Ad Code

ឃុំ​ខ្លួន​និស្សិត​ ដែល​លួច​ដក​ប្រាក់​របស់​អ្នក​ឡាយ​ហ្វេ​ស​បុក



ភ្នំពេញ​ ៖​ និស្សិត​ឈ្មោះ​ចាន់ ម៉េង​ឆាយ អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​នីតិសាស្ត្រ ស្នាក់​នៅផ្ទះ​លេខ​៥២ ផ្លូវ​លេខ​៤ ភូមិ​ជម្ពូរ​វ័​ន្ត សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ក្រោម​ការចោទប្រកាន់​ពី​បទ​លួច​លុយ។

អំពើ​លួច​នេះ ​ប្រព្រឹត្ត​ដោយ​ការ​ចូល​មើល​តាម​ការ​ឡាយ​ផ្ទាល់​លក់​ផលិតផល របស់​គណនី​ហ្វេ​ស​ប៊ុ​ក​ជនរងគ្រោះ មានឈ្មោះ Ana Brand Brand ហើយ​ជនជាប់ចោទ​បាន​ហែក(hack) ​ទៅ​លួច​លេខ​កូដ​ដក​ប្រាក់​ដែល​អតិថិជន​វេរ​លុយ​អោយ​ម្ចាស់​អា​ខោ​ន​ហ្វេ​ស​បុក ​ដោយ​បាន​លួច​យក​លេខ​កូដ​សម្ងាត់​របស់​ជនរងគ្រោះ តាមរយៈ​ការ​ឡាយ​វីដេអូ​ផ្ទាល់ និង​បាន​យក​ទៅ​បើក​យក​លុយ​តាមរយៈ​ក្រុមហ៊ុន​វេរ​លុយ​ទ្រូ​ម៉ា​នី ក្រោយ​ភ្ញៀវ​វេរ​លុយ​មក​ឱ្យ​ជនរងគ្រោះ។ ករណី​នេះ​ បាន​កើតឡើង​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ រហូតដល់​ថ្ងៃ​ទី​១២ និង​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ទីតាំង​លក់ និង​ឡាយ​ផ្ទាល់ ផ្ទះ​លេខ​៦០ ផ្លូវ​លេខ​១៨៦ ក្រុម​ទី​៤ ភូមិ​៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ សុខ ស៊ីណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មាន​មុខ​របរ ​លក់​ខោអាវ និង​គ្រឿង​បរិភោគ តាម​អន​ឡាញ ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ។ សម្ភារៈ​បាត់បង់​មាន​ទឹកប្រាក់​សរុប​ចំនួន​៥ ០០០​ដុល្លារ​អាមេរិក។

ជនរងគ្រោះ​ បាន​ឃាត់​ជនសង្ស័យ​ឈ្មោះ​ចាន់ ម៉េង​ឆាយ នៅ​ថ្ងៃ​ទី​១៣ ​ខែ​មិថុនា វេលា​ម៉ោង​១០:១០​នាទី ក្រោយ​បាន​លួច​មក​បើក​លុយ​តាមរយៈ​លេខ​ទូរស័ព្ទ​របស់ខ្លួន​នៅ​ក្រុមហ៊ុន​វេរ​លុយ​ទ្រូ​ម៉ា​នី ស្ថិតនៅ​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ក្រុមហ៊ុន​វេរ​លុយ​បាន​ទូរស័ព្ទ​ប្រាប់​ជនរងគ្រោះ ហើយ​ជនរងគ្រោះ និង​បងប្អូន ក៏បាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ និង​បាន​ប្រគល់ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​៣ ចាត់ការ​តាមផ្លូវ​ច្បាប់។ វត្ថុតាង​រួមមាន វិក្កយបត្រ​វេរ​លុយ និង​លេខ​កូដ​សម្ងាត់​ដក​លុយ​របស់​ក្រុមហ៊ុន​វេរ​លុយ​ទ្រូ​ម៉ា​នី ចំនួន​២​សន្លឹក មាន​ទឹកប្រាក់​១៦៣​ដុល្លារ។

ជនជាប់ចោទ ចាន់ ម៉េង​ឆាយ បាន​សារភាពថា ខ្លួន​បានមក​លួច​បើក​លុយ​របស់​ជនរងគ្រោះ ចំនួន​៤​ដង ដោយ​ប្រើប្រាស់​លេខ​ទូរស័ព្ទ​របស់​ជនរងគ្រោះ អម​ជាមួយនឹង​លេខ​កូដ​របស់​ភ្ញៀវ​ដែល​ផ្ញើមក​តាមរយៈ​ការ ឡាយ​លើ​វីដេអូ​ទៅ​បើក ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ១៦៣​ដុល្លារ​អាមេរិក ប៉ុន្តែ​ជនរងគ្រោះ​ បាន​ប្ដឹង​ថា ​ខ្លួន​បាន​បាត់​លុយ​ប្រមាណ​៥ ០០០​ដុល្លារ​ ដោយ​អំពើ​លួច​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu