​និង​មេដឹកនាំ​កំពូល​ដទៃទៀត​បន្ទាប់ពី​កិច្ចប្រជុំ​រវាង​លោក​ត្រាំ​និង​លោក​គីម​។​

ក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​សិង្ហ​បុរី លោក​គីម​បាន​សន្យាថា​នឹងធ្វើ​ការ​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​យ៉ាង​ពេញលេញ​លើ​ឧបទ្វីប​កូរ៉េ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu