Ad Code

ព្រះរាជអាជ្ញា​ខេត្ត​កំពង់ធំ​ គាស់​ផ្នូរ​យក​​​សព​​មក​ពិនិត្យ​បំបែកសំណុំរឿង​​ ប្ដី​សម្លាប់​ប្រពន្ធ



កំពង់ធំ ​៖ ​នេះ​ជា​លើក​ទី​២​ហើយ​ ដែល​តុលាការ​ខេត្ត​កំពង់ធំ ​គាស់​​ផ្នូរ​សាកសព យក​មក​ពិនិត្យ​កោសល្យវិច័យ​ ដើម្បី​បំបែកសំណុំរឿង​អាថ៌កំបាំង​ ក្នុង​ករណី​ឃាតកម្ម​ ​​គិតទុក​ជាមុន ​ជា​លទ្ធផល​​​បាន​ពុះ​ច្រៀក​សំណុំរឿង​ដ៏​សែន​អយុត្តិធម៌ ​ដោយ​បាន​រក​ឃើញ មុខ​ឃាតក​ពិតប្រាកដ​ ដើម្បី​យក​ទៅ​ផ្ដន្ទាទោស​តាមច្បាប់។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៨ លោក​អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ធំ អម​ដំណើរ​ដោយ វរសេនីយ៍ឯក ទិ​ត្យ សំណាង ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល ខេត្តកំពង់ធំ រួម​ជាមួយ​មន្ត្រី​កោសល្យវិច័យ​ជំនាញ, ​​ពេទ្យ​យុត្តិធម៌ និង​ជា​អាជ្ញាធរ រួមទាំង​កងកម្លាំង ​បាន​ចូលរួម​គាស់​ផ្នូរ​សាក​សព ស្ត្រី​ម្នាក់​ដែល​មាន​ការ​សង្ស័យ​ថា ជា​ករណី​សម្លាប់​មនុស្ស​ដោយ​គិតទុក​ជាមុន ពី​សំណាក់​ប្តី​កំណាច ដើម្បី​ពិនិត្យ​ពិនិត្យ បំបែកសំណុំរឿង​អាថ៌កំបាំង​ រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ ស្ថិត​តំបន់​អូ​កូត ឃុំ​ឈើទាល ស្រុក​សណ្តាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​អន លិ​ក ភេទ​ប្រុស អាយុ​៥៣ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្រវ៉ា ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្ត​កំពង់ បាន​មក​ធ្វើ​ចម្ការ​នៅ​ តំបន់​អូ​កូត ភូមិ​លែង ឃុំ​ទំរីង ស្រុក​សណ្តាន់​(ទីតាំង​កើតហេតុ) ហើយ​បាន​ស្គាល់​គ្នា​ជាមួយ​ជនរងគ្រោះ ឈ្មោះ ធា ភេទ​ស្រី អាយុ ៣៨​ឆ្នាំ រស់នៅ ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង តាម​ទូរស័ព្ទ ហើយក៏​មក​រួមរស់​ជាមួយគ្នា រយៈពេល​២​ឆ្នាំ មក​ហើយ​ ដោយសារតែ ជនសង្ស័យ​ជា​ប្តី ភូត​កុហក​ថា ខ្លួន​ជា​បុរស​ពោះម៉ាយ​រស់នៅ​ម្នាក់ឯង។ តែ​មុន​ថ្ងៃកើតហេតុ ស្រាប់តែ​ប្រពន្ធ​ដើម​បាន​មក​ចម្ការ ក៏​បែក​ធ្លាយ​ថា ជា​រឿង​ភូត​កុហក ទើប​ស្ត្រី​រងគ្រោះ​រករឿង ឈ្លោះប្រកែក​គ្នា និង​បាន​គំរាម ថា​នឹង​សម្លាប់ខ្លួន ដើម្បី​ឲ្យ​ប៉ូលិស​ចាប់​ជនសង្ស័យ​ដាក់​គុក។

ប្រភព​បន្ត​ថា​ ពេល​នោះ ​ជនសង្ស័យ​មានការ​ធុញទ្រាន់​នឹង​សំដី របស់​ស្ត្រី​រងគ្រោះ​ជេរ​ដដែលៗ ក៏បាន​យក​ខ្សែ​អង្រឹង​មក​រឹត ​​ក​​ស្ត្រី​រងគ្រោះ ខណៈ​ពេល​​​កំពុង​ដេក ដោយ​ធ្វើ​សកម្មភាព​ចាប់​ជនរងគ្រោះ​ផ្កាប់មុខ​រឹក ក ដោយ​យក​ជើង ធាក់​ចង្កេះ បណ្តាល​ឲ្យ​បែក​មុខ​បែក​មាត់​ប៉ះ​នឹង​ក្តារ ​​​ហើយ​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ។ បន្ទាប់មក​យក​ខ្សែ​ចង់ដៃ ចង់ជើង រួច​យក​ខ្សែ​អង្រឹង​ទា​ក់​ក អូស​យកទៅ​កប់ ​​នៅ​ក្បែរ​ខ្ទម​ចម្ការ​ប្រមាណ​៦០​ម៉ែត្រ​មាត់​អូ ហើយ​បាន​ជីក​ដី កប់​សាកសព​ជម្រៅ​ប្រមាណ ជិត​មួយ​ម៉ែត្រ ដោយ​រុំ​នឹង​ភួយ ដាក់​ស្បែកជើង​ក្នុង​ផ្នូរ រួច​​​កាប់​ដី អោយ​ស្មើ រួមទាំង​ដាក់​មែក​ឈើ​ចាស់ និង​កាប់​បែក​ឈើ​ថ្មី​ដាក់​ពីលើ ត្រង់​ចំណុច​កប់​សាកសព​ដើម្បី​បំបាត់ភស្តុតាង តែ​ឈាម​ស្រែក​ស្បែក​ហៅ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​។​

តាម​ការ​ឲ្យ​ដឹង​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​កើតហេតុ មាន​ប្រជាពលរដ្ឋ បាន​ឃើញ​សកម្មភាព​មិន​ប្រក្រតី របស់​ជនសង្ស័យ ដែល​បាន​អូស​សាកសព ពី​ខ្ទម​មក​កប់ ស្រប​ពេល​ដែល​គេ​ធ្លាប់​ឃើញ​​ជនរងគ្រោះ​ដើរ​ជា​រៀងរាល់ថ្ងៃ ក្រោយពី​បាត់​ក៏​មាន​ការសង្ស័យ ទើប​រាយការណ៍​មក អធិការ និង​សុំ​យោបល់​ពី​លោក។ ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ​លោក​ក៏​ឲ្យ​សមត្ថកិច្ច​​​ចុះ​ពិនិត្យ​ទីតាំង​សង្ស័យ​កប់​សាកសព ​​និង​ឃាត់ខ្លួន​ជនសង្ស័យ​ទុក​សិន ដោយ​ជនសង្ស័យ​បាន​អះអាង​ថា ប្រពន្ធ​របស់​ខ្លួន​បាន​ចងក​សម្លាប់​ខ្លួន ទើប​ខ្លាច​អ្នកភូមិ​មិន​ជឿ​ក៏បាន​យក​សាកសព​ទៅ​កប់។ ក្រោយពី​គាស់​ផ្នូរ​ពិនិត្យ​រួច លទ្ធផល​បាន​បញ្ជាក់​ថា ជា​ករណី​ឃាតកម្ម ដោយ​គិតទុក​ជាមុន។

សូមបញ្ជាក់​ផងដែរ​ថា ជនរងគ្រោះ ឈ្មោះ​ធា ពុំមាន​សាច់ញាតិ បងប្អូន នោះទេ ក្រោយពី​គាស់​សាកសព លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បានអោយ​តាអាចារ្យ និង​ប្រជាពលរដ្ឋ រួមគ្នា យក​សាកសព​បូជា ដោយ​លោក​ជា​អ្នក​ចេញថ្លៃ​បូជាសព និង​ឲ្យ​ជំនាញ​ស្រាវជ្រាវ​រក​បងប្អូន​មក​ទទួលយក​ឆ្អឹង​សាកសព​ជនរងគ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu