ភ្នំពេញ ៖ សពលោកអនុសេនីយ៍ទោ សួន សំបូរ ដែលបានពលីជីវិតដោយសារជំងឺគ្រុនចាញ់នៅក្នុងបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលីនោះ ទទួលបានប្រាក់សំណងពីអង្គការសហប្រជាជាតិ ចំនួន៧ម៉ឺនដុល្លារ ហើយពិធីប្រគល់ និងទទួលបានធ្វើឡើង កាលពីព្រឹកថ្ងៃ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការបរទេសកម្ពុជា ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម និងលោក Hubert Starberhofer តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងក្រុមគ្រួសារសព និងនាយទាហានយ៉ាងច្រើន។
តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក Hubert Starberhofer ដែលបានចូលរួមនៅក្នុងពិធីនោះបានលើកឡើងថា លោកមិនបានស្គាល់ផ្ទាល់ លោកអនុសេនីយ៍ទោ សួន សំបូរ ទេ ប៉ុន្តែលោកដឹងថា សួន សំបូរ គឺជាសមាជិកមួយរូបនៃកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ ទទួលបាននូវការគោរពស្រលាញ់ រាប់អានពីមិត្តភ័ក្តិរបស់ខ្លួន និងនាយទាហានជាន់ខ្ពស់ផងដែរ។ លោកយល់ថា នៅពេលដែលជីវិតរបស់កម្លាំងរក្សាសន្តិភាពត្រូវបានបាត់បង់ក្នុងបុព្វហេតុ នាំមកនូវសន្តិភាព ដល់កន្លែងដែលមានគ្រោះថ្នាក់ខ្ពស់នោះ ក៏ជាការបាត់បង់ដ៏ធំធេងពីសំណាក់ក្រុមគ្រួសារកងទ័ព រដ្ឋាភិបាល និងអង្គការសហប្រជាជាតិផងដែរ។
លោកបន្តថា នៅក្នុងសេចក្តីថ្លែងការណ៍ នាឱកាសអបអរសាទរទិវាអន្តរជាតិ កងកម្លាំងរក្សាសន្តិភាព លោកអគ្គលេខាធិការ អសប បានថ្លែងថា ខណៈពេលដែលយើងទទួលស្គាល់ពីគុណូបការៈនៃការចូលរួម និងការលះបង់ ដោយជុំវិញពិភពលោក លោកបានប្ដេជ្ញាចូលរួមជាសកម្មភាពក្នុងការថែរក្សាសន្តិភាពសកម្មភាព ដើម្បីឲ្យប្រតិបត្តិការរបស់យើងមានសុវត្ថិភាព និងកាន់តែមានប្រសិទ្ធភាព ក្នុងស្ថានការណ៍ ដែលបច្ចុប្បន្នមានភាពស្មុគស្មាញ។ ជាមួយគ្នានោះ លោកបានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជូនដល់ក្រុមគ្រួសារសពអនុសេនីយ៍ទោ សួន សំបូរ ដែលជាយុទ្ធមិត្តនៃកងយោធពលខេមរភូមិន្ទកម្ពុជា ដែលបានបាត់បង់ជីវិតផងដែរ។
តាមរបាយការណ៍របស់លោក សែម សុវណ្ណនី បានឲ្យដឹងថា គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិបានបញ្ជូនកងកម្លាំងមួកខៀវកម្ពុជាសរុបចំនួន៥៤៨៦នាក់ ក្នុងនោះមានស្ត្រីចំនួន២៥៤នាក់ ទៅចូលរួមក្នុងបណ្ដាបេសកកម្មចំនួន១០ ក្នុងប្រទេសទាំង៨ ដែលរួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត អាហ្វ្រិកកណ្ដាល លីបង់ ស៊ីរី សាយប្រឺស និងម៉ាលី។ បច្ចុប្បន្នកម្លាំងមួកខៀវកម្ពុជាចំនួន៨១៣នាក់ មានស្ត្រីចំនួន៦១ នាក់កំពុងបំពេញបេសកកម្មយ៉ាងសស្រាក់សស្រាំ នៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្ដាល និងម៉ាលី។
តាមលោក សែម សុវណ្ណនី ការចល័តរបស់កម្លាំងកម្ពុជា ចាប់ពីឆ្នាំ២០០៦រហូតដល់ឆ្នាំ២០១៣ តែងតែទទួលបាននូវសុវត្ថិភាព ក្រោមបទបញ្ជា និងដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែជាអកុសល ចាប់ពីឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន កម្លាំងកម្ពុជាចំនួន៩នាក់ បានទទួលមរណភាព និងពលីជីវិត ព្រមទាំង១១នាក់ បានរងរបួសដោយកត្តាសត្យានុម័ត អត្តនោម័ត ជំងឺគ្រុនចាញ់ គ្រោះធម្មជាតិ គ្រឿងផ្ទុះកែច្នៃ ជាពិសេសការវាយប្រហារ ដោយក្រុមប្រដាប់អាវុធនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។
លោកបញ្ជាក់ថា មកដល់ពេលនេះ អង្គការសហប្រជាជាតិ បានផ្ដល់សំណងដល់កងទ័ពមួកខៀវកម្ពុជាចំនួន៧នាក់ ក្នុងនោះមានលោកវរសេនីយ៍ត្រី ចាន់ សំគុណ ដែលបានពលីជីវិតក្នុងពេលកំពុងបំពេញបេសកកម្មនៅប្រទេសម៉ាលី កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ ដោយព្យុះខ្សាច់, វរសេនីយ៍ត្រី អ៊ឹម សំ វរសេនីយ៍ត្រី ម៉ៅ អេង, អនុសេនីយ៍ទោ ស៊ាង នរិន្ទ, អនុសេនីយ៍ទោ មុំ តុលា ដែលបានពលីជីវិត ដោយការវាយប្រហារដ៏យង់ឃ្នង ពីក្រុមប្រដាប់អាវុធកាលពីថ្ងៃទី៨ និងទី៩ ខែឧសភា ឆ្នាំ២០១៧ នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល, វរសេនីយ៍ត្រី លុយ ប៊ុនឡុង ដែលបានពលីកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ដោយជំងឺគ្រុនចាញ់នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងអនុសេនីយ៍ត្រី សួន សំបូរ ដែលបានពលី ដោយជំងឺគ្រុនចាញ់កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ នៅសាធារណរដ្ឋម៉ាលី។
ដោយឡែកលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ចាប់ពីឆ្នាំ២០១៤មក នាយទាហានរបស់យើងបានពលីរហូត៩នាក់ ដើម្បីបុព្វហេតុរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយក្នុងចំនៅ៩នាក់នេះ មាន៧នាក់ទទួលបានសំណងពីអង្គការសហប្រជាជាតិ ហើយពីរនាក់មិនបានទទួលសំណង ដោយសារតែខុសខាងវិន័យ ខុសវិជ្ជាជីវៈ របស់ខ្លួនផ្ទាល់។ ទោះជាយ៉ាងណាយើងមានការសោកស្តាយចំពោះបញ្ហានេះ ហើយលោកតែងតែអំពាវនាវដល់នាយទាហានយើង ធ្វើយ៉ាងណាកុំឲ្យជាន់ដានអ្នកធ្វើខុសកន្លងមក។
ចំណែកករណីសពលោក សួន សំបូរ នេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អះអាងថា ជាករណីលំបាក ដោយសារតែកំហុសបច្ចេកទេស ហើយមានការយឺតយ៉ាងខ្លាំងខាងផ្នែករដ្ឋបាល និងមានការមិនត្រូវរ៉ូវគ្នាខាងកោសល្យវិច័យលើសពលោក សួន សំបូរ។ តែយើងមានធ្វើការតវ៉ា ហើយបានគ្រប់ពេល ដែលជួបជាមួយតំណាងអង្គការសហប្រជាជាតិ គឺតែងតែរំលឹករហូតទទួលបានលទ្ធផលនៅថ្ងៃនេះ។
លោកបន្តថា ការតវ៉ានេះរហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ទើបទទួលបានលិខិតជាផ្លូវការថា អង្គការសហប្រជាជាតិបានទទួលស្គាល់ថា ជាការស្លាប់ដោយជំងឺគ្រុនចាញ់។ ទោះជាយ៉ាងណា ទន្ទឹមនឹងការខិតខំនេះ ក៏មានការញុះញង់រហូតធ្វើពាក្យប្តឹងទៅដល់អង្គភាពប្រឆាំងអំពើពុករលួយថែមទៀត។ ដូច្នេះលោកបានអំពាវនាវកុំឲ្យនាយទាហានទាំងអស់របស់កម្ពុជា ដែលចេញទៅបំពេញបេសកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ត្រូវគោរពវិន័យ ដែលកំណត់ដោយអង្គការសហប្រជាជាតិ ដើម្បីជៀសវាងបញ្ហាផ្សេងៗ៕
Source: Kampuchea Thmey Daily
0 Comments