Ad Code

២​ជម្រើស​ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដាក់​ចេញ​ដើម្បី​អោយ​រាជធានី​ក្លាយ​ជា​ទីក្រុង​លំហ​បៃតង​កាត់បន្ថយ​ហានិភ័យ



ភ្នំពេញ ​៖​ ខណៈ​ដែល​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ មានការ​រីកចម្រើន​ខ្ពស់ មាន​សំណង់​អាគារ​តូចធំ អគា​ខ្ពស់ៗ ក៏ដូចជា​បុរី​សំណង់​ផ្សេងៗ រីក​ដុះដាល​មិន​ឈប់ឈរ​​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ដាក់​ចេញ​ជា​ជម្រើស​២ ដើម្បី​អោយ​រាជធានី​ក្លាយជា​ទីក្រុង​លំហ​បៃតង​កាត់បន្ថយ​ហានិភ័យ​នៅ​គឺ​ការថែទាំ​ដើមឈើ​ការ​កាត់​លះ​ដើមឈើ​ដែរ​ចាស់​ទ្រុឌទ្រោម និង​ការ​បង្កើន​ការដាំ​ដើមឈើ​បន្ថែម។

នេះ​បើ​តាម​ការ​បញ្ជាក់​អោយ​ដឹង​ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​លំហ​បៃតង​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៨​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី ដោយមាន​វត្តមាន​អភិបាលខណ្ឌ​ទាំង​១២​ មន្ត្រី​ជំនាញ និង​មន្ទីរ​អង្គភាព​ផ្សេងៗ ចំណុះ​អោយ​រាជធានី​មួយ​ចំនួនទៀត។

លោក​ម៉េ​ត មាស​ភ្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​អោយដឹង ក្រោយ​កិច្ចប្រជុំ​នេះ​ថា កិច្ចប្រជុំ​នេះ​ បាន​ពិភាក្សា​អំពី​កិច្ចការ​មួយចំនួន ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​លំហ​បៃតង​ក៏ដូចជា​បញ្ហា​ដើមឈើ​ ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​គិតគូរ​ ពិសេស​ផ្តោតទៅលើ​បញ្ហា​សុវត្ថិភាព ព្រោះ​យើង​មើលឃើញថា រដូវវស្សា​ចាប់ផ្តើម​សម្រាប់​ឆ្នាំ​២០១៨​នេះ។ លោក​ថា កន្លងមក​ថ្មីៗ​នេះ យើង​បាន​មើលឃើញ ពី​ការកើត​មាននូវ​ឧបត្តិហេតុ​មួយចំនួន នៃ​ការដួលរលំ​ដើមឈើ​។ នៅក្នុង​នោះដែរ​ក្រុមការងារ​ដែល​ផ្តួចផ្តើម​ដោយ លោក​អភិបាល​បាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់ ពាក់ព័ន្ធ​ជាមួយ​មូលហេតុ ដែលមាន​ការ​ងាប់ និង​ដួលរលំ​នៃ​ដើមឈើ បន្ទាប់ពី​កិច្ចប្រជុំ​ពិភាក្សា ពី​មូលហេតុ​ចម្បង​មួយចំនួន មើលឃើញថា ភាគច្រើន​នៃ​ការ​បាក់​រលំ​គឺ កើតចេញពី​អាយុកាល ឬ​ក៏​ភាព​សឹក​រេចរឹល​ចាស់​ទ្រុឌទ្រោម​របស់​ដើមឈើ​នីមួយៗ ដែល​ស្របទៅនឹង​ការ​ទទួលរង​កម្លាំង​ខ្យល់​ភ្លៀង​កន្ត្រាក់​ផ្សេងៗ​នោះ ដែល​ធ្វើ​ឲ្យ​ទីតាំង​ដើមឈើ​មួយចំនួន​ដួលរលំ​។​

លោក​ម៉េ​ត មាស​ភ្តី​បន្តទៀតថា ជុំវិញ​បញ្ហា​ដើមឈើ​បាក់​រលំ រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ លោក​អភិបាល​បាន​សរុប នឹងធ្វើ​ការដាក់ចេញ​នូវ​ទិសដៅ​មួយចំនួន គឺ ទី ១​ពាក់ព័ន្ធ​ជាមួយ​មន្ទីរ​ទាំងពីរ​ដែ​ល​ជា​សេនាធិការ​ផ្ទាល់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​គឺ​មន្ទីរ​សាធារណ​ការ​ ដែលមាន​អង្គភាព​សួនច្បារ​ដើមឈើ​ជា​សេនាធិការ មន្ទីរ​កសិកម្ម ដែលមាន​រដ្ឋបាល​ព្រៃឈើ​ជា​ចំណុះ ត្រូវ​រួមគ្នា​បង្កើត​ក្រុមការងារ​មួយ​សម្រាប់​ចុះ​ពិនិត្យ​វាយតម្លៃ​អំពី​គុណភាព ស្ថានភាព នៃ​ដើមឈើ​ដែល​យើង​មាន​នៅក្នុង​រាជធានី​ភ្នំពេញ ហើយនឹង​លើក​ជា​គម្រោង​ដើម្បី​ជាកា​រៀបចំ​កែ​លម្អ​ឡើងវិញ ពោលគឺ ប្រសិនបើ​ដើមឈើ​ណា​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង យើង​ត្រូវ​ដកចេញ កាប់​ចេញ​មុន​វា​បាក់​រលំ​ដួល បង្ក​​ទៅជា​គ្រោះថ្នាក់​ដោយ​យថាហេតុ​ហេតុ​ផ្សេងៗ ទៅលើ​ទ្រព្យសម្បត្តិ ឫ​ក៏​អាយុ​ជីវិត​មនុស្ស​។ ចំពោះ​ទីតាំង​ខ្លះទៀត ​ដែល​ទាមទារ​អោយ​យើង​មានការ​ថែ​បំប៉ន ឬ​ក៏​រៀបចំ​គិតគូរ​ដាក់​ជី​បំប៉ន​សុខភាព​ដើមឈើ​ឲ្យ​មាន​ភាព​ប្រសើរ ឬ​ក៏​យើង​គ្រាន់តែ​កាប់​រះ​មែក​ចេញ ដើម្បី​ឲ្យ​មែក​ដែល​ពុក​ផុយ​ចាស់​ត្រូវ​បាន​កាប់​ចោល​នោះ​ លាស់​មែក​ជាថ្មី​ដែល​មាន​សុខភាព​ល្អ​មាន​កម្លាំង​រឹងមាំ​ទ្រទ្រង់​បាន​ប្រសើរ​ជាង​មុន ជាមួយ​ស្ថានភាព​ខ្យល់​ភ្លៀង​កន្ត្រាក់​ផ្សេងៗ​នោះ ក៏​យើង​ត្រូវ​រៀបចំ​គិតគូរ​ដែរ​។​

លោក​ម៉េ​ត មាស​ភ្តី​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការ​មើលថែទាំ​ដើមឈើ​ជា​កិច្ច​ការដែល​បាន​ជម្រាប​ជូន​ខាងលើនេះ ជា​កិច្ចការ​ទីមួយ​ដែល​អង្គ​ប្រជុំបាន ពិភាក្សា។ ដោយឡែក កិច្ចការ​ទី ២ គិតគូរ​ពង្រីក ឬ​ក៏​ដាំ​បន្ថែម​នូវ​តំបន់​បៃតង ឬ​លំហ​បៃតង ឲ្យ​មាន​ច្រើន​ថែមទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ស្របតាម​ផែនការ​មាន​ស្រាប់ ដែល​លោក​អភិបាល​បាន​យកចិត្តទុកដាក់ ហើយ​បាន​ឲ្យ​អភិបាលរង​ទទួលបន្ទុក​២​រូប ធ្វើការ​ប្រជុំ​ពិភាក្សា​គិតគូរ​លើក​គម្រោង​ឡើងវិញ​បន្ថែម​ទៀត ទីតាំង​ណា ផ្លូវ​ណា ដែល​យើង​គ្រោង​នឹង​ដាំ​ដើមឈើ​អ្វី ផ្លូវ​ណា ទីតាំង​ដែល​ត្រូវ​បន្ថែម​ដើមឈើ។

លោក​បន្តទៀតថា រុក្ខជាតិ​បន្ថែម ការដាំ​ដើមឈើ​លើ​លំហ​​បៃតង​នេះ គឺ​ក្នុង​ន័យ​បង្កើន​សោភណភាព​ទីក្រុង​ភ្នំពេញ ស្រប​ជាមួយ​នឹង​សំណង់​អាគារ ​ដែល​ធំ​ស្កឹមស្កៃ​ដែល​មាន​ស្រាប់ ហើយ​យើង​ត្រូវ​ដឹង​ថា​ដើមឈើ​គឺ​បង្កើត​អូកស៊ីសែន​នៅ​ពេល​ថ្ងៃ វា​ជា​ចំណែក​មួយ​សម្រាប់​ផ្តល់​ឲ្យ​មនុស្ស សត្វ​ដែល​មាន​ជីវិត​ទាំងអស់ ហើយ​វា​ស្រូប​ទៅវិញ​នូវ​ឧស្ម័ន​ជាតិពុល​ផ្សេងៗ ដែល​កើត​ចេញពី​ផ្សែង​ឧស្សាហកម្ម និង​ម៉ូតូ​រថយន្ត​ផង​ដែរ​នៅក្នុង​រាជធានី​ភ្នំពេញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu