Ad Code

បន្ទាប់ពី​បាត់​មុខ​មួយរយៈ​មក​វ៉ន វីវ៉ា ដឹក​ដៃ​ឡុង សំណាង ឡើងសាក​កណ្តាប់ដៃ​ជាមួយ​កីឡាករ​ថៃ​



ភ្នំពេញ ៖ កីឡាករ​ទម្ងន់​ធ្ងន់​ម្ចាស់​ខ្សែក្រវាត់ ISKA ពិភពលោក វ៉ន វីវ៉ា អ្នក​ប្រដាល់​នៃ​ក្លិប​កងរាជអាវុធហត្ថ​រាជ​ធានី​​​​ភ្នំពេញ ដែល​បាត់​មុខ​ពី​ស​ង្វៀន​ជាង​៣​ឆ្នាំ​មកនេះ បាន​លេចមុខ​មកវិញហើយ ហើ​យត្រូវ​ឡើងសាក​កណ្តាប់ដៃ​ជាមួយ​កីឡាករ​ថៃ​ភិត​សា​ណាន់ ស៊ីត​ដន​ឃី​ង ខណៈ​កីឡាករ​វ័យក្មេង​ឡុង សំណាង អ្នក​ប្រដាល់​របស់​ក្លិប​សាល​វ័​ន្ត​កីឡា ជួប​ជាមួយ​កីឡាករ​ថៃ​ហ្វ៊ុន​លូ​ង ប៉េ​ឡេ​បូរី​រាំ នៅលើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃអាទិត្យ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ។

កីឡាករ​វ៉ន វីវ៉ា កាល​មិនទាន់​បាត់​មុខ​គេ​ជា​ជើង​ខ្លាំង​របស់​កម្ពុជា ហើយ​ត្រូវ​ឡើង​មកជួប​ជាមួយ​កីឡាករ​ថៃ​ភិត​សា​ណាន់ ស៊ីត​ដន​ឃី​ង ក្នុង​ប្រភេទ​ទម្ងន់​៨១​គីឡូក្រាម កីឡាករ​ថៃ​ម្នាក់នេះ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ដែរ ដោយ​ធ្លាប់​ចាញ់​ពិន្ទុ​កីឡាករ​អុង ភារា​ក់​។​

កីឡាករ​វ៉ន វីវ៉ា ក្នុង​ការឡើង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​លើក​ទី​១​បន្ទាប់ពី​វិល​ចូល​សង្វៀន​វិញ​នេះ ត្រូវ​ក្រុមអ្នកវិភាគ​ប្រដាល់​ក្នុងស្រុក គេ​មិនមាន​ជំនឿ​ទុកចិត្ត​លើ​វ៉ន វីវ៉ា ឈ្នះ​ច្រើន​នោះទេ ព្រោះថា​វីវ៉ា ខាន​ឡើង​សង្វៀន​យូរ​ណាមួយ​ឡើង​គីឡូ​ទៀតផង អាច​វាយ​ស្ពឹក​និង​ឆាប់​អស់កម្លាំង​ស៊ុ​ហ្វ ការដែល​ឆាប់​អស់​ស៊ុ​ហ្វ​នេះ គេ​ត្រូវ​វាយ​ឆ្លាត​ហើយ បើ​គេ​ផ្ដួល​បាន ​វីវ៉ា​មិន​ប្រណី​នោះទេ​។ ទោះជា​យ៉ាងណា​លើក​នេះ វ៉ន វីវ៉ា​មិនអាច​មើលស្រាល អ្នក​ប្រដាល់​ជើង​ខ្លាំង​ជនជាតិ​ថៃ​ភិត​សា​ណាន់ ស៊ីត​ដន​ឃី​ង នេះ​បានឡើយ​។ ចាំមើល​តើ វ៉ន វីវ៉ា និង​ភិត​សា​ណាន់ ស៊ីត​ដន​ឃី​ង នរណា​ជា​អ្នកឈ្នះ​?​។​

ដោយឡែក​កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡុង សំណាង បច្ចុប្បន្នកំពុង​ទទួល បានការ​គាំទ្រ​យ៉ាងច្រើន​កុះករ ពី​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​កម្ពុជា ជាមួយនឹង​ការចេះ​ប្រើ​ក្បាច់​គ្រប់​ស្នៀត ជាពិសេស​រូបគេ​ចូលចិត្ត​ប្រើ​ស្នៀត​កណ្តាប់ដៃ​និង​កែង ដែល​អាច​វាយ​ចេញ​ជា​ប្រយោល​ក៏បាន ចូល​កៀក​ក៏បាន ដើម្បី​ផ្ដួល​គូប្រកួត​របស់ខ្លួន រួមផ្សំ​ជាមួយ​កម្លាំង​ស៊ុ​ហ្វ​ដ៍​ខ្លាំង​របស់គេ​ផង​នោះ ធ្វើ​ឲ្យ​កីឡាករ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ត្រូវបាន​ចុះចាញ់​ជា​បន្តបន្ទាប់​។​

ក្រុមអ្នកតាមដាន​កីឡាប្រដាល់​និយាយថា កីឡាករ ឡុង សំណាង មួយរយៈ​ចុងក្រោយ​នេះ​កំពុង​ក្តោប​ក្តាប់​សំណាង​ឈ្នះ​ម្តង​ហើយ​ម្តងទៀត ស្ទើរតែ​គ្រប់ការ​ប្រកួត​តែម្តង ខណៈដែល​សំណាង​ដែល​កីឡាករ​រូបនេះ​ទទួលបាន​នោះ គឺ​មិនមែន​បាន​ដោយ​ភាព​ចៃដន្យ​នោះទេ ប៉ុន្តែ​គឺ​បានមកពី​សមត្ថភាព​ពិតៗ​តែម្តង​។ គូប្រកួត​ទាំង​ជើងចាស់ និង​ជើង​ថ្មី សុទ្ធតែ​ទទួលស្គាល់ថា​ឡុង សំណាង ពិតជា​ពិបាក​ផ្តួល និង​កំពុង​ធ្វើឱ្យ​ពួកគេ​ក្លាយជា​អ្នកចាញ់​ជា​បន្តបន្ទាប់ ក្នុងការ​ប្រកួត​មិត្តភាព​ជាតិ​និង​អន្តរជាតិ​។ ក្នុង​ការជួប​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ ហ្វ៊ុន​លូ​ង ប៉េ​ឡេ​បូរី​រាំ ក្នុង​ប្រភេទ​ទម្ងន់​៦២​គ​.​ក្រ​នេះ​ក៍​ត្រូវបាន​អ្នកវិភាគ​ប្រដាល់​អះអាង​ថា ឡុង សំណាង ប្រាកដជា​ឈ្នះ​ទៀត​ជាក់​ជាមិនខាន ព្រោះ​គេ​កំពុងតែ​ឡើង​កូដ​ខ្លាំង ហើយ​ណាមួយ​ក្នុង​ទឹកដី​ខ្លួនឯង​ទៀតផង​។ ចាំមើល​ឡុង សំណាង អាច​យកឈ្នះ​លើ​ហ្វ៊ុន​លូ​ង ប៉េ​ឡេ​បូរី​រាំ បានដែរ​ឫ​យ៉ាងណា​?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu