បន្ទាយមានជ័យ ៖ បុគ្គលិកផ្ទះជួលបានប្រទះឃើញបុរសជនជាតិថៃម្នាក់ដេកស្លាប់ក្នុងបន្ទប់ឡើងស្អុយទើបដឹងនៅពីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ក្នុងបន្ទប់លេខ១១៨ផ្ទះជួលផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សពមានឈ្មោះប្រាក់ សូស៊ិន ផេង ភេទប្រុស អាយុ៥៩ឆ្នាំ ជាជនជាតិថៃមកជួលបន្ទប់ស្នាក់នៅខាងលើ។
សមត្ថកិច្ចក្រុងប៉ោយប៉ែតបានបញ្ជាក់ឲ្យដឹងទៀតថា តាមការបំភ្លឺរបស់ម្ចាស់ផ្ទះលោក ណៃ សុខា បានឲ្យដឹងថា ឈ្មោះប្រាក់ កូស៊ិន ផេង បានមកជួលបន្ទប់ស្នាក់នៅជាង១០ឆ្នាំមកហើយ ជាអ្នកលេងល្បែងតាមកាស៊ីណូលុះដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ មិនឃើញចេញពីបន្ទប់ លុះដល់យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ទើបធុំក្លិនស្អុយ ចេញពីបន្ទប់១១៨ ទើបដឹងថា មានមនុស្សស្លាប់។
ក្រោយពីកើតហេតុរួចគេបានឃើញលោក ជា ជឿន ក្រុមប្រឹក្សាសង្កាត់លោកមេភូមិក្បាលស្ពាន១ កម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត កម្លាំងនគរបាលអន្តោរប្រវេសន៍ច្រកទ្វារចុះមកពិត្យសពក្នុងផ្ទះជួល ក្រោយពីធ្វើការត្រួតពិនិត្យរបស់គណៈកម្មការជំនាញ និងលោកគ្រូពេទ្យជំនាញបានធ្វើការសន្និដ្ឋានថា ឈ្មោះប្រាក់ កូស៊ិន ផេង ស្លាប់ដោយជំងឺខ្យល់គរសពនេះមិនពាក់ព័ន្ធករណីឃាតកម្មទេ។ សពក្រោយពិនិត្យហើយសមត្ថកិច្ចបានយកមកតំកល់ទុកនៅវត្តបាលិលេយ្យដើម្បីប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតវិញ៕
Source: Kampuchea Thmey Daily
0 Comments